DocumentsGeneralKnowledgePublicationSecurity News

ក្រុមចោរព័ត៌មានវិទ្យាដែលគ្រប់គ្រងដោយរដ្ឋឈ្មោះ APT32 

ISAC Cambodia (InfoSec)

ចងក្រងដោយលោក វង្ស សុខា
Cover Image: https://portswigger.net

១. សេចក្តីផ្តើម

ការរីកចំរើននៃសេដ្ឋកិច្ចជាតិក្នុងរយៈពេល២០ឆ្នាំចុងក្រោយមុនជំងឺរាតត្បាតកូវីដ១៩បានចូលមកដល់ បានធ្វើប្រទេសកម្ពុជាក្លាយទៅកូននាគសេដ្ឋកិច្ចប្រចាំនៅតំបន់អាស៊ានដែលមានការរីកចំរើនសឹងតែគ្រប់វិស័យទាំងអស់ ។ ការរីករាលដាលនៃជំងឺកូវីដ-១៩បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច ហើយថែមទាំងឆក់យកជីវិតប្រជាជនទៀតផង ។ ទន្ទឹមនឹងកត្តាអកុសលនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើននៅក្នុងសកលលោកបានទទួលយកការប្រើប្រាស់បច្ចេកវិទ្យាយ៉ាងឆាប់រហ័សស្ទើរស្មានមិនដល់ រាជរដ្ឋាភិបាលកម្ពុជាក៏មិនខុសពីប្រទេសដ៏ទៃទៀតដែរ បានចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងបានសម្លឹងមើលឃើញកាលានុវត្តភាព និងវិសាលភាពនៃផលប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យឌីជីថលសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចបែបថ្មី និងជម្រុញ កំណើនផលិតភាពនៃវិស័យផ្សេងទៀត ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលផ្អែកតាមបរិការណ៍ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” (១) ដើម្បីទទួលយក ផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យា  ឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ ព្រមទាំងរក្សានូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ។ ដើម្បីធានាអោយបាននូវ “បរិវត្តកម្មឌីជីថល”រាជរដ្ឋាភិបាលត្រូវជម្រុញអោយខ្ពស់បំផុតនូវកិច្ចការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន រវាងក្រសួង-ស្ថាប័នជាធ្លុងមួយក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្ម ។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសកម្ពុជាបានក្លាយជាទីតាំងប្រឈមនឹងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ដោយសារភាពស្និតរមួត និងគាំទ្រគោលនយោបាយចិនតែមួយបានធ្វើអោយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ដែលមាននិន្នាការប្រឆាំងនឹងចិនហាក់មិនសូវសប្បាយចិត្តនឹងប្រទេសកម្ពុជា ជាពិសេសប្រទេសវៀតណាមដែលប្រឈមជាមួយប្រទេសចិនរឿងនៅសមុទ្រចិនខាងត្បូង ។ ការលើកឡើងបែបនេះទាក់ទិននឹងប្រទេសវៀតណាម ដោយឃើញនូវការកើតឡើងនូវក្រុមហែគឃ័រដែលគ្រប់គ្រងដោយរដ្ឋនៅឆ្នាំ២០១៧ស្របពេលទៅនឹងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន ក្នុងគោលបំណងវាយប្រហារទៅលើវិបសាយស្ថាប័នរដ្ឋាភិបាលកម្ពុជា ប្រជាមានិតឡាវ និងប្រទេសហ្វីលីពីន [1] ។  ចំណុចនេះនឹងពិភាក្សាលម្អិតទៅលើចំណុចទី៣ នៃអត្ថបទនេះ ដោយក្រុមហែគឃ័រដែលគ្រប់គ្រងដោយរដ្ឋឈ្មោះ APT32 មានទំនាក់ទំនងជាមួយរដ្ឋាភិបាលវៀតណាម [2] និងត្រូវបានគេជឿជាក់ថាគោលដៅប្រតិបត្តិការរបស់ក្រុមនេះគឺស្របទៅនឹងទិសដៅរបស់រដ្ឋាភិបាលវៀតណាម [3] ។ នៅក្នុងឆ្នាំ២០១៧ដដែលនោះ គេក៏កត់សំគាល់ឃើញប្រទេសវៀតណាមបាន បង្កើនសមត្ថភាពលើវិស័យសាយប័រផងដែរ [1] ។ 

ដូចនេះយើងត្រូវចោទសួរថា តើរដ្ឋាភិបាលកម្ពុជាគួរតែស្វែងយល់អំពីក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋ ជាពិសេស ក្រុមAPT32 ដែរឬទេ? តើវាផ្តល់នូវអត្ថប្រយោជន៍ និងចំណុចសំខាន់អ្វីខ្លះ? ឯកសារនេះមិនព្យាយាមសិក្សាលម្អិតនូវបច្ចេកទេសនៃក្រុមAPT32 ដែលកើតចេញពីការវិភាគ និងស្វែងរកភស្តុតាងឌីជីថលដោយផ្ទាល់នោះទេ ។ ឯកសារនេះមានគោលបំណងផ្តល់នូវការវិភាគ និងសិក្សាទៅឯកសារដែលផ្តល់ការសិក្សាបច្ចេកទេស និងវិធីសាស្រ្តនៃក្រុមហែគឃ័រនេះបាន   អនុវត្តរួចមកហើយក្នុងន័យស្វែងយល់ដើម្បីទប់ស្កាត់នូវវាយប្រហាររបស់ក្រុមនេះនៅលើកក្រោយៗទៀត ។ ដូចនេះមុននឹងទៅ ដល់ចំណុចសិក្សាបច្ចេកទេសរបស់ក្រុមAPT32 យើងត្រូវយល់ជាមុនសិនថា “អ្វីជាក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋ? ” ។ 

២. អ្វីទៅជាក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋ?

ពាក្យថាក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋគឺមានន័យថាជាក្រុមហេគឃ័រដែលមានជំនាញប៉ិនប្រសប់បំផុតនៅក្នុងការវាយប្រហារមកលើប្រព័ន្ធកុំព្យូទ័រ ក៏ដូចជាឧបករណ៍អេឡិចត្រូនិចផ្សេងៗ ហើយក្រុមហេគឃ័រនេះទទួលការផ្គត់ផ្គង់ និងគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសណាមួយ [4] ។ ក្រុមហេគឃ័រប្រភេទនេះជាតួអង្គគំរាមកំហែងមួយដ៏ពិបាកនឹងទប់ស្កាត់ដោយសារភាពប៉ិនប្រសប់ក្នុងការវាយប្រហាររបស់ពួកគេ ព្រមទាំងធនធានដ៏សម្បូរបែបរបស់ពួកគេដើម្បីសម្រេចគោលដៅ ។ ក្រុមហេគឃ័រប្រភេទនេះគឺមានគោលបំណងក្នុងការវាយប្រហារច្បាស់លាស់ដូចជា តាមដានស៊ើបយកការណ៍ ព័ត៌មានយោធា បំផ្លាញដំណើរការ លួចព័ត៌មានសំងាត់ និងនិន្នាការនយោបាយជាដើម ។ 

ក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋគឺមានវដ្តក្នុងការអនុវត្តន៍ការងារច្បាស់លាស់ដែលបែងចែកជា ៦ ដំណាក់កាលដូចខាងក្រោម៖

១. ការរៀបចំ និងត្រៀមខ្លួន (Preparation Phase)

២. ការវាយប្រហារចូលដំបូង (Initial Intrusion Phase)

៣. ពង្រីកវិសាលភាពគោលដៅវាយប្រហារ (Expansion Phase)

៤. ដំណាក់កាលសម្ងំ និងព្យាយាមភ្ជាប់នៅក្នុងប្រព័ន្ធ (Persistent Phase)

៥. បន្តស្វែងរក និងព្យាយាមទាញយកព័ត៌មាន (Exfiltration Phase)

៦. ដំណាក់កាលចុងក្រោយគឺបោសសំអាតដាន (Cleanup Phase)

រូបដ្យាក្រាមលម្អិតនៃវដ្តដំណើរការរបស់ក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋ [5]

រូបដ្យាក្រាមលម្អិតនៃវដ្តដំណើរការរបស់ក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋ [5]

៣. ការសិក្សាបច្ចេកទេសរបស់ក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋ APT32

ក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋលេខ៣២នេះត្រូវបានគេឃើញថាមានសកម្មភាពចាប់តាំងពីឆ្នាំ២០១៤ ហើយដែលគេសង្ស័យថាមានទំនាក់ទំនង ឬក៏គ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ។ ក្រុមហេគឃ័រនេះមានគោលដៅវាយប្រហារទៅលើអ្នកនយោបាយ ពាណិជ្ជករ មន្រ្តីរដ្ឋាភិបាលនៃប្រទេសហ្វីលីពីន ប្រជាមានិតឡាវ និងប្រទេសកម្ពុជា [6] ។ ក្រុមហេគឃ័រនេះបានប្រើប្រាស់វិធីសាស្រ្តដ៏ស្មុគស្មាញលើ    បច្ចេកវិទ្យាវិបសាយដើម្បីវាយប្រហារចូលទៅក្នុងប្រព័ន្ធរបស់ប្រទេសគោលដៅ [7] ។ ក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋលេខ៣២ត្រូវបានគេដាក់ឈ្មោះអោយមួយចំនួនដូចជា៖ ក្រុម OCEAN LOTUS ក្រុម SEA LOTUS ក្រុម OCEAN BUFFALO ឬក៏ ក្រុម APT-C-00ជាដើម [3] ។ 

តាមរយៈក្របខ័ណ្ឌ MITRE ATT&CK បានកត់ត្រានូវវិធីសាស្រ្ត បច្ចេកទេស និងតិចនិចក្នុងការវាយប្រហាររបស់ក្រុមហេគឃ័រលេខ៣២យ៉ាងលម្អិត [7] ។ 

បើយោងទៅឯកសាររបស់ក្រុមហ៊ុន Recorded Future វិញបានបង្ហាញអោយឃើញថាក្រុមហ៊ុនហេគឃ័រលេខ៣២នេះបានរៀបចំយុទ្ធនាការវាយប្រហារតាមរយៈការបញ្ឆោតអោយជនគោលដៅចុចទៅលើឯកសារដែលបង្កប់នូវមេរោគពីខាងក្រោយ៖

ឯកសារទី១៖ (“បញ្ជីរាយនាមអនុព័ន្ធយោធាបរទេស និងការិយាល័យសហប្រតិបត្តិការយោធាប្រចាំកម្ពុជា.docx~[.]exe”) មេរោគនៅពីក្រោយនោះមានដល់ទៅបួនមេរោគបង្កប់ ៖ (១)SoftwareUpdate.exe (២)SoftwareUpdateFiles.dll (៣)SoftwareUpdateFilesLocalized.dll និង(៤)SoftwareUpdateFiles.locale ។ យោងទៅក្រុមអ្នកស្រាវជ្រាវ Insikt Group នៃក្រុមហ៊ុន Recorded Future បញ្ជាក់ថាឯកសារមេរោគនេះបង្កប់ក្នុងប្រភេទឯកសារ SFX (Self-Extracting Archive) ហើយបានចែកចាយទៅប្រទេសគោលដៅ [1] ។ 

រូបដ្យាក្រាម៖ ដំណើរការពេលបើកឯកសារមេរោគ

ឯកសារទី២៖ (“9_Programme_SOMCA_Japan_FINAL.docx~.exe”) ដែលបង្កប់នៅក្នុងប្រភេទឯកសារ SFX ទាក់ទិននឹងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាននៃវប្បធម៌ និងសិល្បះ ដែលមេរោគនេះវាយប្រហារទៅលើមន្រ្តីជាន់ខ្ពស់មកពីប្រទេសនៅអាស៊ាន ហើយត្រូវបានសង្កេតឃើញថាគោលដៅចំបងគឺមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ។ ភស្តុតាងឌីជីថលបានបង្ហាញថាម៉ាស៊ីនមេបញ្ជាគឺនៅអាសយដ្ឋាន IP លេខ 43.254.132.212 ។ រូបខាងក្រោមគឺបញ្ជាក់អំពី ចំណុចដែលបែកធ្លាយ (Indicators of Compromised)

ប្រភេទមេរោគត្រូវបានដែលក្រុមហេគឃ័រលេខ៣២បានប្រើប្រាស់ដើម្បីធ្វើសកម្មភាពចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុនសន្តិសុខដ៏ល្បីល្បាញ Madiant បានបង្ហាញនូវឈ្មោះមេរោគចំនួនបួន (១) KOMPROGO (២)WINDSHIELD (៣) SOUNDBITE និង(៤)មេរោគ BEACON [8] ។

អ្វីដែលគួរអោយកត់សម្គាល់ចេញពីរបាយការណ៍របស់ក្រុមហ៊ុនសន្តិសុខ Madiant យើងឃើញថាក្រុមហេគឃ័រ លេខ៣២នេះមិនត្រឹមតែដាក់គោលដៅទៅលើប្រទេសនៅក្នុងអាស៊ានទេ តែប្រទេសចិនក៏ស្ថិតនៅក្នុងគោលដៅរបស់ពួកគេដែលដោយសារបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងរវាងវៀតណាម និងចិន ។ ហើយក្រុមហេគឃ័រ លេខ៣២ នេះក៏ព្យាយាមបង្កើនសមត្ថភាពមេរោគរបស់ពួកគេដែលអាចវាយប្រហារទៅប្រព័ន្ធប្រតិបត្តិការ MacOS របស់ក្រុមហ៊ុន Apple ផងដែរ ។ 

៤. វិធីសាស្រ្តជម្លៀសការវាយប្រហារដោយក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋ

         ជាក់ស្តែងប្រសិនបើក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋដាក់គោលដៅវាយប្រហារ ប្រទេសដែលងាយរងគ្រោះមាន ការលំបាកក្នុងការទប់ស្កាត់ និងជៀសផុតពីការជ្រៀតចូលទៅក្នុងប្រព័ន្ធ ។ ដូចនេះ ស្ថាប័ន ក៏ដូចជាមន្រ្តីត្រូវរៀបចំគោលនយោបាយសន្តិសុខសាយប័រ និងពង្រឹងនូវសមត្ថភាពមន្រ្តីគ្រប់រូបតាមរយៈកម្មវិធីបង្កើនការយល់ដឹងអំពីសន្តិសុខសាយប័រ [4] ។ មានការអនុវត្តល្អៗមួយចំនួនត្រូវបានលើកឡើងដើម្បីលើកកម្ពស់ការការពារសន្តិសុខសាយប័រដូចខាងក្រោម៖

  • រៀបចំពង្រឹងសន្តិសុខទៅលើឧបករណ៍ និងជួសជុលនូវកម្មវិធី ក៏ដូចជាប្រព័ន្ធប្រតិបត្តិការជាប្រចាំ
  • រៀបចំនូវគោលនយោបាយ និងវិធីសាស្រ្តការកំណត់សិទ្ធទៅតាមតួនាទីក្នុងប្រើប្រាស់ប្រព័ន្ធនីមួយៗ
  • រៀបចំប្រើប្រាស់បច្ចេកវិទ្យាកូដនីយកម្មទៅលើទិន្នន័យទាំងពេលដែលទិន្នន័យនៅនឹងកន្លែង និងទិន្នន័យផ្ទេរទីតាំង ។

៥. សេចក្តីសន្និដ្ឋាន 

            ការសិក្សាទៅលើក្រុមហេគឃ័រដែលគ្រប់គ្រងដោយរដ្ឋគឺជួយអោយយើងទាំងអស់គ្នាស្វែងយល់នូវវិធីសាស្រ្ត បច្ចេកទេស និងតិចនិចក្នុងការវាយប្រហារក្នុងគោលបំណងដើម្បីអាចពង្រឹងនូវវិធីសាស្រ្តការពារ ។ ជាក់ស្តែងដូចករណីក្រុមហេគឃ័រលេខ៣២នេះបានប្រើប្រាស់វិធីសាស្រ្តបោកបញ្ឆោតជនគោលដៅអោយចុចបើកឯកសារនៅលើកុំព្យូទ័រ ប្រសិនបើយើងដឹង និងយល់ទាំងអស់គ្នានូវវិធីសាស្រ្តនេះ វានឹងជួយយើងទប់ស្កាត់នូវការវាយប្រហាររបៀបបែបនេះ​បាន ។ ការសិក្សាទៅលើបច្ចេកទេសរបស់ក្រុមហេគឃ័រគឺការកសាងសមត្ថភាព និងពង្រឹងការយល់ដឹងទៅលើសន្តិសុខសាយប័រ ។

៦. ឯកសារយោង 

[1] Pulse Report: New APT32 Malware Campaign Targets Cambodian Government, Recorded Future

[2] Ocean Lotus, Wikipedia. Link: https://en.wikipedia.org/wiki/OceanLotus

[3] Malpedia APT32. Link: https://malpedia.caad.fkie.fraunhofer.de/actor/apt32

[4] Advanced Persistence Threat Slides, Pluralsight

[5] Advanced Persistence Threat Wikipedia. Link: https://en.wikipedia.org/wiki/Advanced_persistent_threat

[6] OceanLotus APT Wikipedia. Link: https://en.wikipedia.org/wiki/OceanLotus

[7] APT32, MITRE ATT&CK. Link: https://attack.mitre.org/groups/G0050/

[8] Cyber Espionage is Alive and Well: APT32 and the Threat to Global Corporations, Mandiant. 

      Link: https://www.mandiant.com/resources/blog/cyber-espionage-apt32

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button