ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អត្ថបទទី ២០៖ បើមិនប្រើ សូមលុបចោល មុនពេលវាក្លាយជាគ្រោះថ្នាក់

រយៈពេលអាន៖ ២ នាទី កម្រិតយល់ដឹង៖ មធ្យម

កាលពីអត្ថបទមុនយើងបានរៀនពីការពារគណនីសំខាន់ៗ ដូចជា លេខសម្ងាត់, 2FA, Backup Codes និងការឆែក Data Leaks។ ប៉ុន្តែមានរឿងមួយដែលមនុស្សជាច្រើនភ្លេចគិត គឺ គណនីចាស់ៗដែលលែងប្រើ

គណនីដែលអ្នកធ្លាប់បង្កើតកាលពី ៥ ឬ ១០ ឆ្នាំមុន អាចនៅតែផ្ទុកទិន្នន័យរបស់អ្នក ដូចជា អ៊ីមែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬលេខសម្ងាត់ចាស់ៗ។

I. ហានិភ័យ៖ គ្រោះថ្នាក់នៃ “គណនីខ្មោច (Zombie Accounts)”

តើអ្នកធ្លាប់បង្កើតគណនីនៅលើវេបសាយទិញទំនិញ វេបសាយមើលកុន វេបសាយស្វែងរកការងារ ឬកម្មវិធីណាត់ជួបផ្សេងៗកាលពីច្រើនឆ្នាំមុន ហើយក៏ឈប់លេងវាដែរឬទេ? គណនីទាំងនេះហើយដែលគេហៅថា “គណនីខ្មោច”។

ហេតុអ្វីវាជាបញ្ហា?

  • ប្រព័ន្ធការពារខ្សោយ៖ គណនីចាស់ៗទាំងនោះ ច្រើនតែប្រើលេខសម្ងាត់ចាស់ (ដែលងាយទាយ) ហើយមិនមានប្រព័ន្ធការពារ 2FA នោះទេ។
  • ឃ្លាំងផ្ទុកទិន្នន័យឯកជន៖ ទោះបីជាអ្នកឈប់លេងក៏ដោយ ក៏វានៅតែផ្ទុកឈ្មោះពិត ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងប្រវត្តិរបស់អ្នកដដែល។

ការពិតជាក់ស្តែង៖ នៅពេលវេបសាយចាស់ៗទាំងនោះត្រូវគេហេគទម្លាយបាន ហេគឃ័រនឹងប្រមូលយកទិន្នន័យរបស់អ្នក ទៅផ្គុំគ្នាដើម្បីបង្កើតជាទម្រង់អត្តសញ្ញាណពេញលេញមួយ សម្រាប់យកទៅឆបោកមនុស្សស្គាល់គ្នារបស់អ្នក ឬយកទៅក្លែងបន្លំធ្វើឯកសារផ្សេងៗ។

II. ដំណោះស្រាយ៖ បើមិនប្រើ សូមលុបចោល

គោលការណ៍សាមញ្ញគឺ៖
បើមិនប្រើទៀត សូមលុបវាចោល។ កុំគ្រាន់តែ Log out។

ការលុប App ចេញពីទូរស័ព្ទ មិនមានន័យថាគណនីត្រូវបានលុបនោះទេ។ គណនីរបស់អ្នកអាចនៅតែមាននៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន។

ដូច្នេះ អ្នកត្រូវចូលទៅក្នុងគណនីនោះ ហើយស្វែងរកពាក្យ Delete Account ឬ Close Account ដើម្បីលុបវាចេញឱ្យបានត្រឹមត្រូវ។

🏃‍♂️សកម្មភាពប្រចាំថ្ងៃ

ថ្ងៃនេះ សូមចំណាយពេលត្រឹម ៣ នាទី ដើម្បីចាប់ផ្តើមសម្អាតគណនីចាស់ៗ។

១. រកគណនីចាស់ៗ

បើក Gmail របស់អ្នក ហើយស្វែងរកពាក្យដូចជា៖

  • Welcome to
  • Verify your email
  • Account created

ពាក្យទាំងនេះអាចជួយឱ្យអ្នករកឃើញវេបសាយ ឬកម្មវិធីចាស់ៗដែលអ្នកធ្លាប់ចុះឈ្មោះ។

២. ជ្រើសគណនីដែលលែងប្រើ

ជ្រើសរើសគណនី ២ ឬ ៣ ដែលអ្នកដឹងច្បាស់ថា លែងត្រូវការទៀតហើយ។

៣. ចូលទៅលុបគណនី

ចូលទៅកាន់វេបសាយ ឬកម្មវិធីនោះ រួចចូល៖

Settings → Account → Delete Account ឬ Close Account

បន្ទាប់មកអនុវត្តតាមការណែនាំរបស់វេបសាយនោះ។

បើរកកន្លែងលុបមិនឃើញ អ្នកអាចសាកល្បងចូលមើល justdeleteme.xyz ដើម្បីរកការណែនាំសម្រាប់លុបគណនីពីវេបសាយផ្សេងៗ។

💬 សំណួរប្រចាំថ្ងៃ៖

តើអ្នកធ្លាប់មានគណនីចាស់ៗដែលភ្លេចទៅហើយដែរឬទេ?

បើមាន សូមកុំទុកវាចោល។ គណនីដែលអ្នកលែងប្រើ អាចនៅតែផ្ទុកទិន្នន័យរបស់អ្នក និងអាចក្លាយជាច្រកឱ្យហេគឃ័រប្រើប្រាស់នៅថ្ងៃណាមួយ។

នៅអត្ថបទបន្ទាប់ យើងនឹងបន្តទៅប្រធានបទ ការការពារសុវត្ថិភាព Telegram និងបណ្តាញសង្គម

Show More
Apsara Media Services (AMS)

Related Articles

Back to top button