ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អត្ថបទទី ៤៧៖ សមាជិក Group ត្រូវប្រយ័ត្នល្បិច Clone and DM

រយៈពេលអាន៖ ២ នាទី
កម្រិតយល់ដឹង៖ មធ្យម

គណនីមានរូបថតដូច Admin ឆាតមកសុំលុយ? សូមកុំជឿភ្លាម។ រូបថត និងឈ្មោះអាចត្រូវចម្លងបាន។

នៅអត្ថបទមុន យើងបាននិយាយពីល្បិច “សុំឱ្យជួយចុច Vote” (Help Me Vote Scam) ដែលជនខិលខូចប្រើគណនីមិត្តភក្តិដែលត្រូវបានហេគ ដើម្បីបោកសុំ OTP និងលួចយកគណនីរបស់អ្នក។

អត្ថបទនេះ យើងនឹងបន្តមកស្គាល់ល្បិចមួយទៀត ដែលកើតឡើងញឹកញាប់ក្នុង Group Chat ដូចជា Telegram, Facebook Group ឬក្រុមសហគមន៍ផ្សេងៗ។ ល្បិចនេះហៅថា ការបន្លំជាអ្នកគ្រប់គ្រងក្រុម (Admin Impersonation)

និយាយឱ្យងាយយល់៖ ចោរចម្លងរូបថត និងឈ្មោះរបស់ Admin ពិត បង្កើតគណនីក្លែងក្លាយ ហើយឆាតផ្ទាល់ទៅសមាជិកក្រុម ដើម្បីសុំលុយ ឬបញ្ឆោតឱ្យចុច Link។

១. ហានិភ័យ៖ Clone and DM បន្លំជាមេក្រុម

ជនខិលខូចអាចលួចចូលក្នុងក្រុមសាធារណៈ ឬក្រុមដែលមានសមាជិកច្រើន ដើម្បីសង្កេតមើលថា នរណាជា Admin ឬមនុស្សដែលសមាជិកទុកចិត្ត។ បន្ទាប់មក ពួកគេអាចទាញយករូបថត និងចម្លងឈ្មោះ Display Name របស់ Admin នោះ ដើម្បីបង្កើតគណនីថ្មីមួយដែលមើលទៅស្រដៀងគ្នាខ្លាំង។

ក្រោយពីបង្កើតគណនីក្លែងក្លាយរួច ពួកគេនឹងឆាតផ្ទាល់ទៅសមាជិកក្នុងក្រុមម្តងម្នាក់ៗ។ សារបោកប្រាស់អាចមានទម្រង់ដូចជា៖

“សួស្តីបង ខ្ញុំជា Admin ក្រុម។ ឥឡូវក្រុមត្រូវការបង់វិភាគទានប្រចាំឆ្នាំ ២០ ដុល្លារ”
“មានគម្រោងពិសេសសម្រាប់តែសមាជិកក្រុមយើងប៉ុណ្ណោះ”
“សូមវេរលុយចូលគណនីនេះ ដើម្បីបញ្ជាក់សមាជិកភាព”
“ចុច Link នេះ ដើម្បីបន្តនៅក្នុងក្រុម បើមិនដូច្នេះទេគណនីនឹងត្រូវដកចេញ”

ចំណុចគ្រោះថ្នាក់គឺ សមាជិកមួយចំនួនអាចឃើញរូបថត និងឈ្មោះដូច Admin ពិត ហើយជឿភ្លាមៗ។ ជាពិសេស នៅក្នុងក្រុមសហគមន៍ ក្រុមការងារ ក្រុមសាលា ឬក្រុមមន្ត្រីមូលដ្ឋាន ដែលមនុស្សមានទម្លាប់គោរពអ្នកគ្រប់គ្រងក្រុម។

ល្បិចនេះមិនត្រឹមតែបោកឱ្យវេរលុយទេ។ ពេលខ្លះ វាអាចបោកឱ្យអ្នកចុច Link ក្លែងក្លាយ ផ្ញើ OTP បញ្ជាក់សមាជិកភាព ឬបញ្ចូលព័ត៌មានផ្ទាល់ខ្លួនទៅក្នុង Form ក្លែងក្លាយផងដែរ។

ចំណុចសំខាន់៖ រូបថត Profile និងឈ្មោះ Display Name មិនអាចបញ្ជាក់ថាគណនីនោះជាមនុស្សពិតបានទេ។

២. ដំណោះស្រាយ៖ មើល Admin ពិតក្នុងក្រុម និងផ្ទៀងផ្ទាត់ Username

បើមាននរណាម្នាក់ឆាតមកអ្នក ហើយអះអាងថាជា Admin ឬមេក្រុម សូមកុំជឿតាមរូបថតតែមួយមុខ។ សូមចូលទៅក្នុង Group ដើមវិញ ហើយពិនិត្យមើលបញ្ជីសមាជិក ឬសារចាស់ៗដែល Admin ពិតធ្លាប់បង្ហោះ។

Admin ពិតនៅក្នុង Telegram Group ភាគច្រើននឹងមានសញ្ញា admin ឬ owner នៅក្បែរឈ្មោះ។ បើគណនីដែលឆាតមកអ្នកមិនមានសញ្ញានោះនៅក្នុង Group ឬមិនមែនជាគណនីដដែលដែលធ្លាប់បង្ហោះក្នុងក្រុម នោះវាគួរឱ្យសង្ស័យ។

សូមចុចមើល Profile និងផ្ទៀងផ្ទាត់ Username (@) ឱ្យច្បាស់។ គណនីក្លែងក្លាយអាចចម្លងរូបថត និងឈ្មោះបាន ប៉ុន្តែមិនអាចប្រើ Username ដូចគណនីពិត ១០០% បានឡើយ។

បើសារនោះពាក់ព័ន្ធនឹងការវេរលុយ បង់វិភាគទាន ចុច Link បញ្ជាក់សមាជិកភាព ឬផ្ញើព័ត៌មានផ្ទាល់ខ្លួន សូមសួរបញ្ជាក់នៅក្នុង Group សាធារណៈ ឬទាក់ទង Admin ពិតតាមលេខដែលធ្លាប់ប្រើជាមុនសិន។

ច្បាប់ងាយចាំ៖ Admin ពិតប្រកាសរឿងសំខាន់ក្នុង Group មិនមែនលួចឆាតមកទារលុយសមាជិកម្តងម្នាក់ៗទេ។

សកម្មភាពប្រចាំអត្ថបទ

ថ្ងៃនេះ សូមពិនិត្យមើល Group សំខាន់ៗដែលអ្នកនៅក្នុងនោះ ដូចជា Group ការងារ Group សហគមន៍ Group សាលា ឬ Group ភូមិ/ឃុំ។

សូមស្វែងយល់ថា Admin ពិតជានរណា Username របស់គាត់គឺអ្វី ហើយតើសេចក្តីប្រកាសផ្លូវការរបស់ក្រុមតែងតែធ្វើតាមវិធីណា។ បើក្រុមមានសមាជិកច្រើន គួរមាន Post ឬ Pinned Message មួយបញ្ជាក់ថា Admin មិនទារលុយផ្ទាល់តាម DM និងមិនសុំ OTP ពីសមាជិកឡើយ។

បើអ្នកទទួលបានសារគួរឱ្យសង្ស័យពីគណនីដែលអះអាងថាជា Admin សូមកុំវេរលុយ កុំចុច Link និងកុំផ្ញើ OTP។ សូមថត Screenshot ហើយផ្ញើទៅ Admin ពិត ឬសួរបញ្ជាក់នៅក្នុង Group ដើម្បីជួយការពារសមាជិកផ្សេងទៀត។

សំណួរប្រចាំអត្ថបទ

តើអ្នកធ្លាប់មានគណនីដែលមានរូបថតដូច Admin ឬមេក្រុម ឆាតមកសុំលុយ ចុច Link ឬផ្ញើព័ត៌មានផ្ទាល់ខ្លួនដែរឬទេ?

បើធ្លាប់ សូមចងចាំថា៖ មុនជឿគណនីដែលឆាតមក ត្រូវឆែកក្នុង Group ដើម ស្វែងរកសញ្ញា Admin និងផ្ទៀងផ្ទាត់ Username ជាមុនសិន។

Show More
Apsara Media Services (AMS)

Related Articles

Back to top button