យុគ្គសម័យបច្ចុប្បន្នគឺជាយុគ្គសម័យឌីជីថល ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវទិសដៅដើម្បីនាំព្រះរាជាណាចក្រកម្ពុជាទៅកាន់សេដ្ឋកិច្ចឌីជីថលផងដែរ។ ហេតុដូច្នេះហើយ ទិន្នន័យ (data) គឺមានសារៈសំខាន់ណាស់ អ្នកដែលមានទិន្នន័យនៅក្នុងដៃ អ្នកនោះប្រាកដជាអ្នកឈ្នៈជាមិនខាន។ អ្នកធ្វើធុរៈកិច្ចទាំងតូចនិងធំ ត្រូវតែរៀបចំនូវយន្តការការពារទិន្នន័យឌីជីថលរបស់ខ្លួនឱ្យបានល្អ – នេះបើតាមការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ អ្នកជំនាញសន្តិសុខសាយប័រ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នអ្នកប្រើប្រាស់កុំព្យូទ័រ ឬកម្មវិធីផ្សេងៗមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានចំនួនតិចតួចនៅឡើយ។ស្ថានភាពបែបនេះ គឺវាបង្កើតឱ្យមាននូវហានិភ័យខ្ពស់បំផុតសម្រាប់អាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិេសសវានឹងអាចប៉ៈពាល់ទៅដល់ទិន្នន័យសំខាន់ៗដែលមាននៅក្នុងកុំព្យូទ័រ ឬបណ្តាញរបស់អ្នក។
បើតាមការធ្វើបទបង្ហាញពី លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិ Elitect Distributor បានឱ្យដឹងថា តួលេខជាក់ស្ដែងនៃមេរោគកុំព្យូទ័រដែលបច្ចុប្បន្នចរាចរណ៍ពាសពេញប្រព័ន្ធបណ្ដាញនានា មានចំនួន ៥.៤ប៊ីលានករណីទូទាំងពិភពលោក ដែលក្នុងនោះការគំរាមកំហែងជាមេរោគប្រភេទ RANSOMEWARE មានចំនួនដល់ទៅ ៦៨.៥% ឯណោះ។
ផ្នែកមួយដែលអាចបណ្តាលឱ្យមានការវាយលុកចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ដោយជោគជ័យនោះ គឺមានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ចំពោះការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ឬ Software មិនមានអាជ្ញាប័ណ្ណ (Licence) ដូចដែលលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានលើកពីខាងលើ។
លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិ Elitect Distributor ដែលនាំកម្មវិធី ESET អះអាងថា ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ គឺជួយការពារទិន្នន័យ ក៏ដូចជាឯកសារសំខាន់ៗដែលមាននៅក្នុងកុំព្យូទ័រពីពពួកមេរោគ។
ទី២ ជួយការពារកុំព្យូទ័រពីការជាប់គាំងដោយសារមេរោគ។ ទី៣ ជួយឲ្យមានសុវត្ថិភាពលើការទូទាត់តាមរយៈធនាគារ ដែលជាហានិភ័យធំមួយនាពេលបច្ចុប្បន្ន។ និងទី៤ រារាំងសារ និងផ្ទាំងពាណិជ្ជកម្មឥតប្រយោជន៍ដែលបង្កឡើងដោយមេរោគ ហើយនេះជាច្រកមួយសម្រាប់ក្រុម Hacker បញ្ចូលមេរោគចូលទៅក្នុងកុំព្យូទ័ររបស់យើង។
ESET គឺជាបច្ចេកវិទ្យារបស់ប្រទេសស៊ូវ៉ាគី វាប្រភេទកម្មវិធីកម្ចាត់លេខ១នៅអឺរ៉ុប បច្ចុប្បន្ន បាន និងកំពុងចរាចរណ៍នៅក្នុងប្រទេសចំនួន ២០២ បូករួមនឹងកម្ពុជាផង៕