ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

អត្ថបទទី ២៧៖ កូនៗចូលចិត្តលេង TikTok និង Instagram មែនទេ? អាណាព្យាបាលគួរចេះឆែក Privacy ទាំងនេះ មុនពេលយឺត

រយៈពេលអាន៖ ២ នាទី
កម្រិតយល់ដឹង៖ មូលដ្ឋានគ្រឹះ

នៅអត្ថបទមុន យើងបាននិយាយពីគ្រោះថ្នាក់នៃការចែករំលែកព័ត៌មានលើសលប់នៅលើបណ្តាញសង្គម។ អត្ថបទនេះ យើងនឹងបន្តមកមើលកម្មវិធីដែលយុវវ័យនិយមប្រើខ្លាំង គឺ TikTok និង Instagram។

កម្មវិធីទាំងនេះអាចប្រើសម្រាប់កម្សាន្ត រៀន និងចែករំលែកភាពច្នៃប្រឌិត។ ប៉ុន្តែបើគណនីបើកជា Public ពេក វាអាចធ្វើឱ្យជនចម្លែកមើលឃើញវីដេអូ រូបថត Comment និងផ្ញើសារមកកូនៗ ឬយុវវ័យបានងាយ។

១. ហានិភ័យ៖ DMs ពីជនចម្លែក និងការតាមដានទីតាំង

យុវវ័យចូលចិត្តថតវីដេអូ រាំលេង ឬចែករំលែកសកម្មភាពប្រចាំថ្ងៃ។ ប៉ុន្តែបើគណនីបើកជាសាធារណៈ វាអាចមានហានិភ័យសំខាន់ៗដូចជា៖

ការទាក់ទងពីជនចម្លែក
ជនខិលខូចអាចផ្ញើសារដោយផ្ទាល់ ឬ DMs មកកូនៗ ដើម្បីលួងលោម បោកប្រាស់ គំរាមកំហែង ឬផ្ញើ Link គ្រោះថ្នាក់។ ពេលខ្លះ អាណាព្យាបាលអាចមិនដឹងថាកូនៗកំពុងទទួលសារពីអ្នកណាខ្លះ។

ការតាមដានទីតាំង
វីដេអូដែលថតជាប់ឯកសណ្ឋានសាលា ឈ្មោះសាលា ផ្លូវជិតផ្ទះ ឬទីតាំងរៀនគួរ អាចធ្វើឱ្យជនចម្លែកស្គាល់ទីតាំងរបស់កូនៗបានងាយ។

និយាយឱ្យងាយយល់៖ គណនី Public អាចធ្វើឱ្យជនចម្លែកចូលមកជិតកូនៗរបស់អ្នកបានជាងដែលអ្នកគិត។

២. ដំណោះស្រាយ៖ ប្តូរទៅជា Private Account

វិធីសាស្ត្រងាយ និងមានប្រសិទ្ធភាពបំផុត គឺប្តូរគណនីទៅជា Private Account។

នៅពេលគណនីក្លាយជា Private៖

  • មានតែអ្នកដែលម្ចាស់គណនីអនុញ្ញាតប៉ុណ្ណោះ ទើបអាចមើលឃើញវីដេអូ ឬរូបថតបាន
  • ជនចម្លែកមិនអាចតាមដានបានដោយសេរី
  • អ្នកអាចកំណត់ថា នរណាអាច Comment ឬផ្ញើសារមកបាន

សម្រាប់ TikTok មាតាបិតាក៏អាចប្រើមុខងារ Family Pairing ដើម្បីភ្ជាប់គណនីរបស់ខ្លួនជាមួយគណនីកូន។ មុខងារនេះអាចជួយកំណត់ម៉ោងប្រើប្រាស់ និងគ្រប់គ្រងការផ្ញើសារដោយផ្ទាល់។

៣. សកម្មភាពប្រចាំអត្ថបទ

សូមចំណាយពេលបន្តិច ដើម្បីជួយឆែកការកំណត់លើ TikTok និង Instagram របស់កូនៗ ប្អូនៗ ឬក្មួយៗ។

សម្រាប់ TikTok៖

  1. ចូលទៅកាន់ Profile
  2. ចុច Menu
  3. ចូលទៅកាន់ Settings and privacy
  4. ចុច Privacy
  5. បើក Private account
  6. ចូលទៅកាន់ Direct messages
  7. ប្តូរទៅជា Friends ឬ No one

សម្រាប់ Instagram៖

  1. ចូលទៅកាន់ Profile
  2. ចុច Menu
  3. ចូលទៅកាន់ Settings and privacy
  4. ស្វែងរក Account privacy
  5. បើក Private account

បន្ទាប់ពីបើក Private Account រួច សូមជួយពិនិត្យ Followers ផងដែរ។ បើមានគណនីដែលមិនស្គាល់ ឬមើលទៅគួរឱ្យសង្ស័យ សូម Remove ឬ Block ចេញ។

សំណួរប្រចាំអត្ថបទ

តើគណនី TikTok ឬ Instagram របស់កូនៗ ប្អូនៗ ឬក្មួយៗរបស់អ្នកកំពុងបើកជា Public ឬ Private?

បើនៅជា Public សូមជួយប្តូរទៅជា Private។ ការការពារពួកគេនៅលើអ៊ីនធឺណិត សំខាន់ដូចគ្នានឹងការបង្រៀនពួកគេឱ្យចេះប្រុងប្រយ័ត្នក្នុងជីវិតពិតដែរ។

នៅអត្ថបទបន្ទាប់ យើងនឹងនិយាយអំពី ការគ្រប់គ្រងការ Tag លើ Facebook។ តើធ្វើដូចម្តេចដើម្បីកុំឱ្យគេ Tag រូបលក់ដី លក់ឡេ ឬរូបមិនសមរម្យ មកបង្ហាញលើ Facebook របស់អ្នក?

Show More
Apsara Media Services (AMS)

POUN Sokha

អ្នកស្រាវជ្រាវ និងអ្នកបង្កើតមាតិកាសុវត្ថិភាពសាយប័រ (Cybersecurity Content Creator & Researcher)អ្នកជំនាញស្រាវជ្រាវ និងចងក្រងមាតិកាសុវត្ថិភាពសាយប័រជាភាសាខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន។ ផ្តោតលើការផលិតអត្ថបទ និងមាតិកាអប់រំប្រកបដោយគុណភាពសម្រាប់គេហទំព័រ ដោយសម្រួលបច្ចេកទេសស្មុគស្មាញឱ្យទៅជាខ្លឹមសារងាយយល់ ងាយអនុវត្ត និងទាន់ហេតុការណ៍ ។ ការងារនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យកាលទំនើប។

Related Articles

Back to top button