GeneralRegulationRegulations UpdateSecurity News

រាជរដ្ឋាភិបាលនឹងបង្កើត “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល”

ISAC Cambodia (InfoSec)

រាជធានីភ្នំពេញ៖ តាមរយៈការដាក់ចេញនូវឯកសារក្របខណ្ឌគោលនយោយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលនឹងបង្កើតនូវស្ថាប័នថ្មីមួយដែលមានឈ្មោះថា “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលមាន សម្តេចអគ្គសេនាបតីតេជោ នាយករដ្ឋមន្រ្តី ជាប្រធាន និងឧបនាយករដ្ឋមន្ត្រីមួយរូប ជាអនុប្រធានប្រចាំការ ព្រមទាំងមានសមាសភាពថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក។ ជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សានេះ នឹងមានគណៈកម្មាធិការ ៣ ជាសេនាធិការទទួលបន្ទុកការងារជំនាញ និងមានអគ្គលេខាធិការដ្ឋាន ១ ដែលទទួលបន្ទុកសម្របសម្រួលការងារបូកសរុបរបាយការណ៍ និងរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ព្រមទាំងមានក្រុមប្រឹក្សាយោបល់បច្ចេកទេសឌីជីថល។

Cambodia Digital Economy and Society Framework
រូបភាព៖​ ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល

ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានតួនាទីតម្រង់ទិស និងដាក់េចញគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងន័យនេះ ក្រុមប្រឹក្សានេះ គឺជាស្ថាប័នកំពូលកម្រិតនយោបាយ និង មានតួនាទីសំខាន់ក្នុងការដឹកនាំ និង ការសម្របសម្រួលអន្តរស្ថាប័ន ក្រោមឆត្ររួម ដែលមានតួនាទី និង ភារកិច្ច ដូចខាងក្រោម៖

  • កំណត់ចក្ខុវិស័យ និង រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និង ឯកសារគោលសំខាន់ៗសម្រាប់ – ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល និង យន្តការអនុវត្តប្រកបដោយប្រសិទ្ធភាព
  • ពិនិត្យ សម្របសម្រួល និង លើកអនុសាសន៍ជូនរាជរដ្ឋាភិបាលក្នុងការសម្រេចលើផែនការ វិនិយោគ លើគម្រោងទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល
  • ដឹកនាំ សម្របសម្រួល និង តាមដានការអនុវត្តផែនការសកម្មភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ការតាមដានការអនុវត្ត
  • បង្កើតគណៈកម្មាធិការ គណៈកម្មការ ឬ ក្រុមការងារពាក់ព័ន្ធតាមផ្នែក និង
  • បំពេញភារកិច្ចដទៃទៀត តាមការចាំបាច់ ។

អគ្គលេខាធិការដ្ឋាន

អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការដ្ឋានជូន “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលលើការងារសម្របសម្រួលបូកសរុបរបាយការណ៍ និងរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា”។

ក្រុមប្រឹក្សាយោបល់បច្ចេកវិទ្យាឌីជីថល

ក្រុមប្រឹក្សាយោបល់បច្ចេកវិទ្យាឌីជីថល (Advisory Board) គឺជាក្រុមការងារចំពោះកិច្ចមួយ ដែល នឹងត្រូវបានបង្កើតឡើង ដើម្បីផ្ដល់យោបល់កម្រិតគោលនយោបាយដល់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គម ឌីជីថល សំដៅជួយសម្រួលដល់ការអនុវត្តក្របខណ្ឌគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ។ ក្រុមប្រឹក្សា នេះមានសមាសភាពចម្រុះពី ដៃគូអភិវឌ្ឍន៍, ស្ថាប័នស្រាវជ្រាវ, ស្ថាប័នអប់រំ, វិស័យឯកជន និង តួអង្គពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ។ ក្រុមការងារនេះមានតួនាទី និង ភារកិច្ច ដូចតទៅ៖

  • ផ្តល់មតិយោបល់ និង អនុសាសន៍ផ្នែកបច្ចេកវិទ្យាជូនក្រុមការងារអន្តរស្ថាប័នទទួល – ផ្តល់ធាតុចូល ដើម្បីរៀបចំផែនការសកម្មភាព និង វិធានការជាក់លាក់ផ្សេងៗ,
  • ចូលរួមកិច្ចប្រជុំ ដើម្បីតាមដានពីវឌ្ឍនភាពនៃក្របខណ្ឌគោលនយោបាយ, និង
  • បំពេញភារកិច្ចដទៃទៀត តាមការចាំបាច់ ។
Show More

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button