ចក្រភពអង់គ្លេសបង្កើតអង្គភាពដើម្បីប្រយុទ្ធនៅលើសមរភូមិបណ្តាញព័ត៌មានសង្គម

លោកឧត្តមសេនីយ៍ឯក Ivan Jones ដែលជាមេបញ្ជាការកងទ័ពជើងគោកចក្រភពអង់គ្លេសបានមានប្រសាសន៍ថា “យើងត្រូវការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត​ និងផ្តោតការយកចិត្តទុកដាក់ទៅលើការតំរែតំរង់ផ្នែកស៊ើបការណ៍, ប្រតិបត្តិការព័ត៌មានតាមអិុនធឺណិត, សង្គ្រាមអេឡិចត្រូនិក​ (electronic warfare) និងសង្គ្រាមមិនតាមប្រពៃណី (unconventional) ” ។ នេះបើតាមការចេញផ្សាយរបស់ Forbes នាពេលថ្មីៗនេះ

អង្គភាពប្រតិបត្តិការអិុនធឺណិតពិសេសថ្មីរបស់ចក្រភពអង់គ្លេស គឺកងពលធំ លេខ៦ (6 Division) នឹងធ្វើលើសពីសមត្ថភាពអិុនធឺណិតធម្មតានៅក្នុងវិស័យយោធារបស់ខ្លួន ដោយចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពោរពេញទៅដោយ“ សង្គ្រាមព័ត៌មាន – Information Warfare”។ ហើយនៅទីនេះសត្រូវចម្បងគឺប្រទេសរុស្ស៊ី ដែលបានប្រែក្លាយសិល្បៈនៃព័ត៌មានក្លែងក្លាយ (fake news) និងការឃោសនានយោបាយ (political propaganda) នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗ ឱ្យទៅជាយុទ្ធសាស្ត្រសន្តិសុខជាតិ។

ភាគច្រើននៃការងាររបស់អង្គភាពថ្មី គឺជាសកម្មភាពដែលមានលក្ខណៈជាប្រពៃណីដូចជាការរាំងស្ទះ ​(jamming) និងស្ទាក់ចាប់ប្រព័ន្ធទំនាក់ទំនង ​(communication) របស់សត្រូវ និងគាំទ្រដល់ទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់សម្ព័ន្ធមិត្ត។ ប៉ុន្តែអង្គភាពថ្មីនេះ ក៏មានសមត្ថភាពក្នុងការការឃោសនាទប់ស្កាត់ និងវាយបកការពារខ្លួនផងដែរ ពោលគឺយកការប្រយុទ្ធតាមបណ្តាញសង្គមទៅកាន់រុស្ស៊ី ក៏ដូចជាក្រុមភេរវករដែលឧបត្ថម្ភដោយរដ្ឋជាច្រើន ែដលបានប្រើវេទិកាទាំងនោះដើម្បីបង្កភាពវឹកវរ និងជ្រៀតជ្រែកក្នុងការងាររបស់លោកខាងលិច។

លោក Philip Ingram អ្នកវិភាគផ្នែកការពារជាតិ ដែលធ្លាប់បំរើការនៅក្នុងភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអង់គ្លេសជាច្រើនឆ្នាំមកហើយបានប្រាប់ថា នេះគឺជាជំហានដំបូងបង្អស់នៅក្នុងកងទ័ពអង់គ្លេស ដែលទទួលស្គាល់ និងឆ្លើយបតពីរបៀបដែលវិស័យព័ត៌មានអាចមាន និងត្រូវបានប្រើប្រាស់ធ្វើជាអាវុធវាយប្រហារ (weaponized)។ វាគឺជាការសំខាន់ណាស់ ដែលត្រូវឆ្លើយតបនៅកំរិតការពារជាតិ (defense level) ក៏ដូចជាការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តណាតូរបស់យើង និងជាពិសេសអាមេរិក”។

សង្គ្រាមតាមអិុនធឺណិតបានឈានដល់ដំណាក់កាលថ្មីមួយនៅឆ្នាំនេះ ជាមួយនឹងការបង្កើនកម្រិតនៃការធ្វើសមាហរណកម្មរវាង physical និង cyber។

អង្គភាពសន្តិសុខអិនធឺណិត ​(cyber division) ថ្មីនៅក្នុងកងទ័ពអង់គ្លេស នឹងទាញយកកំលាំងជ្រើសរើសពីអង្គភាពកម្លាំងពិសេសដែលមានស្រាប់ ដែលជាកន្លែងមួយមានជំនាញអិុនធឺណិតខ្លាំងរួចទៅហើយ។ វានឹងរួមបញ្ចូលធនធានពីអង្គភាពដែលមានស្រាប់ រួមទាំងកងពល​តូចទី១ និងទី១១ និងកងពលតូចស៊ើបការណ៍ទី១ និងកងពលតូចឈ្លបយកការណ៍។ មានការបញ្ចូលគ្នារវាងកម្លាំងពិសេស និងធនធានស៊ើបការណ៍ ដែលត្រូវបានអនុវត្តទៅលើសមត្ថភាពវាយលុកតាមអិុនធឺណិតដផងដែរ ដែលយើងបានអាននៅក្នុងសារព័ត៌មាន។ ក៏ប៉ុន្តែ 6 Div ក៏នឹងពង្រីកបណ្តាញរបស់ខ្លួនផងដែរ ដោយស្វែងរកជំនាញខាងប្រព័ន្ធបណ្តាញសង្គម។ ការធ្វើដូច្នេះ វាស្រដៀងដូចគ្នាទៅនឹងលោកខាងលិច ដែលរាប់ចាំពីអ្នកម៉ៅការឯកជនរហូតដល់ក្រុម hacking ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលយើងបានឃើញនៅក្នុងប្រទេសរុស្ស៊ី និងចិន ក៏ដូចជាអ៊ីរ៉ង់និងកូរ៉េខាងជើង។

ឧត្តមសេនីយ៍ Jones បានពន្យល់ថា “ចរិតនៃសង្រ្គាមនៅតែបន្តផ្លាស់ប្តូរ ក្នុងខណៈពេលដែលព្រំដែនរវាងសង្គ្រាមធម្មតា (conventional) និងមិនធម្មតា (unconventional) កាន់តែមានភាពស្រពិចស្រពិល (blur) ។ រដ្ឋ (state) និងអ្នកមិនមែនរដ្ឋ (non-state) កំពុងបន្តស្វែងរកផលប្រយោជន៍នៅក្នុងតំបន់ស្រពិចស្រពិលនេះ ដែលស្ថិតនៅខាងក្រោមកម្រិតនៃជម្លោះធម្មតា (below the threshold of conventional conflict)” ។

ឆ្នាំ ២០១៩ នេះបានកត់សម្គាល់ជាចំណុចរបត់មួយសម្រាប់ផែនការយុទ្ធសាស្ត្រយោធារបស់លោកខាងលិច។ ដូចដែលសៀវភៅប្រវត្តិសាស្រ្តបានសរសេរអំពីជម្លោះនៅក្នុងឈូងសមុទ្រពែក (Gulf) មានការកើនឡើងជាចំហរនូវសង្គ្រាមតាមអិនធឺណែតដែលត្រូវបានគេមើលឃើញច្រើនជាងមុន។ ព័ត៌មានចុងក្រោយនេះ ផ្តោតលើការផ្តោតអារម្មណ៍ប្រហាក់ប្រហែលគ្នានៅសហរដ្ឋអាមេរិក ដែលយើងបានឃើញការកើនឡើងនូវទម្រង់នៃ Cyber​ Command វិស័យយោធា និងការប្រកាសអំពីអង្គភាពអិនធឺណិតនៅក្នុង NSA នៅក្នុងវិស័យស៊ើបការណ៍សំងាត់៕

Exit mobile version