ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អត្ថបទទី ៣៧៖ សំឡេងកូនខលមកសុំលុយបន្ទាន់? កុំជឿភ្លាម! វាអាចជាសំឡេង AI

រយៈពេលអាន៖ ២ នាទី
កម្រិតយល់ដឹង៖ មធ្យម

សំឡេងកូន សំឡេងម្តាយ ឬសំឡេងមិត្តភក្តិដែលអ្នកស្គាល់ អាចលែងជាការធានាថា “វាជាមនុស្សពិត” ទៀតហើយ។

នៅអត្ថបទមុន យើងបាននិយាយពីការឆបោកតាមទូរស័ព្ទ Vishing (Voice Phishing) ដែលជនខិលខូចបន្លំខ្លួនជាបុគ្គលិកធនាគារ ឬមន្ត្រីប៉ូលិស ដើម្បីធ្វើឱ្យជនរងគ្រោះភ័យ ហើយវេរលុយ ឬផ្ញើព័ត៌មានសម្ងាត់។

អត្ថបទនេះ យើងនឹងបន្តទៅល្បិចថ្មីដែលគួរឱ្យព្រួយបារម្ភជាងមុន គឺ ការក្លែងបន្លំសំឡេងដោយ AI (AI Voice Cloning)។ ល្បិចនេះប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ដើម្បីចម្លងសំឡេងមនុស្សដែលអ្នកស្គាល់ ហើយយកសំឡេងនោះមកប្រើក្នុងការឆបោក។

និយាយឱ្យងាយយល់៖ មុននេះ ចោរអាចបន្លំជាមនុស្សមិនស្គាល់។ ប៉ុន្តែឥឡូវនេះ ពួកគេអាចធ្វើឱ្យសំឡេងខ្លួនឯងស្តាប់ទៅដូចមនុស្សដែលអ្នកស្រលាញ់។

១. ហានិភ័យ៖ សំឡេងដែលស្តាប់ទៅដូចពិត អាចជាសំឡេង AI

ស្រមៃថាអ្នកទទួលបានការហៅទូរស័ព្ទពីកូន ក្មួយ បងប្អូន ឬមិត្តភក្តិជិតស្និទ្ធ។ សំឡេងស្តាប់ទៅដូចគ្នាខ្លាំង ហើយគេនិយាយដោយភាពភ័យស្លន់ស្លោថា៖

“ម៉ាក់! កូនមានគ្រោះថ្នាក់ចរាចរណ៍…”
“ខ្ញុំត្រូវប៉ូលិសឃាត់ខ្លួន ត្រូវការលុយបន្ទាន់…”
“សូមកុំប្រាប់អ្នកណា ជួយវេរលុយឱ្យខ្ញុំឥឡូវនេះសិន…”

នៅពេលយើងឮសំឡេងមនុស្សជាទីស្រលាញ់កំពុងយំ ឬសុំជំនួយបន្ទាន់ ខួរក្បាលយើងអាចភ័យភ្លាមៗ ហើយភ្លេចសួររកការផ្ទៀងផ្ទាត់។ នេះហើយជាចំណុចដែលជនខិលខូចចង់បាន។

តើពួកគេអាចចម្លងសំឡេងដោយរបៀបណា? ជនខិលខូចអាចយកវីដេអូ ឬសំឡេងខ្លីៗដែលធ្លាប់បង្ហោះជាសាធារណៈនៅលើ Facebook, TikTok, YouTube ឬបណ្តាញសង្គមផ្សេងៗ។ បន្ទាប់មក ពួកគេប្រើកម្មវិធី AI ដើម្បីបង្កើតសំឡេងក្លែងក្លាយដែលស្តាប់ទៅស្រដៀងនឹងម្ចាស់សំឡេងពិត។

ចំណុចគ្រោះថ្នាក់គឺ សំឡេងនោះអាចត្រូវបានប្រើក្នុងការហៅទូរស័ព្ទសុំលុយបន្ទាន់ ដោយបន្ថែមសាច់រឿងបំភ័យ ដូចជា គ្រោះថ្នាក់ចរាចរណ៍ បញ្ហាច្បាប់ ការចាប់ខ្លួន ឬបញ្ហាធនាគារ។

សូមចាំថា៖ សំឡេងដូច មិនមានន័យថាមនុស្សនោះពិតជាកំពុងនិយាយនោះទេ។

២. ដំណោះស្រាយ៖ ប្រើ “ពាក្យសម្ងាត់គ្រួសារ” និងផ្ទៀងផ្ទាត់ដោយខ្លួនឯង

វិធីការពារខ្លួនពី AI Voice Cloning Scam គឺត្រូវមានវិធីផ្ទៀងផ្ទាត់ដែលមិនពឹងផ្អែកលើសំឡេងតែមួយមុខ។

ចំណុចសំខាន់បំផុតគឺបង្កើត ពាក្យសម្ងាត់គ្រួសារ (Family Safe Word)។ វាអាចជាពាក្យ ឬសំណួរមួយដែលដឹងតែសមាជិកគ្រួសារ ឧទាហរណ៍៖

  • ឈ្មោះសត្វចិញ្ចឹមចាស់
  • ពាក្យកំប្លែងក្នុងគ្រួសារ
  • កន្លែងដែលគ្រួសារធ្លាប់ទៅលេង
  • ពាក្យសម្ងាត់ខ្លីៗដែលងាយចាំ តែមនុស្សក្រៅមិនដឹង

បើមានអ្នកខលមកសុំលុយបន្ទាន់ ទោះបីសំឡេងស្តាប់ទៅដូចកូន ឬសាច់ញាតិរបស់អ្នកក៏ដោយ សូមសួរពាក្យសម្ងាត់នេះជាមុនសិន។ បើគេឆ្លើយមិនត្រូវ ឬគេចាប់ផ្តើមខឹង បង្ខំឱ្យប្រញាប់ ឬប្រាប់ថា “កុំសួរច្រើន” នោះគឺជាសញ្ញាគ្រោះថ្នាក់។

បន្ថែមពីនេះ សូមផ្តាច់ទូរស័ព្ទ ហើយខលទៅលេខពិតរបស់មនុស្សនោះវិញដោយខ្លួនឯង។ កុំខលតាមលេខដែលជនខិលខូចផ្តល់ឱ្យ។ ប្រសិនបើខលមិនចូល សូមទាក់ទងទៅមនុស្សនៅក្បែរគាត់ ដូចជា មិត្តភក្តិ សមាជិកគ្រួសារ ឬអ្នករួមការងារ ដើម្បីបញ្ជាក់ការពិត។

ច្បាប់ងាយចាំ៖ បើសំឡេងសុំលុយបន្ទាន់ សូមកុំវេរភ្លាម។ សួរពាក្យសម្ងាត់ ផ្តាច់ទូរស័ព្ទ ហើយផ្ទៀងផ្ទាត់ម្តងទៀត។

សកម្មភាពប្រចាំអត្ថបទ

ថ្ងៃនេះ សូមនិយាយជាមួយគ្រួសារ ឬមិត្តជិតស្និទ្ធអំពីល្បិច AI Voice Cloning។ ជាពិសេស សូមប្រាប់មនុស្សចាស់ក្នុងផ្ទះឱ្យដឹងថា សំឡេងដែលស្តាប់ទៅដូចកូន ឬចៅ មិនមានន័យថាជាការហៅពិតជានិច្ចនោះទេ។

បន្ទាប់មក សូមឯកភាពគ្នាបង្កើត ពាក្យសម្ងាត់គ្រួសារ (Family Safe Word) មួយ ហើយប្រាប់គ្នាថា បើមានការហៅសុំលុយបន្ទាន់ ត្រូវសួរពាក្យសម្ងាត់នេះជាមុនសិន។

កុំបង្ហោះវីដេអូ ឬសំឡេងផ្ទាល់ខ្លួនច្រើនពេកជាសាធារណៈ ពិសេសវីដេអូដែលមានសំឡេងច្បាស់ៗ ព្រោះវាអាចត្រូវបានយកទៅប្រើសម្រាប់បង្កើតសំឡេងក្លែងក្លាយដោយ AI។

សំណួរប្រចាំអត្ថបទ

តើអ្នកធ្លាប់គិតទេថា សំឡេងមនុស្សដែលអ្នកស្គាល់ អាចត្រូវបានចម្លងដោយ AI ហើយយកទៅប្រើក្នុងការឆបោក?

ចាប់ពីពេលនេះទៅ សូមចងចាំថា៖ ពេលមានការហៅសុំលុយបន្ទាន់ កុំជឿតែសំឡេង។ ត្រូវផ្ទៀងផ្ទាត់ដោយវិធីផ្សេងទៀតជានិច្ច។

នៅអត្ថបទបន្ទាប់ យើងនឹងបន្តទៅប្រធានបទ ការឆបោកតាមសារ SMS (Smishing)។ តើសារ SMS ខ្លីមួយអាចនាំឱ្យអ្នកចុច Link ក្លែងក្លាយ និងបាត់បង់ព័ត៌មានសំខាន់ៗបានយ៉ាងដូចម្តេច?

Show More
Apsara Media Services (AMS)

Related Articles

Back to top button