ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អ្នកប្រើ Telegram Android ត្រូវប្រុងប្រយ័ត្ន! គ្រាន់តែទទួល Voice Call ធម្មតា ហេគឃ័រអាចដំណើរការកូដគ្រប់គ្រងទូរស័ព្ទភ្លាមៗ

ក្រុមអ្នកស្រាវជ្រាវសន្តិសុខសាយប័រមកពីក្រុមហ៊ុន NebuSec បានរកឃើញចន្លោះប្រហោងកម្រិតធ្ងន់ធ្ងរមួយនៅលើកម្មវិធី Telegram សម្រាប់ Android ដែលអនុញ្ញាតឱ្យហេគឃ័រអាចដំណើរការកូដពីចម្ងាយ (Remote Code Execution) នៅលើទូរស័ព្ទដៃរបស់ជនរងគ្រោះបាន ដោយគ្រាន់តែជនរងគ្រោះចុច «ទទួលការហៅចូលជាសំឡេង (Answer Voice Call)» ប៉ុណ្ណោះ។

ចន្លោះប្រហោងនេះ មិនទាមទារឱ្យជនរងគ្រោះត្រូវចុច Link ឬដំឡើងឯកសារអ្វីឡើយ។ ហេគឃ័រត្រូវការត្រឹមតែគណនី Telegram ធម្មតាមួយ រួចខលទៅកាន់ជនរងគ្រោះ ហើយនៅពេលជនរងគ្រោះចុចលើកទូរស័ព្ទ កូដវាយប្រហារនឹងដំណើរការភ្លាមៗ។ កំហុសនេះអាចដំណើរការបានលើគ្រប់កំណែចាស់ៗរបស់ Telegram សម្រាប់ Android ចាប់ពី Version 8.6.2 ដល់ 12.10.3 ដែលបានចេញផ្សាយនៅចន្លោះខែមីនា ឆ្នាំ ២០២២ ដល់ខែកញ្ញា ឆ្នាំ ២០២៦។ ក្រុមហ៊ុន Telegram បានបញ្ចេញកញ្ចប់ Patch ជួសជុលនៅក្នុងកំណែ 12.10.4 កាលពីចុងខែកញ្ញា ហើយ NebuSec បានទម្លាយព័ត៌មាននេះជាសាធារណៈនៅថ្ងៃទី ២៩ ខែតុលា។

ដំណើររឿង និងយន្តការបច្ចេកទេសនៅពីក្រោយការវាយប្រហារ

នៅពេលអ្នកប្រើប្រាស់ធ្វើការ Call លើ Telegram កម្មវិធីនៃទូរស័ព្ទទាំងសងខាងត្រូវផ្ញើសារទិន្នន័យខ្លីៗទៅវិញទៅមកដើម្បីរៀបចំការតភ្ជាប់ និងរាយការណ៍អំពីស្ថានភាពនៃការហៅ ដែលហៅថា MediaState (ដូចជាការបញ្ជាក់ថាតើ Microphone បិទសំឡេងឬអត់ កាមេរ៉ាបើកឬបិទ និងមុំបង្វិលវីដេអូ)។

ចន្លោះប្រហោងបានកើតឡើងដោយសារកូដដែលអានសារ MediaState នេះ មិនបានត្រួតពិនិត្យ Field ឱ្យបានត្រឹមត្រូវ៖

  • នៅក្នុងកូដកំណែ 12.10.3 នៅពេលសារ MediaState បញ្ជូនតម្លៃ Rotation មក កូដបានទៅពិនិត្យតម្លៃនោះ រួចបែរជាបន្តទៅអាន Field មួយផ្សេងទៀតគឺ Video State បើទោះបីជាសារនោះគ្មាន Field វីដេអូក៏ដោយ ដែលបណ្តាលឱ្យកម្មវិធីចូលទៅអាន Memory ក្រៅដែនកំណត់ (Out-of-bounds Memory Access)។
  • Telegram លើ Android, iOS និង Desktop ប្រើប្រាស់បណ្ណាល័យរួមគ្នាមួយឈ្មោះ tgcalls សម្រាប់ការហៅទូរស័ព្ទ។ ការកែកំហុសនេះត្រូវបានធ្វើឡើងលើ tgcalls តាំងពីខែមេសា ឆ្នាំ ២០២៦ មកម្ល៉េះ។ កំណែ iOS និង Desktop ទទួលបានការ Patch តាំងពីខែឧសភា និងកក្កដា ប៉ុន្តែ Telegram សម្រាប់ Android បែរជាទុកឱ្យចន្លោះប្រហោងនេះនៅបន្តរហូតដល់ចុងខែកញ្ញា ទើបទទួលបាន Patch ក្នុង version 12.10.4។
  • នៅក្នុងវីដេអូបង្ហាញពីការវាយប្រហារ (PoC) របស់ NebuSec នៅពេលជនរងគ្រោះចុចទទួលការហៅចូលត្រឹមតែប្រមាណកន្លះនាទី អេក្រង់ទូរស័ព្ទជនរងគ្រោះបានប្តូរទៅកាន់ Home Screen រួចរូបតំណាង App ទាំងអស់បានធ្លាក់ចុះមកក្រោម ហើយផ្ទាំង Logo បញ្ជាក់ថា «HACKED BY NEBUSEC» បានលេចឡើងភ្លាមៗ។ ក្រុមហ៊ុន NebuSec បានបញ្ជាក់ថា ឧបករណ៍ Code Security របស់ខ្លួនដែលដំណើរការដោយម៉ូឌែល OpenAI GPT-5.4 គឺជាអ្នករកឃើញចន្លោះប្រហោងនេះ។

ក្រៅពីនេះ ស្ថាប័ន Zero Day Initiative (ZDI) ក៏បានព្រមានពីចន្លោះប្រហោងដាច់ដោយឡែកមួយទៀតក្នុងបណ្ណាល័យ rlottie (CVE-2026-111105) ដែល Telegram ធ្លាប់ប្រើសម្រាប់បង្ហាញ Animated Stickers ដែលអាចឱ្យហេគឃ័រ Run Code បានដូចគ្នា។ បច្ចុប្បន្ន Telegram បានប្តូរទៅប្រើបណ្ណាល័យថ្មីឈ្មោះ tlottie ដែលសរសេរដោយភាសា Rust ដើម្បីបង្កើនសុវត្ថិភាព Memory។

វិធានការការពារបន្ទាន់ពី SecuDemy

  1. អាប់ដេតកម្មវិធី Telegram ជាបន្ទាន់៖ ចូលទៅកាន់ Google Play Store រួច Update កម្មវិធី Telegram លើ Android ទៅកាន់ Version 12.10.4 ឬថ្មីជាងនេះ ជាកំហិត។ (អាចពិនិត្យកំណែបានដោយចូល Settings រួចអូសចុះក្រោមបង្អស់)។
  2. រឹតបន្តឹងការហៅចូល (Call Privacy)៖ ចូលទៅកាន់ Settings > Privacy and Security > Calls៖
    • កំណត់ Who can call me? ទៅជា My Contacts ដើម្បីកុំឱ្យជនមិនស្គាល់អត្តសញ្ញាណអាចខលចូលបាន។
    • កំណត់ Peer-to-Peer ទៅជា Never ដើម្បីការពារកុំឱ្យបែកធ្លាយ IP Address ផ្ទាល់ខ្លួនពេលសន្ទនា។
  3. ប្រុងប្រយ័ត្នចំពោះការ Call ចម្លែកៗ៖ ជៀសវាងការចុចទទួល Voice Call ឬ Video Call ពីគណនីដែលគ្មាននៅក្នុងបញ្ជីទំនាក់ទំនង។

ប្រភពដើម៖ The Hacker News / NebuSec

អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security

Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕

Show More
Apsara Media Services (AMS)

POUN Sokha

អ្នកស្រាវជ្រាវ និងអ្នកបង្កើតមាតិកាសុវត្ថិភាពសាយប័រ (Cybersecurity Content Creator & Researcher)អ្នកជំនាញស្រាវជ្រាវ និងចងក្រងមាតិកាសុវត្ថិភាពសាយប័រជាភាសាខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន។ ផ្តោតលើការផលិតអត្ថបទ និងមាតិកាអប់រំប្រកបដោយគុណភាពសម្រាប់គេហទំព័រ ដោយសម្រួលបច្ចេកទេសស្មុគស្មាញឱ្យទៅជាខ្លឹមសារងាយយល់ ងាយអនុវត្ត និងទាន់ហេតុការណ៍ ។ ការងារនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យកាលទំនើប។

Related Articles

Back to top button