ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អត្ថបទទី ៣៨៖ Fake Parcel Scam ល្បិចកាដូរជាប់គយ ដែលបោកយកលុយជាបន្តបន្ទាប់

រយៈពេលអាន៖ ២ នាទី
កម្រិតយល់ដឹង៖ មូលដ្ឋានគ្រឹះ

មានមិត្តភក្តិបរទេសផ្ញើកាដូរមកឱ្យ តែត្រូវបង់ថ្លៃគយជាមុន? សូមប្រយ័ត្ន! វាអាចជាល្បិចឆបោកកញ្ចប់អីវ៉ាន់ក្លែងក្លាយ។

នៅអត្ថបទមុន យើងបាននិយាយពីការក្លែងបន្លំសំឡេងដោយ AI (AI Voice Cloning) ដែលជនខិលខូចអាចប្រើសំឡេងក្លែងក្លាយ ដើម្បីបោកឱ្យគ្រួសារវេរលុយបន្ទាន់។

អត្ថបទនេះ យើងនឹងបន្តមកស្គាល់ល្បិចឆបោកមួយទៀត ដែលកើតឡើងជាញឹកញាប់តាម Facebook, Telegram ឬ WhatsApp នោះគឺ ការឆបោកកញ្ចប់អីវ៉ាន់ពីក្រៅប្រទេស (Fake Parcel Scams)

ល្បិចនេះច្រើនចាប់ផ្តើមពីមនុស្សម្នាក់ដែលអ្នកស្គាល់តាមអនឡាញ។ គេធ្វើដូចជាមានចិត្តល្អ ចង់ផ្ញើកាដូរ លុយ ទូរស័ព្ទ ឬរបស់មានតម្លៃមកឱ្យអ្នក។ ប៉ុន្តែក្រោយមក អ្នកនឹងត្រូវបានទាមទារឱ្យបង់ថ្លៃគយ ថ្លៃពន្ធ ឬថ្លៃដោះស្រាយឯកសារជាមុនសិន។

និយាយឱ្យងាយយល់៖ កាដូរដែលអ្នកមិនធ្លាប់សុំ ប៉ុន្តែត្រូវបង់លុយមុន ដើម្បីទទួលបាន វាអាចមិនមែនជាកាដូរទេ តែជាអន្ទាក់។

១. ហានិភ័យ៖ សេណារីយ៉ូ “កាដូរជាប់គយ”

ល្បិចនេះភាគច្រើនមានការរៀបចំជាជំហានៗ។ ដំបូង ជនខិលខូចអាចប្រើគណនី Facebook ក្លែងក្លាយ ដាក់រូបជាជនជាតិបរទេស ដូចជា ទាហាន វេជ្ជបណ្ឌិត វិស្វករ អ្នកជំនួញ ឬមនុស្សដែលមើលទៅមានជីវិតល្អ។ ពួកគេឆាតមកសាងទំនាក់ទំនង សួរសុខទុក្ខ និងធ្វើដូចជាចង់ជួយ ឬចង់ផ្ញើកាដូមកឱ្យ។

បន្ទាប់មក គេប្រាប់ថាចង់ផ្ញើ “កាដូរពិសេស” មកឱ្យអ្នក ដូចជា កាបូបម៉ាកល្បី ទូរស័ព្ទ iPhone គ្រឿងអលង្ការ ឬលុយសុទ្ធដែលដាក់ក្នុងប្រអប់។ ដើម្បីធ្វើឱ្យអ្នកជឿ គេអាចផ្ញើរូបប្រអប់កាដូ វិក្កយបត្របញ្ញើ ឬឯកសារដឹកជញ្ជូនក្លែងក្លាយមកឱ្យមើល។

ពីរបីថ្ងៃក្រោយមក នឹងមានមនុស្សម្នាក់ទូរស័ព្ទ ឬឆាតមកអ្នក ដោយអះអាងថាជា បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ឬ មន្ត្រីគយ។ គេនឹងប្រាប់ថា កញ្ចប់អីវ៉ាន់មកដល់ហើយ ប៉ុន្តែត្រូវបង់ថ្លៃគយ ថ្លៃពន្ធ ឬថ្លៃឯកសារជាមុនសិន ទើបអាចយកអីវ៉ាន់ចេញបាន។

ចំណុចគ្រោះថ្នាក់គឺ បើអ្នកវេរលុយលើកទីមួយ ពួកគេអាចបន្តរកលេសសុំបន្ថែមទៀត ដូចជា៖

  • អីវ៉ាន់មានលុយសុទ្ធ ត្រូវបង់ថ្លៃពិន័យ
  • ត្រូវបង់ថ្លៃធានា
  • ត្រូវបង់ថ្លៃដោះស្រាយឯកសារ
  • ត្រូវបង់ថ្លៃបើកប្រអប់
  • ត្រូវបង់ថ្លៃដឹកជញ្ជូនចុងក្រោយ

ចុងក្រោយ អ្នកអាចបាត់លុយជាបន្តបន្ទាប់ ហើយកញ្ចប់អីវ៉ាន់នោះមិនដែលមកដល់ឡើយ។ ការពិតគឺ៖ គ្មានកញ្ចប់អីវ៉ាន់ពិតប្រាកដទេ។

២. ដំណោះស្រាយ៖ កាដូរពិត មិនបង្ខំឱ្យអ្នកវេរលុយទៅគណនីបុគ្គល

សូមចាំថា គ្មានជនចម្លែកណាដែលទើបស្គាល់គ្នាតាមអនឡាញ សុខចិត្តផ្ញើលុយ ឬកាដូរមានតម្លៃរាប់ពាន់ដុល្លារមកឱ្យអ្នកដោយងាយៗនោះទេ។ បើរឿងមួយស្តាប់ទៅល្អពេក វាអាចជាល្បិចបោកប្រាស់។

ស្ថាប័នគយ ឬក្រុមហ៊ុនដឹកជញ្ជូនស្របច្បាប់ មិនទាមទារឱ្យអ្នកវេរលុយថ្លៃពន្ធ ឬថ្លៃគយចូលទៅក្នុង គណនីធនាគារផ្ទាល់ខ្លួន (Personal Account) របស់បុគ្គលណាម្នាក់តាម Telegram ឬ WhatsApp នោះឡើយ។ រាល់ការបង់ប្រាក់ផ្លូវការ ត្រូវមានប្រព័ន្ធ និងបង្កាន់ដៃច្បាស់លាស់។

បើមាននរណាម្នាក់ប្រាប់ថា អ្នកត្រូវបង់លុយមុន ដើម្បីទទួលបានកាដូរ សូមចាត់ទុកថា វាជាសញ្ញាគ្រោះថ្នាក់។ កុំវេរលុយ កុំផ្ញើព័ត៌មានផ្ទាល់ខ្លួន និងកុំផ្ញើអត្តសញ្ញាណប័ណ្ណឱ្យពួកគេ។

ច្បាប់ងាយចាំ៖ កាដូរពិត មិនគួរចាប់ផ្តើមដោយការឱ្យអ្នកបង់លុយមុនទេ។

សកម្មភាពប្រចាំអត្ថបទ

ថ្ងៃនេះ សូមចងចាំសេណារីយ៉ូនេះ៖ បើមានសាច់ញាតិ មិត្តភក្តិ ឬអ្នកភូមិប្រាប់ថា មានមិត្តភក្តិបរទេសផ្ញើអីវ៉ាន់មកឱ្យ ប៉ុន្តែត្រូវវេរលុយថ្លៃគយជាមុន សូមជួយឃាត់គាត់ភ្លាមៗ។

សូមពន្យល់គាត់ថា ល្បិចនេះច្រើនប្រើគណនីបរទេសក្លែងក្លាយ កាដូរក្លែងក្លាយ វិក្កយបត្រក្លែងក្លាយ និងបុគ្គលិកដឹកជញ្ជូនក្លែងក្លាយ ដើម្បីបោកយកលុយជាបន្តបន្ទាប់។

បើអ្នកបានទទួលសារបែបនេះ សូមរក្សាទុកភស្តុតាង ដូចជា Screenshot, Link គណនី, លេខទូរស័ព្ទ, លេខគណនីធនាគារ និងសារឆាត។ បន្ទាប់មក សូម Block និង Report គណនីនោះ ដើម្បីកាត់បន្ថយការបោកប្រាស់លើអ្នកដទៃ។

សំណួរប្រចាំអត្ថបទ

តើអ្នកធ្លាប់ឃើញ ឬឮរឿងមនុស្សម្នាក់ត្រូវគេប្រាប់ថា មានកាដូរពីក្រៅប្រទេស ប៉ុន្តែត្រូវបង់ថ្លៃគយជាមុនដែរឬទេ?

បើធ្លាប់ សូមកុំមើលរំលង។ ចាប់ពីពេលនេះទៅ សូមចាំថា៖ កាដូរដែលទាមទារឱ្យបង់លុយមុន អាចជាអន្ទាក់ Fake Parcel Scam។

នៅអត្ថបទបន្ទាប់ យើងនឹងបន្តទៅប្រធានបទ ការឆបោកតាមរយៈ Link បញ្ចុះតម្លៃក្លែងក្លាយ (Fake Promotions & Coupons)។ តើការផ្តល់ជូនតម្លៃពិសេស អាចក្លាយជានុយឱ្យអ្នកចុច Link ក្លែងក្លាយបានយ៉ាងដូចម្តេច?

Show More
Apsara Media Services (AMS)

Related Articles

Back to top button