មេរោគចាប់ជំរិតបានធ្វើឲ្យគ្មានចរន្តអគ្គីសនីនៅ South Africa
អ្នកជំនាញខាងសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបានមានប្រសាសន៍ថា ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតប្រឆាំងទៅនឹងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (critical infrastructure) បានក្លាយជារឿងធម្មតាទៅហើយ។ ក្រុមអ្នកវាយប្រហារបាននឹងកំពុងធ្វើការអភិវឌ្ឍជានិច្ចនូវមធ្យោបាយថ្មីក្នុងការវាយលុកដើម្បីធ្វើការគ្រប់គ្រងទៅលើវិស័យគន្លឹះសំខាន់ៗនៃឧស្សាហកម្ម និងសេវាសាធារណៈនានា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ឬអាចជ្រៀតជ្រែកក្នុងកិច្ចការនយោបាយរបស់ប្រទេសណាមួយក៏អាចបាន។
ពេលនេះ មេរោគ ransomware ត្រូវបានគេរាយការណ៍ថា បានវាយប្រហារទៅលើប្រព័ន្ធនៃអ្នកផ្គត់ផ្គង់ថាមពលឈានមុខគេមួយរបស់ប្រទេសអាហ្វ្រិកខាងត្បូង ជាពិសេសនៅរដ្ឋធានីចូហានសឺប (Johannesburg)។ ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងបានធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់មិនមានអគ្គិសនីប្រើប្រាស់។
ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ដោយហេតុការណ៍នោះគឺ City Power ដែលផ្តល់ជូននូវសេវាចែកចាយអគ្គិសនីបង់ប្រាក់ជាមុនសម្រាប់ប្រជាជន និងក្រុមហ៊ុនក្នុងស្រុក។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា មេរោគបានបិទមិនឱ្យប្រើប្រាស់ (encrypt) ទៅលើទិន្នន័យមូលដ្ឋាន (database) បណ្តាញផ្ទៃក្នុង (internal network) កម្មវិធីនៅលើវេបសាយ (web applications) និងគេហទំព័រផ្លូវការរបស់ City Power ផងដែរ។
ការឆ្លងមេរោគនេះត្រូវបានរកឃើញកាលពីយប់ថ្ងៃពុធ។ ដូចដែលបានលើកឡើងដោយអ្នកឯកទេសខាងសវនកម្មប្រព័ន្ធ ឧបទ្ទវហេតុនេះបានរារាំងប្រជាពលរដ្ឋមិនឱ្យប្រើប្រាស់សេវាកម្មបង់ប្រាក់ជាមុនរបស់ក្រុមហ៊ុន។ លើសពីនេះទៀតសហគ្រិនដែលផលិតថាមពលពីបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar) ហើយបន្ទាប់មកលក់វាទៅក្រុមហ៊ុនក៏ត្រូវរងផលប៉:ពាល់ផងដែរ។
ដើម្បីធ្វើឱ្យវាកាន់តែអាក្រក់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ផែនការអគ្គិសនីបង់ប្រាក់ជាមុនពីអ្នករស់នៅទីក្រុង Johannesburg ជាធម្មតាគឺផុតកំណត់ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនៃខែនីមួយៗ ដូច្នេះ ការមិនមានអគ្គិសនីប្រើប្រាស់គឺកំពុងតែខិតជិតមកដល់ផងដែរ។ ព័ត៌មានថ្មីទាក់ទងទៅនឹង ហេតុការណ៍នេះ គឺក្រុមហ៊ុនបាននិយាយថា ransomware ដែលត្រូវបានប្រើដោយពួកហេគឃ័របានរារាំងពួកគេ មិនឲ្យអាក់េសសចូលដំណើរការកម្មវិធីផ្ទៃក្នុងរបស់ខ្លួន។ ក្រុមហ៊ុននេះបានបដិសេធមិនបង្ហាញពីឈ្មោះរបស់មេរោគ ransomware ដែលត្រូវបានប្រើក្នុងការវាយប្រហារនោះទេ។
អ្នកឯកទេសសវនកម្មប្រព័ន្ធអ៊ិនធឺណែតផ្នែកសន្តិសុខអ៊ិនធើណែត (IICS) បានរាយការណ៍ពីការវាយប្រហារតាមអ៊ីនធឺណែតប្រឆាំងនឹងសេវាកម្ម និងការិយាល័យសាធារណៈនៅទីតាំងជាច្រើននៅជុំវិញពិភពលោកជាពិសេសនៅសហរដ្ឋអាមេរិក។ កាលពី 2 ខែមុនរលកនៃការវាយប្រហារមេរោគចាប់ជំរិត បានរាតត្បាតទៅលើទីក្រុងតូចៗនៅរដ្ឋ Florida សហរដ្ឋអាមេរិច តែមិនបណ្តាលឱ្យមានការដាច់ចរន្តអគ្គីសនី ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធឡើយ តែរដ្ឋត្រូវចំណាយរាប់សិបពាន់ដុល្លារសម្រាប់ការចំណាយលើការស្តារឡើងវិញ ដូច្នេះវាត្រូវបានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងការប៉ុនប៉ងវាយប្រហារណាមួយតាមអ៊ីនធឺណែត៕
ប្រភព៖ ZDNET