ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អត្ថបទទី ៣០៖ Wi-Fi Free អាចគ្រោះថ្នាក់ ប៉ុន្តែបើប្រើ VPN អាចជួយបន្ថែមខែលការពារបាន

រយៈពេលអាន៖ ២ នាទី
កម្រិតយល់ដឹង៖ មធ្យម ទៅ ខ្ពស់

នៅអត្ថបទមុន យើងបាននិយាយអំពីគ្រោះថ្នាក់នៃ Wi-Fi សាធារណៈ។ យើងបានដឹងថា ការប្រើ Wi-Fi ឥតគិតថ្លៃនៅហាងកាហ្វេ សណ្ឋាគារ ឬព្រលានយន្តហោះ អាចបង្កហានិភ័យដល់ទិន្នន័យរបស់អ្នក។

ប៉ុន្តែចុះបើអ្នកមានភាពចាំបាច់ត្រូវប្រើ Wi-Fi សាធារណៈ ហើយមិនមាន 4G/5G ប្រើ? តើមានវិធីអ្វីជួយបង្កើនសុវត្ថិភាពបានទេ?

ចម្លើយគឺ៖ VPN

១. បញ្ហា៖ ពេលទិន្នន័យរបស់អ្នកធ្វើដំណើរលើផ្លូវសាធារណៈ

នៅពេលអ្នកប្រើអ៊ីនធឺណិតធម្មតា ជាពិសេសលើ Wi-Fi សាធារណៈ ទិន្នន័យរបស់អ្នកប្រៀបដូចជារថយន្តកំពុងបើកលើផ្លូវធំ។

នៅលើផ្លូវនោះ អាចមានមនុស្សជាច្រើនកំពុងឈរមើល។ ក្នុងពិភពអ៊ីនធឺណិត មនុស្សទាំងនោះអាចជាជនខិលខូច ឬអ្នកដែលព្យាយាមស្ទាក់មើលថា អ្នកកំពុងចូលគេហទំព័រអ្វី កំពុងប្រើសេវាអ្វី ឬកំពុងផ្ញើទិន្នន័យអ្វី។

បើបណ្តាញ Wi-Fi នោះមិនមានសុវត្ថិភាពល្អ ទិន្នន័យរបស់អ្នកអាចប្រឈមនឹងការលួចមើល ឬការបន្លំឱ្យចូលទៅគេហទំព័រក្លែងក្លាយ។

និយាយឱ្យងាយយល់៖ Wi-Fi សាធារណៈគឺដូចជាផ្លូវរួម។ អ្នកមិនដឹងថា អ្នកណាកំពុងមើលផ្លូវនោះឡើយ។

២. ដំណោះស្រាយ៖ ប្រើ VPN ដើម្បីបង្កើតផ្លូវរូងក្រោមដី

VPN មកពីពាក្យ Virtual Private Network។ វាជាបច្ចេកវិទ្យាដែលជួយបង្កើត “ផ្លូវរូងក្រោមដីសម្ងាត់” សម្រាប់ការបញ្ជូនទិន្នន័យរបស់អ្នក។

នៅពេលអ្នកបើក VPN ទិន្នន័យដែលចេញពីទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នក នឹងត្រូវបាន អ៊ិនគ្រីប ឬបំលែងជាកូដសម្ងាត់ជាមុនសិន។

បើមានជនខិលខូចព្យាយាមស្ទាក់មើលទិន្នន័យរបស់អ្នក ពួកគេនឹងមិនងាយអានយល់នូវអ្វីដែលអ្នកកំពុងផ្ញើ ឬទទួលនោះទេ។

ឧទាហរណ៍ងាយៗ៖
បើអ្នកប្រើអ៊ីនធឺណិតធម្មតា វាដូចជាអ្នកដើរលើផ្លូវសាធារណៈ។
ប៉ុន្តែបើអ្នកបើក VPN វាដូចជាអ្នកធ្វើដំណើរតាមផ្លូវរូងក្រោមដី ដែលមនុស្សខាងក្រៅមើលមិនងាយឃើញ។

ចំណុចសំខាន់៖ VPN ជួយបង្កើនសុវត្ថិភាព និងឯកជនភាព ប៉ុន្តែមិនមានន័យថាការពារអ្នកបាន ១០០% ពីគ្រប់គ្រោះថ្នាក់ទេ។ អ្នកនៅតែត្រូវប្រុងប្រយ័ត្នជាមួយ Link បោកប្រាស់ គេហទំព័រក្លែងក្លាយ និងការបញ្ចូលលេខសម្ងាត់លើទំព័រមិនគួរឱ្យទុកចិត្ត។

៣. ការព្រមាន៖ កុំប្រើ VPN ឥតគិតថ្លៃផ្តេសផ្តាស

មិនមែន VPN ទាំងអស់សុទ្ធតែគួរឱ្យទុកចិត្តទេ។ កម្មវិធី VPN ឥតគិតថ្លៃមួយចំនួនអាចប្រមូលទិន្នន័យរបស់អ្នក ឬបង្ហាញពាណិជ្ជកម្មច្រើនពេក។

មានឃ្លាមួយដែលគេនិយមនិយាយថា៖
បើអ្នកមិនបានបង់លុយសម្រាប់ផលិតផល អ្នកអាចក្លាយជាផលិតផលនោះវិញ។

មានន័យថា កម្មវិធីខ្លះអាចឥតគិតថ្លៃសម្រាប់អ្នក ប៉ុន្តែវាអាចរកប្រាក់ពីការប្រមូលទិន្នន័យ ការផ្សាយពាណិជ្ជកម្ម ឬវិធីផ្សេងៗ។

ដូច្នេះ សូមកុំទាញយក VPN ចម្លែកៗដោយមិនបានពិនិត្យប្រភព។ ជាពិសេស កុំប្រើ VPN ដែលមានឈ្មោះមិនស្គាល់ សុំ Permission ច្រើនពេក ឬសន្យាថា Free ហើយលឿនខ្លាំងពេក។

៤. សកម្មភាពប្រចាំអត្ថបទ

សម្រាប់អ្នកដែលចង់សាកល្បងប្រើ VPN ឬកម្មវិធីជួយបង្កើនសុវត្ថិភាពពេលប្រើ Wi-Fi សាធារណៈ អ្នកអាចសាកល្បងកម្មវិធីដែលមានឈ្មោះថា 1.1.1.1 + WARP

ជំហាន៖

  1. ចូលទៅកាន់ App Store ឬ Play Store
  2. ស្វែងរកកម្មវិធី 1.1.1.1 + WARP
  3. ទាញយក និងបើកកម្មវិធី
  4. ចុចប៊ូតុងកណ្តាល ដើម្បីភ្ជាប់
  5. ពេលវាបង្ហាញថា Connected មានន័យថាវាកំពុងដំណើរការ

ពេលណាគួរប្រើ?

  • ពេលប្រើ Wi-Fi សាធារណៈ
  • ពេលនៅហាងកាហ្វេ សណ្ឋាគារ ឬព្រលានយន្តហោះ
  • ពេលចង់បង្កើនឯកជនភាពលើការប្រើអ៊ីនធឺណិត

ប៉ុន្តែសូមចាំថា VPN មិនមែនជាអាវក្រោះវេទមន្តទេ។ បើអ្នកចុច Link បោកប្រាស់ ឬវាយលេខសម្ងាត់លើគេហទំព័រក្លែងក្លាយ VPN ក៏មិនអាចជួយអ្នកបានទាំងស្រុងដែរ។

សំណួរប្រចាំអត្ថបទ

តើអ្នកធ្លាប់ប្រើ VPN នៅពេលភ្ជាប់ Wi-Fi សាធារណៈដែរឬទេ?

បើមិនធ្លាប់ សូមសាកល្បងស្វែងយល់ពីវា។ VPN អាចជួយបន្ថែមសុវត្ថិភាពមួយស្រទាប់ទៀត នៅពេលអ្នកត្រូវប្រើអ៊ីនធឺណិតនៅកន្លែងសាធារណៈ។

នៅអត្ថបទបន្ទាប់ទៀត យើងនឹងបន្តទៅប្រធានបទថ្មី គឺ Scams និង Phishing។ យើងនឹងរៀនពីល្បិចឆបោក ការបន្លំយកទិន្នន័យ Link ក្លែងក្លាយ សារ SMS បោកប្រាស់ និងវិធីការពារខ្លួនពីល្បិចដែលកំពុងកើតឡើងយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។

Show More
Apsara Media Services (AMS)

Related Articles

Back to top button