តាមប្រភពព័ត៌មានពី Bleeping Computer បានឱ្យដឹងថា កងទ័ពរបស់ប្រទេសស្វីសមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នូវកម្មវិធីសន្ទនាខ្លីៗ (instant-messaging) ដែលមានដូចជា Signal, Telegram, និង WhatsApp ជាដើម ដោយជំនួសមកវិញនូវកម្មវិធីអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់ឈ្មោះថា Threema ដែលត្រូវបានចាត់ទុកថា មិនមានការផ្សព្វផ្សាយពាណិជ្ជកម្ម មានការធ្វើកូដនីយកម្ម End-to-End និងមិនមានទុកដានឡើយ (no digital trace)។
កម្មវិធី Threema នេះត្រូវធ្វើការបង់ថ្លៃប្រមាណជា 4.40$ ក្នុងម្នាក់ជាប្រចាំឆ្នាំ ដែលនឹងត្រូវបង់ថ្លៃដោយខាងកងទ័ពផ្ទាល់។ ទោះបីជាមានការណែនាំជាផ្លូវការដូច្នេះក៏ដោយ ក៏មិនទាន់មានការដាក់ទោសទណ្ឌណាមួយនោះទេ ប្រសិនបើកងទ័ពប្រើប្រាស់កម្មវិធីមិនអនុញ្ញាតនោះ។
ដូចដែលយើងដឹងហើយថា កម្មវិធីភាគច្រើនគឺបានអះអាងរៀងៗខ្លួនថា ផ្តល់នូវមុខងារ end-to-end encryption ហើយការសន្ទនានិងការទំនាក់ទំនងនានាគឺមានសុវត្ថិភាព ក៏ប៉ុន្តែនៅមានទិន្នន័យសំគាល់មួយចំនួន (meta data) របស់អ្នកប្រើប្រាស់អាចត្រូវបានរក្សាទុក ដែលអាចផ្តល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចទៅតាមការស្នើសុំ។
បើតាមតាមឯកសារ FBI ដែលត្រូវបានបង្ហាញដោយ Property of the People បានឱ្យដឹងថា តាមរយៈការស្នើសុំ មានទិន្នន័យមួយចំនួនដែលអាចត្រូវបានផ្តល់ឱ្យតាមរយៈយន្តការច្បាប់ ពីកម្មវិធី iMessage, Line, Signal, Telegram, Threema, Viber, WeChat, WhatsApp និង Wickr ជាដើម។
ទិន្នន័យមានភាពខុសៗគ្នារវាងកម្មវិធីទាំងនោះ ដែលកម្មវិធីខ្លះអាចចែករំលែកនូវទិន្នន័យដូចជាថ្ងៃចុះឈ្មោះដំបូង និងដទៃទៀតអាចផ្តល់នូវអាស័យដ្ឋានអាយភី (IP Address) អាស័យដ្ឋានអុីម៉ែល លេខទូរស័ព្ទ ផ្នែកខ្លះនៃខ្លឹមសារ និងព័ត៌មានដទៃទៀត។ ជាមួយគ្នានេះផងដែរ មានកម្មវិធីមួយចំនួនមានទម្រង់ជាប្រភពកូដចំហរ (open source) ក៏ប៉ុន្តែផ្នែកខ្លះនៃកូដគឺមិនមែនជាកូដចំហរឡើយ ដែលធ្វើឱ្យយើងមិនបានដឹងច្បាស់អំពីកម្មវិធីទាំងនោះ។
ចំនុចមួយក្នុងចំណោមចំនុចខុសគ្នារបស់ Threema គឺថាកម្មវិធីនេះមិនទាមទារឱ្យអ្នកប្រើប្រាស់បញ្ចូលលេខទូរស័ព្ទ ឬអាស័យដ្ឋានអុីម៉ែលពេលដែលចុះឈ្មោះដំបូងដើម្បីប្រើប្រាស់ ដែលជាហេតុធ្វើឱ្យអត្តសញ្ញាណមិនអាចត្រូវបានកំណត់តាមរយៈទិន្នន័យសាធារណៈនោះឡើយ។
អ្នកជំនាញផ្នែកច្បាប់ឌីជីថល គឺលោក Martin Steiger បានលើកឡើងថា ហេតុផលមួយនៃការដាក់ឱ្យប្រើប្រាស់កម្មវិធី Threema អាចបណ្តាលមកពីក្រុមហ៊ុននោះមានការផ្សព្វផ្សាយពាណិជ្ជកម្មបានល្អចំពោះផលិតផលរបស់ខ្លួន ហើយក៏អាចជាផ្នែកមួយនៃការគាំទ្រទៅលើកិច្ចការអធិបតេយ្យភាពទិន្នន័យផងដែរ៕
Cover Image: Sky News