ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុន NSO Group របស់អុីស្រាអ៊ែល និងក្រុមហ៊ុន Candiru ទៅក្នុងបញ្ចីខ្មៅក្នុងការធ្វើពាណិជ្ជកម្ម (trade blacklist) កាលពីថ្ងៃពុធ កន្លងទៅនេះ ដោយបាននិយាយថា ក្រុមហ៊ុននេះបានលក់នូវមេរោគ (spyware) ទៅឱ្យរដ្ឋាភិបាលបរទេស ដែលបានប្រើប្រាស់កម្មវិធីនោះវាយលុកទៅលើគោលដៅដែលជាមន្រ្តីរដ្ឋាភិបាល អ្នកសារព័ត៌មានល្បីៗ និងផ្សេងៗទៀត – នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Reuters។
ក្រុមហ៊ុន Positive Technologies របស់ Russia និង Computer Security Initiative Consultancy PTE LTD មកពីសឹង្ហបុរី ក៏ជាប់ទៅក្នុងបញ្ជីខ្មៅផងដែរ ដោយក្រសួងពាណិជ្ជកម្មបញ្ជក់ថា ក្រុមហ៊ុនទាំងនេះបានជួញដូរកម្មវិធីកុំព្យូទ័រ ដែលត្រូវបានប្រើប្រាស់ដើម្បីជ្រៀតចូលទៅក្នុងបណ្តាញកុំព្យូទ័រដោយមិនមានការអនុញ្ញាត។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន NSO បាននិយាយថា ក្រុមហ៊ុមរបស់ខ្លួនជាអ្នករងគ្រោះដោយសេចក្តីសម្រេចនេះ ដោយសារតែបច្ចេកវិទ្យារបស់ខ្លួនគាំទ្រទៅដល់ប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងគោលនយោបាយនានា ដោយការបង្ការឧក្រិដ្ឋកម្ម និងអំពើភេរវកម្មផងដែរ។ ហេតុដូច្នេះហើយ ខ្លួននឹងប្រឹងប្រែងពន្យល់ឱ្យបានច្បាស់អំពីករណីនេះ ដើម្បីឱ្យមានការដកចេញសេចក្តីសម្រេចនេះវិញ។
ក្រសួងការពារជាតិអុីស្រាអ៊ែល ដែលផ្តល់អាជ្ញាប័ណ្ណក្នុងការនាំចេញដល់ NSO បានធ្វើការបដិសេធន៍មិនអត្ថាធិប្បាយអំពីបញ្ហានេះ។ ព័ត៌មានទំនាក់ទំនងរបស់ Candiru ក៏មិនមានផងដែរ។
រដ្ឋបាលលោកប៊ៃឌិន បានធ្វើការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Positive Technologies របស់រុស្សី ដែលនៅក្នុងឆ្នាំនេះ បានផ្តល់ការគាំទ្រដល់រដ្ឋភិបាលរុស្សីផងដែរ។ ក៏ប៉ុន្តែក្រុមហ៊ុនបានប្រកែកថាខ្លួនមិនបានប្រព្រឹត្តិកំហុសឆ្គងអ្វីឡើយ ហើយការដាក់ទណ្ឌកម្មនេះក៏មិនអាចរារាំងខ្លួនមិនឱ្យធ្វើការចុះបញ្ជីផ្សារហ៊ុនផងដែរ។
ក្រុមហ៊ុន Computer Security Initiative Consultancy PTE LTD ដែលយើងស្គាល់ថា COSEINC មិនអាចធ្វើការឆ្លើយភ្លាមៗបានទេអំពីបញ្ហានេះ។ ស្ថាបិក COSEINC ដែលមានឈ្មោះថា Thomas Lim ត្រូវបានគេស្គាល់ថាគឺជាអ្នករៀបចំសិក្ខាសាលាសន្តិសុខសាយប័រឈ្មោះថា SyScan ដែលក្រោយមកបានលក់ទៅឱ្យក្រុមហ៊ុនចិន Qihoo360។
បញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់សម្រាប់គោលការណ៍សន្តិសុខជាតិ និងគោលនយោបាយការបរទេស ក្នុងរដ្ឋបាលលោកប្រធានធិបតីត្រាំ។ ក្រុមហ៊ុន Hauwei ត្រូវបានដាក់បញ្ចូលនៅក្នុងឆ្នាំ២០១៩ ដែលបានកាត់ផ្តាច់ក្រុមហ៊ុននេះ ចេញពីខ្សែចង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យក្រុមហ៊ុន Hauwei មានការលំបាកក្នុងការផលិតស្មាតហ្វូន៕