EventGeneralOther EventsSecurity News

ក្រុមហ៊ុន សែលកាត | អុីហ្សីខម និងក្រុមហ៊ុន Nexusguard សហ​ប្រតិបត្តិការ ក្នុងការពង្រឹងបរិបទសន្តិសុខសាយប័រនៅកម្ពុជា

ISAC Cambodia (InfoSec)

[ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា] ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំ ចំពោះសន្តិសុខឌីជីថលជាតិ ក្រុមហ៊ុន សែលកាត | អុីហ្សីខម ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឌីជីថលឈានមុខ និងជាក្រុមហ៊ុនជាតិតែមួយគត់របស់កម្ពុជា បានប្រកាសអំពីសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Nexusguard ដែលជាក្រុមហ៊ុនអន្តរជាតិនាំមុខ ក្នុងការកាត់បន្ថយការវាយប្រហារ DDoS។ កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ នឹងផ្តល់នូវសេវាការពារការវាយប្រហារ Distributed Denial of Service (DDoS) កម្រិតសហគ្រាសដ៏រឹងមាំ ដល់វិស័យសំខាន់ៗរបស់កម្ពុជា រួមមានគ្រឹះស្ថានហិរញ្ញវត្ថុ និងទីភ្នាក់ងាររដ្ឋាភិបាល។

នៅក្នុងយុគសម័យ ដែលការគំរាមកំហែងតាមប្រព័ន្ធអុីនធឺណិត កាន់តែកើនឡើងញឹកញាប់ និងកាន់តែស្មុគស្មាញ ស្ថាប័ននានានៅកម្ពុជា កំពុងក្លាយជាគោលដៅចម្បង សម្រាប់ការវាយប្រហារ DDoS ដែលរចនាឡើងដើម្បីព្យាបាទ រំខានដល់សេវាកម្មអនឡាញសំខាន់ៗ។ ដោយយល់ច្បាស់នូវតម្រូវការបន្ទាន់នេះ ក្រុមហ៊ុន សែលកាត | អុីហ្សីខម កំពុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីបញ្ចូលជំនាញក្នុងការកាត់បន្ថយការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន Nexusguard។ ភាពស៊ីសង្វាក់គ្នានេះ ធានាបាននូវការការពារដ៏ទូលំទូលាយ ពីដើមដល់ចប់ ដែលត្រូវបានរៀបចំយ៉ាងល្អិតល្អន់ស្របតាមតម្រូវការពិសេស នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ និងបរិបទសន្តិសុខសាយប័រ កាន់តែទូលំទូលាយ ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម មានមោទកភាពក្នុងការគាំទ្រកិច្ចប្រជុំ ដ៏សំខាន់មួយ នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នៅអគារម័រហ្គែន ថៅវ័រ ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗជាង ១៥០ រូប រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីរាជការមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ និងអ្នកជំនាញសន្តិសុខសាយប័រទាំងជាតិ និងអន្តរជាតិ។ សិក្ខាសាលានេះ មានគោលដៅលើកកម្ពស់កិច្ចសន្ទនាសំខាន់ៗ ស្តីពីទិសដៅអនាគតនៃសន្តិសុខសាយប័រនៅកម្ពុជា ដោយស្វែងរកយុទ្ធសាស្ត្រសហប្រតិបត្តិការ រវាងវិស័យផ្សេងៗ ដើម្បីពង្រឹងប្រព័ន្ធការពារឌីជីថលជាតិ និងកសាងបរិយាកាសឌីជីថល ដែលមានសុវត្ថិភាពសម្រាប់ប្រទេសជាតិ។

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ លើកកម្ពស់ដល់ស្ថាប័នធនាគារកម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ សហគ្រាស និងស្ថាប័នរដ្ឋនានានៅកម្ពុជា ទទួលបាននូវថ្នាលការពារ DDoS ដែលមានការគ្រប់គ្រងពេញលេញ និងមានពហុស្រទាប់។ ដំណោះស្រាយដ៏ទូលំទូលាយនេះ ផ្តល់នូវការការពារដ៏រឹងមាំ នៅគ្រប់ទីកន្លែងដែលអាចរងការវាយប្រហារទាំងអស់ ចាប់ពីស្រទាប់បណ្តាញសេវា រហូតដល់ DNS គេហទំព័រ និងកម្មវិធី Apps ដោយមានការគាំទ្រពីការត្រួតពិនិត្យជាប់លាប់រហូត ២៤ម៉ោង ការរកឃើញការគំរាមកំហែងដោយស្វ័យប្រវត្តិ សមត្ថភាពឆ្លើយតបរហ័ស និងកិច្ចព្រមព្រៀងកម្រិតសេវាកម្ម (SLAs) យ៉ាងតឹងរ៉ឹង។

លោក ជា តុលា នាយកផ្នែកអាជីវកម្មសហគ្រាសនៃក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ក្រុមហ៊ុនយើង ចំពោះនវានុវត្តន៍ និងភាពរឹងមាំនៃប្រព័ន្ធឌីជីថលរបស់ជាតិ។ តាមរយៈការបញ្ចូលបច្ចេកវិទ្យាទំនើប ដែលត្រូវបានបង្ហាញរបស់ក្រុមហ៊ុន Nexusguard ទៅក្នុងផលប័ត្រសេវាកម្មរបស់យើងដោយរលូន យើងខ្ញុំកំពុងតែបានជួយពង្រឹងសមត្ថភាពដល់អតិថិជនរបស់យើង ជាមួយនឹងកម្រិតការពារដែលមិនធ្លាប់មានពីមុនមក និងភាពទុកចិត្ដដ៏មានតម្លៃដែលភ្ជាប់មកជាមួយ”។

លោក Andy Ng នាយកប្រតិបត្តិក្រុមហ៊ុន Nexusguard បានមានប្រសាសន៍ថា “ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតកំពុងមានការវិវត្តយ៉ាងឆាប់រហ័សនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ គោលដៅចំបងរបស់យើង គឺបំពាក់សមត្ថភាពដល់ស្ថាប័ននានានៅកម្ពុជាជាមួយនឹងភាពធន់ តាមរយៈយន្តការការការពារ DDoS កម្រិតអន្តរជាតិ។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយ ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម នេះតំណាងឱ្យជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័ររបស់កម្ពុជា និងពង្រីកវត្តមានរបស់ក្រុមហ៊ុន Nexusguard យ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលការការពារឌីជីថលដ៏រឹងមាំ មានសារៈសំខាន់ជាងពេលមុនៗទាំងអស់”។

ការដាក់ឱ្យដំណើរការសេវាការពារ DDoS កម្រិតខ្ពស់ទាំងនេះ ស្របគ្នាជាមួយនឹងរបៀបវារៈនៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា បានបង្ហាញឱ្យយើងកាន់តែឃើញច្បាស់ អំពីការផ្តោតសំខាន់ថ្នាក់ជាតិលើការត្រៀមខ្លួនកាន់តែខ្លាំងឡើងផ្នែកសន្តិសុខសាយប័រ។ លើសពីនេះទៅទៀត វាបានឆ្លុះបញ្ចាំងពីតម្រូវការក្នុងតំបន់កាន់តែទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងរដ្ឋ និងឯកជនដ៏រឹងមាំក្នុងការការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងឧប្បត្តិហេតុតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំ។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងដំណោះស្រាយការពារ DDoS របស់ក្រុមហ៊ុន សែលកាត | អ៊ីហ្សីខម និងក្រុមហ៊ុន Nexusguard សូមទាក់ទងទៅកាន់ផ្នែកដំណោះស្រាយអាជីវកម្ម។

ទូរស័ព្ទ៖ +៨៥៥ ១២ ៩៩៩ ៧១២
អ៊ីមែល៖ business@cellcard.com.kh

អំពីក្រុមហ៊ុនសែលកាត

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានភាពច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។   

 ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។   

 អំពីក្រុមហ៊ុន​ Nexusguard

បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុន Nexusguard គឺជាក្រុមហ៊ុនដែលគួរឱ្យទុកចិត្ត ក្នុងការផ្តល់នូវដំណោះស្រាយការពារការវាយប្រហារ DDoS ដោយមានគោលដៅសំខាន់ ក្នុងការការពារបណ្តាញសេវា គេហទំព័រ និងប្រព័ន្ធ DNS សម្រាប់សហគ្រាស និងក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនង (CSPs)។ ក្រុមហ៊ុននេះ ប្រើប្រាស់បច្ចេកវិទ្យាការពារ DDoS ហៅថា Bastions ដែលជាកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួន និងមានមជ្ឈមណ្ឌលកម្ចាត់ DDoS ជាង ៥០ កន្លែង ដើម្បីធានាសុវត្ថិភាពដល់ ASNs ជាង ៥០,០០០ និងសហការជាមួយ CSPs ជាង ១០០ នៅទូទាំងពិភពលោក។ តាមរយៈការជួយ CSPs ឱ្យអាចផ្តល់សេវាការពារ DDoS ជាសេវាកម្មមួយ ក្រុមហ៊ុន Nexusguard ជួយឱ្យអាជីវកម្មនានា អាចផ្តោតសំខាន់លើអាទិភាពរបស់ខ្លួន ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ពួកគេ នៅតែមានសុវត្ថិភាព។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nexusguard.com។   

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button