អត្ថបទទី៧៥៖ បង្ហោះឯកសារ បិទបាំងទិន្នន័យសំខាន់ៗសិន!

«កុំចង់បានត្រឹមតែ Like និង Share មួយភ្លែត តែត្រូវមកក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន! អត្តសញ្ញាណប័ណ្ណមួយសន្លឹកដែលអ្នកគិតថាគ្មានរឿងអីនោះ គឺជាអ្វីដែលជនឆបោកកំពុងអង្គុយចាំយក!»
ថ្ងៃនេះ SecuDemy សុំនិយាយចំៗ និងចាក់ដោតបន្តិចជុំវិញទម្លាប់មួយដែលអ្នកលេងហ្វេសប៊ុកចូលចិត្តធ្វើណាស់ គឺ «ការបង្ហោះរូបឯកសារផ្លូវការបង្ហាញគេ (អត្តសញ្ញាណប័ណ្ណ វីសារទៅបរទេស ប័ណ្ណឡើងយន្តហោះ ឬឯកសារផ្ទាល់ខ្លួនដទៃទៀត ដោយមិនព្រមបិទបាំងព័ត៌មានសំខាន់ៗ (Redaction/Blurring)»។
ឱ្យតែមានរឿងសប្បាយចិត្តដឹងតែអត់ទ្រាំមិនបានទេ ត្រូវតែដកទូរស័ព្ទមកថតបង្ហោះភ្លាម៖
- ប្រឡងជាប់បាក់ឌុប ថតបង្ហោះសញ្ញាបត្រភ្លាម
- ទិញឡាន ទិញដី ឬទិញផ្ទះថ្មី ថតបង្ហោះប្លង់ដី និងកិច្ចសន្យា
- សុំទិដ្ឋាការ (Visa) បានទៅលេងស្រុកក្រៅ ថតបង្ហោះ
- ដំណើរកំសាន្តដោយថតបង្ហោះសំបុត្រយន្តហោះ ឬបណ័្ណឡើងយន្តហោះ
- អត្តសញ្ញាណប័ណ្ណ (ID Card) ដែលទើបទទួលបានថ្មីៗ
- សំបុត្រកំណើត ប័ណ្ណគ្រួសារ
អ្នកគិតថាគ្រាន់តែបង្ហោះឱ្យគេដឹង និងចូលរួមត្រេកអរ តែតាមពិតអ្នកកំពុងតែ «ហុចព័ត៌មានសម្ងាត់ឱ្យជនឆបោកយកទៅក្លែងបន្លំ» ដោយខ្លួនឯងសោះ!
១. គ្រោះថ្នាក់ជាក់ស្ដែង៖ ជនឆបោកយកព័ត៌មានលើក្រដាសនោះទៅធ្វើអីខ្លះ?
- ជនឆបោកយកឈ្មោះ និងលេខសម្គាល់ទៅលួចខ្ចីលុយតាម App កម្ចី៖ នៅលើសញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ ឬឯកសារផ្សេងទៀត មានទាំងឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និងអាសយដ្ឋានផ្ទះពិតប្រាកដរបស់អ្នក។ ជនឆបោកអាចយកព័ត៌មានទាំងអស់ហ្នឹង ទៅដាក់ពាក្យខ្ចីលុយតាម App កម្ចីខុសច្បាប់ ជាដើម។ លុយជនឆបោកជាអ្នកចាយ តែដល់ពេលគេទារលុយ ឬពាក់ព័ន្ធទៅនឹងបទល្មើសអ្វីមួយ គឺជាព័ត៌មានរបស់អ្នកទាំងស្រុង
- ជនឆបោក Scan យកទិន្នន័យពី Barcode និង QR Code លើសំបុត្រយន្តហោះ៖ អ្នកខ្លះឆ្លាតគួរសមដែរ ខំយកដៃ ឬស្ទីគ័របិទឈ្មោះ និងលេខកៅអី តែបែរជាភ្លេចបិទផ្ទាំង Barcode ឬ QR Code នៅលើសំបុត្រយន្តហោះ! ជនឆបោកមិនល្ងង់ទេ គ្រាន់តែយកទូរស័ព្ទមក Scan លើរូបនោះ រឿងសម្ងាត់ទាំងអស់នឹងបង្ហាញភ្លាម៖ ដឹងលេខកូដសំបុត្រ (PNR) ដឹងលេខលិខិតឆ្លងដែន ជើងហោះហើរ និងធ្លាយដល់កាតធនាគារដែលអ្នកប្រើកក់សំបុត្រទៀត! វាថែមទាំងអាចចូលទៅ Cancel ឬកែម៉ោងហោះហើររបស់អ្នកចោលទៀតផង។
- អាចស្រែកប្រាប់ចោរឱ្យចូលគាស់ផ្ទះ៖ ការបង្ហោះសំបុត្រយន្តហោះមុនពេលឡើងជិះ មិនខុសពីការស្រែកប្រាប់ក្រុមចោរថា៖ «ផ្ទះខ្ញុំគ្មានមនុស្សនៅទេ ចាប់ពីថ្ងៃនេះដល់ថ្ងៃនោះ មកលួចតាមសម្រួលមក!»
២. ដំណោះស្រាយងាយៗ៖ «បិទឱ្យជិត មុននឹងបង្ហោះ»
បើមិនចង់ជួបគ្រោះថ្នាក់ មុននឹងចុច Post រូបឯកសារអ្វីមួយ សូមធ្វើរឿងទាំងនេះជាដាច់ខាត៖
- យកបន្ទះខ្មៅដិតមកបិទពីលើ (កុំប្រើ Blur)៖ ឈប់ប្រើជក់គូសស្ដើងៗ ឬការធ្វើឱ្យព្រាលស្រាលៗ (Blur) ទៀតទៅ ព្រោះចោរវាអាចយកទៅទាញពន្លឺមើលធ្លុះបាន។ ត្រូវយកប្រអប់ពណ៌ខ្មៅដិត មកបិទលើឈ្មោះ លេខកូដ និងអាសយដ្ឋានឱ្យជិតឈឹងតែម្ដង។
- បិទ Barcode និង QR Code ឱ្យបាត់ស្រមោល៖ លើសំបុត្រយន្តហោះ សំបុត្រកុន ឬសំបុត្រប្រគំតន្ត្រី ត្រូវតែយកបន្ទះខ្មៅបិទផ្ទៃ Barcode និង QR Code ទាំងមូលឱ្យជិត កុំឱ្យកាមេរ៉ាណា Scan បានឱ្យសោះ។
- កាត់យករូបភាពត្រឹមតែចំណុចសំខាន់ (Crop)៖ បើចង់បង្អួតគេថាប្រឡងជាប់ កាត់យករូបត្រឹមពាក្យថា “ជាប់” ឬនិទ្ទេស បានហើយ មិនបាច់បង្ហាញទាំងសន្លឹកទេ។ បើទិញផ្ទះថ្មី ថតតែសោផ្ទះទៅ មិនបាច់ថតប្លង់ដី ឬកិច្ចសន្យាទេ!
៣. ទម្លាប់ដែលត្រូវកែប្រែជាបន្ទាន់
- ចាំដើរលេងចប់ មកដល់ផ្ទះវិញចាំបង្ហោះ៖ ឈប់បង្ហោះរូបសំបុត្រយន្តហោះនៅព្រលាន ឬពេលកំពុងសប្បាយនៅស្រុកក្រៅ។ ត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាពសិន ចាំបង្ហោះរូបទេសភាពតាមក្រោយ។
- ដាច់ខាតកុំបង្ហោះប្លង់ដី៖ ប្លង់ដីមានទាំងលេខក្បាលដី និងស្នាមមេដៃរបស់អ្នក។ ជនឆបោកអាចយករូបនោះទៅក្លែងបន្លំឯកសារក្នុងប្រការណាមួយនោះ
- មើលរូប ៥ វិនាទីសិនមុនចុច Post: មុននឹងចុចបង្ហោះ ពង្រីករូបថតមើលឱ្យច្បាស់សិន។ បើឃើញមានលេខកូដ អាសយដ្ឋាន ឬ QR Code នៅជាប់លើហ្នឹង លុបចោលភ្លាម កុំបង្ហោះឱ្យសោះ!
💡 ចំណុចត្រូវចងចាំ
«រូបបង្ហោះលើ Facebook រួចហើយ ទោះអ្នកប្រញាប់លុបចេញវិញក្នុងរយៈពេល ១ នាទី ក៏ជនឆបោកអាចធ្វើការ Screenshot ទាញយកទុកបាត់ទៅហើយ។ កុំយកសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ទៅប្តូរជាមួយ Like/Share លើបណ្ដាញសង្គម!»
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




