អត្ថបទទី ៦៤៖ កុំទុកចិត្ត VPN ពេក ប្រយ័ត្នអស់ទាំងលុយ អស់ទាំងទិន្នន័យ!

កាលពីអត្ថបទមុន យើងបានដឹងហើយថា ការធ្វើការពីផ្ទះដោយមិនប្រយ័ត្ន អាចធ្វើឱ្យបែកធ្លាយឯកសារក្រុមហ៊ុន។ មនុស្សជាច្រើនគិតថា ឱ្យតែបើកប្រើ VPN លើទូរស័ព្ទឬកុំព្យូទ័រ គឺមានសុវត្ថិភាព ១០០% គ្មានអ្នកណាធ្វើអីបានទេ។
តែការពិតមិនដូច្នោះទេ! បើអ្នកចេះតែដោនឡូត App VPN ផ្តេសផ្តាសមកប្រើ វាប្រៀបដូចជារត់គេចពីចោរខាងក្រៅ តែបែរជាបើកទ្វារផ្ទះឱ្យចោរមួយទៀតចូលមកលួចទិន្នន័យដល់ក្នុងបន្ទប់ទៅវិញ។
១. គ្រោះថ្នាក់នៃកម្មវិធី VPN ឥតគិតថ្លៃ (Free VPN)
ធ្លាប់ឆ្ងល់ទេថា គេបង្កើត App ឱ្យយើងប្រើហ្វ្រីៗ តើគេបានចំណេញអ្វីមកវិញ?
ទិន្នន័យរបស់អ្នក គឺជាទំនិញរបស់គេ៖ ក្រុមហ៊ុន VPN ហ្វ្រីមួយចំនួន រកលុយដោយការលួចមើលរាល់សកម្មភាពរបស់អ្នក ថាតើអ្នកចូលមើលវេបសាយណាខ្លះ ឆាតជាមួយអ្នកណា ឬស្វែងរកអ្វីខ្លះ រួចគេយកព័ត៌មានទាំងនោះទៅលក់បន្តឱ្យក្រុមហ៊ុនពាណិជ្ជកម្ម ឬជនខិលខូច។
បង្កប់មេរោគលួចព័ត៌មាន៖ App VPN ហ្វ្រីខ្លះមានបង្កប់មេរោគ។ ពេលអ្នកដំឡើងវាលើទូរស័ព្ទ វានឹងលួចមើលលេខកូដសម្ងាត់ សារ SMS ឬលួចស្តាប់ការនិយាយទូរស័ព្ទរបស់អ្នកដោយមិនដឹងខ្លួន។
២. ពេលណាដែលមិនគួរប្រើ VPN ដាច់ខាត?
ពេលវេលុយតាម App ធនាគារ (ABA, ACLEDA, Wing…)៖ App ធនាគារមានសុវត្ថិភាពខ្ពស់ខ្លាំងណាស់រួចទៅហើយ មិនបាច់បើក VPN ទេ។ បើអ្នកបើក VPN ពេលផ្ទេរប្រាក់ ធនាគារអាចគិតថាមានគេលួចចូលគណនីរបស់អ្នកពីក្រៅប្រទេស ហើយគេអាចនឹងចាក់សោ (Block) គណនីរបស់អ្នកមិនឱ្យប្រើបណ្តោះអាសន្ន។
គិតថាបើក VPN ហើយ ចង់ចុចលីងអីក៏បាន៖ VPN គ្រាន់តែជួយបិទបាំងផ្លូវដើរអ៊ីនធឺណិតប៉ុណ្ណោះ។ បើអ្នកឃើញគេផ្ញើលីងប្លែកៗមក ហើយអ្នកនៅតែចុចចូល ឬទៅដោនឡូតហ្គេម/កម្មវិធី Crack ផ្តេសផ្តាស នោះមេរោគនៅតែឆ្លងចូលទូរស័ព្ទដដែល។
៣. ពេលណាដែលគួរប្រើ VPN?
ពេលភ្ជាប់ Wi-Fi ហ្វ្រីនៅខាងក្រៅ៖ ពេលទៅអង្គុយតាមហាងកាហ្វេ ព្រលានយន្តហោះ ឬសណ្ឋាគារ ហើយភ្ជាប់ Wi-Fi គេ សូមបើក VPN ដែលទុកចិត្តបាន ដើម្បីកុំឱ្យគេលួចស្ទាក់ចាប់ Password ឬសារឆាតរបស់អ្នក។
ពេលធ្វើការងារឱ្យក្រុមហ៊ុន៖ ប្រើតែកម្មវិធី VPN ផ្លូវការដែលក្រុមហ៊ុន ឬខាង IT ប្រគល់ឱ្យប៉ុណ្ណោះ ដើម្បីសុវត្ថិភាពឯកសារការងារ។
គតិក្រើនរំលឹកងាយៗ
“របស់ឥតគិតថ្លៃលើអ៊ីនធឺណិត តែងតែមានតម្លៃលាក់កំបាំងជានិច្ច។”
គ្មានបច្ចេកវិទ្យាណាអាចការពារយើងបានទេ បើខ្លួនយើងផ្ទាល់នៅតែធ្វេសប្រហែស។ សុវត្ថិភាពពិតប្រាកដ ចាប់ផ្តើមចេញពីការមិនចេះតែជឿ និងមិនដោនឡូតរបស់ផ្តេសផ្តាស។
សកម្មភាពត្រូវធ្វើថ្ងៃនេះ (Action Item)
ចំណាយពេល ១ នាទីឆែកមើលទូរស័ព្ទដៃ៖មើលថាតើមាន App VPN ប្លែកៗដែលអ្នកធ្លាប់ដោនឡូតមកលេងដែរទេ? បើមាន សូម លុបវាចេញ (Uninstall) ភ្លាមទៅ។ បើចាំបាច់ត្រូវប្រើលើ Wi-Fi ហាងកាហ្វេ ចូរជ្រើសរើសប្រើប្រាស់កម្មវិធីដែលមានឈ្មោះល្បី និងសុវត្ថិភាព (ដូចជា 1.1.1.1 របស់ Cloudflare) ជៀសវាង App គ្មានប្រភពច្បាស់លាស់។




