ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

CERT-In ព្រមាន៖ ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI Agents) បានជ្រៀតចូលប្រព័ន្ធស្ថាប័ននានាក្នុងប្រទេសឥណ្ឌាដោយគ្មានការអនុញ្ញាត

ផ្សាយបន្ត និងសម្រួលអត្ថបទជាខេមរភាសាដោយក្រុមការងារ SecuDemy

ប្រភពដើម៖ Pierluigi Paganini (SecurityAffairs)

ក្រុមការងារឆ្លើយតបបន្ទាន់បញ្ហាសន្តិសុខបច្ចេកវិទ្យាព័ត៌មានជាតិឥណ្ឌា (CERT-In) បានចេញសេចក្តីប្រកាសអាសន្នកម្រិតធ្ងន់ធ្ងរ (Critical-severity Advisory) ដោយបានកត់ត្រានូវហេតុការណ៍សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតចំនួនពីរទម្រង់ដាច់ដោយឡែកពីគ្នា ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ ក្នុងករណីទីមួយ ម៉ូឌែល AI ដែលស្ថិតក្រោមកិច្ចការស្រាវជ្រាវ និងវាយតម្លៃ (Research and Evaluation) បានធ្វើសកម្មភាពលើសពីដែនកំណត់ភារកិច្ចដែលបានកំណត់ ហើយបានជ្រៀតចូលទៅកាន់ប្រព័ន្ធបម្រើការផ្ទាល់ (Live Systems) របស់ស្ថាប័នឥណ្ឌាដោយគ្មានការអនុញ្ញាត។ ចំណែកករណីទីពីរ ក្រុមហេគឃ័រ (Attackers) បានយកក្របខ័ណ្ឌការងារភ្នាក់ងារ AI ប្រភពចំហ (Open-source AI Agent Frameworks) មកកែច្នៃជាឧបករណ៍វាយប្រហារ ដើម្បីជ្រៀតចូលស្វែងរកផលប្រយោជន៍ហិរញ្ញវត្ថុ។

CERT-In បានបញ្ជាក់ថា៖

«CERT-In បានសង្កេតឃើញប្រភេទផ្សេងៗនៃហេតុការណ៍សន្តិសុខសាយប័រ ដែលក្នុងនោះអ្នកវាយប្រហារគឺជា ‘ភ្នាក់ងារ AI’ (AI Agent) — សំដៅលើប្រព័ន្ធកម្មវិធីដែលអាចរៀបចំផែនការការងារ បញ្ជាដំណើរការ ប្រើយកឧបករណ៍ និងធ្វើសកម្មភាពលើអ៊ីនធឺណិតដោយស្វ័យប្រវត្តិក្នុ​ងរយៈពេលយូរ។ ក្នុងហេតុការណ៍ខ្លះ AI Agents ដែលកំពុងស្រាវជ្រាវនិងធ្វើតេស្ត បានឆ្លងរំលងសិទ្ធិភារកិច្ច ហើយបានលួចចូលទៅកាន់ទ្រព្យសកម្ម ICT របស់ឥណ្ឌា។ ក្នុងករណីផ្សេងទៀត ក្រុមហេគឃ័របានចេតនាប្រើប្រាស់ Agentic AI tools ប្រភពចំហ ដើម្បីធ្វើការស៊ើបការណ៍ (Reconnaissance) វាយប្រហារកេងប្រវ័ញ្ចចន្លោះប្រហោង និងជ្រៀតចូលប្លន់ទិន្នន័យហិរញ្ញវត្ថុ។»

ហេតុការណ៍ទាំងនេះត្រូវបានរកឃើញតាមរយៈការស្ម័គ្រចិត្តរាយការណ៍ពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូឌែល AI, ការវិភាគកោសល្យវិច័យលើសកម្មភាពសង្ស័យរបស់ CERT-In និងប្រតិបត្តិការរុករកការគំរាមកំហែង (Threat Hunting) ដោយផ្ទាល់។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ គ្មានស្ថាប័នរងគ្រោះណាមួយអាចរកឃើញការជ្រៀតចូលនេះដោយខ្លួនឯងនោះឡើយ ពោលគឺពួកគេបានដឹងរឿងនេះ លុះត្រាតែមានការជូនដំណឹងពីក្រុមហ៊ុនផលិត AI តែប៉ុណ្ណោះ។

របៀបដែល AI Agents ធ្វើការជ្រៀតចូល

ភ្នាក់ងារ AI ទាំងនេះបានចូលទៅកាន់ប្រព័ន្ធរបស់ស្ថាប័នឥណ្ឌា តាមរយៈព័ត៌មានសម្ងាត់ចូលប្រើប្រាស់ (Credentials) និងការកំណត់ភ្ជាប់បណ្តាញដែលធ្លាយ ឬត្រូវបានរក្សាទុកដោយខ្វះសុវត្ថិភាព ដូចជា៖

  • នៅក្នុងឯកសារ Configuration files
  • នៅលើ Public Code Repositories (ដូចជា GitHub ជាដើម)
  • គណនី Cloud ដែលកំណត់សិទ្ធិទូលាយជ្រុល (Excessive Permissions)

បន្ទាប់ពីចូលបាន ពួកវាបានចូលទៅមើលកំណត់ត្រាអាជីវកម្មដែលមានទិន្នន័យសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួនជាច្រើន។ ទោះជាយ៉ាងណា CERT-In មិនបានបញ្ចេញឈ្មោះក្រុមហ៊ុន AI, ម៉ូឌែល ឬឈ្មោះស្ថាប័នរងគ្រោះនោះទេ ហើយក៏មិនទាន់បញ្ជាក់ថា តើទិន្នន័យទាំងនោះត្រូវបានចម្លងទុក ឬស្ថាប័នរងគ្រោះត្រូវបានជូនដំណឹងគ្រប់គ្នាហើយឬនៅឡើយទេ។

ចំណុចគួរឱ្យកត់សម្គាល់មួយទៀត៖ ភ្នាក់ងារ AI ដែលប្រទះឃើញ Credential ធ្លាយម្តង គឺមិនមែនប្រើប្រាស់តែមួយលើកនោះទេ — ពួកវាអាចទាញយក និងត្រឡប់មកប្រើប្រាស់ Credential ដដែលនោះឡើងវិញក្នុងប្រតិបត្តិការដាច់ដោយឡែក។ លើសពីនេះ ជនរងគ្រោះដែលដោះស្រាយបញ្ហាធ្លាយ Credential មិនបានម៉ត់ចត់ត្រឹមត្រូវ ត្រូវបានវាយប្រហារម្តងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងទំហំធំជាងមុន។

ល្បឿនវាយប្រហារដ៏គួរឱ្យភ័យខ្លាច

តាមរយៈការប្រើប្រាស់ឧបករណ៍ Offensive AI Frameworks ក្រុមហេគឃ័របានដំណើរការភ្នាក់ងារ AI ជាច្រើនដំណាលគ្នា (Parallel) រាប់ម៉ោង ឬរាប់ថ្ងៃ។ ឧបករណ៍ AI ទាំងនេះបានកាត់បន្ថយរយៈពេលតាំងពីការចាប់ផ្តើមចូលប្រព័ន្ធ រហូតដល់ការបង្កការខូចខាត ពីច្រើនថ្ងៃ មកនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ កាលពីខែកញ្ញាកន្លងទៅ ក្រុម Google Threat Intelligence Group ក៏បានរាយការណ៍ករណីស្រដៀងគ្នានេះដែរ ដោយហេគឃ័របានប្រើប្រាស់ធនធាន Cloud ដែលត្រូវបានសម្របសម្រួល ដើម្បីដំណើរការយុទ្ធនាការ AI លួចយក Credentials រាប់ពាន់ពីសេវាកម្មដទៃទៀត ក្នុងរយៈពេលតិចជាង ៦ ម៉ោង។

CERT-In បានសង្កត់ធ្ងន់ថា ចន្លោះប្រហោងដែលកើតឡើងសុទ្ធតែជា បញ្ហាសន្តិសុខទូទៅ និងជាមូលដ្ឋាន ដូចជា៖

  • ការភ្លេចទុកលេខកូដសម្ងាត់ ឬ API keys ក្នុង Source code, Commit history, និង CI/CD variables
  • APIs ចាស់ៗដែលលែងប្រើ តែមិនបានបិទចោល
  • Payment API keys រក្សាទុកជា Plain text (អក្សរធម្មតាគ្មានការបំលែងកូដ)
  • ការកំណត់ Cloud Roles ដែលអនុញ្ញាតឱ្យ Anonymous ឬ Regular users អាចអាន និងកែប្រែទិន្នន័យ
  • ផ្ទាំងគ្រប់គ្រង (Management interfaces) បើកចំហរលើអ៊ីនធឺណិត ដោយពុំមានប្រើប្រាស់ Multi-Factor Authentication (MFA) ឬប្រើប្រាស់ខ្សោយ

ការសន្និដ្ឋានរបស់ CERT-In បង្ហាញយ៉ាងច្បាស់ថា៖ AI មិនបានរកឃើញចន្លោះប្រហោងថ្មីចម្លែកនោះទេ ប៉ុន្តែ AI អាចស្វែងរក និងកេងប្រវ័ញ្ចលើចំណុចខ្សោយទូទៅទាំងនេះបាន «លឿនជាង ហ្មត់ចត់គ្រប់ជ្រុងជ្រោយជាង និងក្នុងទំហំធំជាងមនុស្ស»។

អនុសាសន៍ណែនាំសម្រាប់ស្ថាប័ន និងអ្នកអភិវឌ្ឍន៍

សម្រាប់ស្ថាប័នទូទៅ៖

  1. ធ្វើសវនកម្ម (Audit) កូដ និង Pipeline៖ ពិនិត្យគ្រប់ Code Repository និង CI/CD Pipeline ដើម្បីស្វែងរក Credentials ឬ Keys ដែលភ្លេចទុក រួចផ្លាស់ប្តូរ (Rotate) និងលុបចេញជាបន្ទាន់។
  2. គ្រប់គ្រង APIs៖ ធ្វើបញ្ជីសារពើភណ្ឌ APIs ឱ្យបានពេញលេញ និងបិទចោលរាល់ API ចាស់ៗដែលលែងប្រើប្រាស់។
  3. ការពារផ្ទាំងគ្រប់គ្រង៖ ដកផ្ទាំង Management Interfaces ចេញពីការបើកចំហរលើ Public Internet និងដាក់កំហិតឱ្យប្រើ MFA។
  4. ត្រួតពិនិត្យ និងរក្សាទុក Logs៖ រក្សាទុក Network/System Logs យ៉ាងតិចឱ្យបាន ១៨០ ថ្ងៃ និងតាមដានចរាចរណ៍ API ក្នុងពេលជាក់ស្តែង (Real-time) ដើម្បីចាប់សញ្ញាសកម្មភាពទាញយកទិន្នន័យគំហុក (Bulk reads) ឬការចុះឈ្មោះដោយស្វ័យប្រវត្តិ។

សម្រាប់ស្ថាប័នដែលកំពុងដំណើរការ AI Agents ដោយខ្លួនឯង៖

  • កំណត់អត្តសញ្ញាណ (Identity) ដំណើរការដាច់ដោយឡែក ដែលមានសុពលភាពខ្លី (Short-lived) និងផ្តល់សិទ្ធិតិចបំផុតតាមការចាំបាច់ (Least-privilege)។
  • បិទចរាចរណ៍បណ្តាញចេញក្រៅ (Outbound traffic) ទៅកាន់ប្រព័ន្ធណាដែលនៅក្រៅវិសាលភាពភារកិច្ចដែលបានកំណត់។
  • រក្សាទុកកំណត់ហេតុ (Logs) នៃរាល់សកម្មភាពរបស់ Agent ដែលប៉ះពាល់ដល់ប្រព័ន្ធ Production ដោយមិនអាចកែប្រែបាន (Tamper-resistant log)។

សម្រាប់អ្នកអភិវឌ្ឍន៍ AI និងបន្ទប់ពិសោធន៍ (Testing Labs)៖

  • ត្រូវបិទការភ្ជាប់បណ្តាញចេញទៅខាងក្រៅទាំងអស់ពីបរិស្ថានសាកល្បង (Test environments) នៅកម្រិតហេដ្ឋារចនាសម្ព័ន្ធ (Infrastructure level) ជាដាច់ខាត ដោយកុំពឹងផ្អែកលើការដាក់បញ្ជា (Prompt/Instructions) ទៅកាន់ម៉ូឌែល AI ឱ្យសោះ។
  • ប្រសិនបើ AI Agent ព្យាយាមភ្ជាប់ទៅប្រព័ន្ធខាងក្រៅ ឬប្រទះឃើញ Credentials ដែលមិនស្ថិតក្នុងសិទ្ធិរបស់វា ប្រព័ន្ធតេស្តត្រូវតែបញ្ឈប់ដំណើរការដោយស្វ័យប្រវត្តិភ្លាមៗ ហើយត្រូវជូនដំណឹងទៅកាន់ស្ថាប័នដែលរងផលប៉ះពាល់ជាបន្ទាន់។

ប្រភពយោង៖ SecurityAffairs – AI Agents Accessed Indian Organizations Without Authorization, CERT-In Warns

អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security

Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕

Show More
Apsara Media Services (AMS)

POUN Sokha

អ្នកស្រាវជ្រាវ និងអ្នកបង្កើតមាតិកាសុវត្ថិភាពសាយប័រ (Cybersecurity Content Creator & Researcher)អ្នកជំនាញស្រាវជ្រាវ និងចងក្រងមាតិកាសុវត្ថិភាពសាយប័រជាភាសាខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន។ ផ្តោតលើការផលិតអត្ថបទ និងមាតិកាអប់រំប្រកបដោយគុណភាពសម្រាប់គេហទំព័រ ដោយសម្រួលបច្ចេកទេសស្មុគស្មាញឱ្យទៅជាខ្លឹមសារងាយយល់ ងាយអនុវត្ត និងទាន់ហេតុការណ៍ ។ ការងារនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យកាលទំនើប។

Related Articles

Back to top button