ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

គន្លឹះការពារខ្លួនពីការវាយប្រហារ Phishing Attacks

វិធីដ៏ងាយស្រួលបំផុតរបស់អ្នកវាយប្រហារចូលទៅកាន់ទិន្នន័យសំខាន់ៗរបស់អ្នក គឺតាមរយៈការលួចយកអត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ រឿងជាច្រើននឹងកាន់តែអាក្រក់ ប្រសិនបើការលួចយកនូវអត្តសញ្ញាណនេះគឺប៉ៈទៅលើអ្នកប្រើប្រាស់ដែលមានសិទ្ធិទូលាយ (broader priviledge) ហើយវាក៏នឹងផ្តល់អោយអ្នកវាយប្រហារនូវសិទ្ធិធំធេងផងដែរ ដើម្បីវាយលុកទៅក្នុងប្រព័ន្ធរបស់អ្នក។

យោងទៅតាមការសិក្សាមួយនៅក្នុងឆ្នាំ 2019 បានឱ្យដឹងថា ៧៤% នៃអ្នកឆ្លើយតប ដែលស្ថាប័នរបស់ពួកគេមានការរំលោភបំពានទៅលើទិន្នន័យ (data breach) នោះ បានទទួលស្គាល់ថាឧប្បទេវហេតុនៃការវាយលុកសន្តិសុខ គឺពាក់ព័ន្ធទៅនឹងអ្នកប្រើប្រាស់ដែលមានសិទ្ធិធំទូលាយ (privileged account)។ តាមការរយៈការប្រើប្រាស់នូវអត្តសញ្ញាណទាំងនោះ ហេគឃ័រអាចធ្វើប្រតិបត្តិការដោយមិនមានការចាប់បាន ​(detect) និងលួចបញ្ចេញទិន្នន័យសំខាន់ៗដោយមិនមានការផ្តល់សញ្ញាណាមួយឡើយ។ ជាលទ្ធផល វាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដែលថា ការវាយប្រហារជាច្រើននាពេលសព្វថ្ងៃនេះ គឺតាមរយៈយុទ្ធនាការបោកបញ្ជោត (phishing) ។ តើស្ថាប័នអាចធ្វើអ្វីខ្លះ ដើម្បីការពារទៅលើអ្នកប្រើប្រាស់របស់ពួកគេ មិនឱ្យធ្លាក់ចូលទៅក្នុងនុយនៃការបោកបញ្ជោតនេះ?

ការបោកបញ្ជោត (phishing) ​នេះ គឺជាការប៉ុនប៉ងរបស់បុគ្គល ឬក្រុមមួយ ដើម្បីស្នើសុំនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលមិនបានរំពឹងទុកមុន ដោយបច្ចេកទេសនៃវិស្វកម្មសង្គម (social engineering)។ អុីម៉ែលបោកបញ្ជោត (Phishing email) គឺបង្កើតឡើងដោយមើលទៅហាក់ដូចជាផ្ញើចេញពីស្ថាប័នត្រឹមត្រូវ/ស្របច្បាប់ ឬបុគ្គលដែលគេស្គាល់ច្បាស់លាស់អញ្ចឹង ។ អុីម៉ែលទាំងនេះ (ឬសារ sms) ប៉ុនប៉ងព្យាយាមទាក់ទាញអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណរភ្ជាប់ (Link) មួយ ដែលនឹងនាំអ្នកប្រើប្រាស់ទៅទៅកាន់វេបសាយដែលក្លែងបន្លំ។ អ្នកប្រើប្រាស់ត្រូវបានគេស្នើសុំអោយផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដូចជា username និង password របស់គណនីណាមួយ ។ បន្ថែមពីនេះទៀតនោះ វេបសាយក្លែងក្លាយនោះ ក៏អាចមានបង្កប់កូដមេរោគផងដែរ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ Verizon Data Breach Investigations Report (DBIR) ឆ្នាំ ២០១៩ បានបញ្ជាក់ថា ជិត ១ ភាគ ៣ នៃការរំលោភបំពានទិន្នន័យទាំងអស់ គឺមានការពាក់ព័ន្ធទៅនឹងការបោកបញ្ជោត (phishing)។ សម្រាប់យុទ្ធនាការចារកម្មតាមអុីនធឺណិត ចំនួននេះគឺកើនឡើងដល់ទៅ 78% ។ ការវាយប្រហារបោកបញ្ជោតនេះ (Phishing attacks) អាចបែងចែកជា ៤ ក្រុមគឺ៖

• Deceptive Phishing – គឺជាប្រភេទនៃការបោកបញ្ជោតដែលពេញនិយមបំផុត ដែលមានការ ក្លែងបន្លំខ្លួនជាក្រុមហ៊ុនស្របច្បាប់ ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងការចូលប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួនថែមទៀត

• Spear Phishing – ប្រភេទនៃការវាយប្រហារនេះគឺមានលក្ខណៈស្មុគស្មាញ ដែលវាយប្រហារតាមអុីម៉ែលជាមួយនឹងគោលដៅច្បាស់លាស់ ដែលមានឈ្មោះ មុខរបរ ក្រុមហ៊ុន និងព័ត៌មានផ្ទាល់ខ្លួនរបស់គោលដៅ ដើម្បីអោយអ្នកទទួលជឿជាក់ថាពួកគេមានទំនាក់ទំនងមួយទៅនឹងអ្នកផ្ញើនោះ

• CEO Fraud – ប្រភេទនៃការវាយប្រហារនេះ គឺមានគោលដៅទៅលើនាយកប្រតិបត្តិ ដើម្បីលួច credentials របស់ពួកគេ ដែលភាគច្រើនពាក់ព័ន្ធទៅនឹងការបញ្ហាហិរញ្ញវត្ថុ

• Smishing – អ្នកវាយប្រហារធ្វើការផ្ញើជាសារ SMS ទៅកាន់ទូរស័ព្ទរបស់ជនរងគ្រោះ ដែលមានបង្កប់ឱ្យចុចទៅលើអ្វីមួយ ដើម្បីធ្វើការដោនឡូតមេរោគជាដើម។

របៀបការពារខ្លួន

អ្នកប្រើប្រាស់គួរតែអនុវត្តន៍នូវចំនុចមួយចំនួនដូចខាងក្រោម ហើយប្រើប្រាស់នូវការគិតរបស់ខ្លួនដោយប្រុងប្រយ័ត្ន៖

  • មិនត្រូវបង្ហោះព័ត៌មានទាំងឡាយណាដែលអាចត្រូវបានប្រើប្រាស់សម្រាប់ធ្វើការវាយប្រហារត្រលប់មកអ្នកវិញ ដែលមានដូចជា ថ្ងៃខែឆ្នាំកំណើត ផែនការធ្វើដំណើរ ឬព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួនជាដើម នៅលើបណ្តាញព័ត៌មានសង្គម ហើយអាចមើលឃើញជាសាធារណៈ
  • ធ្វើការត្រួតពិនិត្យទៅលើអាស័យអុីម៉ែលរបស់អ្នកផ្ញើមកឱ្យបានច្បាស់លាស់
  • មិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ឡើយ។ អ្នកអាចវាយឈ្មោះវេបសាយដោយផ្ទាល់ទៅក្នុង brower បើសិនជាអាច
  • នៅពេលដែលសារអុីម៉ែលមកពីប្រភពដែលគួសង្ស័យ គួរតែមានទាក់ទងត្រលប់ទៅវិញ ​(ដោយទូរស័ព្ទសួរ) ឬមិនត្រូវឆ្លើយតបអ្វីទាំងអស់
  • អាននូវអុីម៉ែលនោះ ហើយធ្វើការត្រួតពិនិត្យទៅលើអក្ខរាវិរុទ្ធ និងកំហុសវេយ្យាករណ៍ ឬប្រយោគដែលមានភាពចំលែកជាដើម
  • សូមមានការប្រុងប្រយ័ត្ន នូវសារអុីម៉ែលទាំងឡាយណាដែលមានលក្ខណៈបន្ទាន់ ដែលបង្ខំឱ្យអ្នកធ្វើអ្វីមួយដោយមិនបានគិត។

សម្រាប់ក្រុមហ៊ុន អភិបាលគ្រប់គ្រងប្រព័ន្ធព័ត៌មានគួរតែធ្វើការអនុវត្តនូវយន្តការមួយចំនួនដូចខាងក្រោម ដើម្បីការពារអង្គភាពរបស់អ្នក៖

  • ធ្វើការអប់រំដល់អ្នកប្រើប្រាស់អំពីហានិភ័យនៃការវាយប្រហារ phishing និងចរិតលក្ខណៈនៃការវាយប្រហារទាំងនេះ
  • ដាក់ឱ្យមានមុខងារ email protection ទៅលើអុីម៉ែលដែលចូលមកក្នុងអង្គភាព និងធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាដើម
  • ដាក់ឱ្យប្រើប្រាស់នូបមុខងារ multi-factor authentication (MFA) ដែលនឹងទាមទារឱ្យមានការផ្ទៀងផ្ទាត់សិទ្ធិអ្នកប្រើប្រាស់ ២ ជាន់ ដែលវាអាចជួយបង្ការមិនឱ្យមានការអាក់េសសដោយមិនមានសិទ្ធិ
  • ដាក់ឱ្យមានការគ្រប់គ្រងទៅលើទង្វើររបស់អ្នកប្រើប្រាស់ (user behavior) ដើម្បីជៀសវាងការ អាក់េសសទៅលើអ្វីមួយដែលមិនគួរអាក់េសសបាន។ វាអាចធ្វើទៅបានដោយការរួមបញ្ចូលគ្នារវាង analystics, machine learning, user profiles, និង policy។

ជាចុងក្រោយ ការលួចយក credentials តាមរយៈបច្ចេកទេស phishing និងប្រើប្រាស់វាដើម្បីធ្វើការអាក់េសសទៅលើបណ្តាញគឺមានភាពងាយស្រួល មានហានិភ័យទាប និងមានប្រសិទ្ធិខ្ពស់ជាជាងការវាលលុក ទៅលើចំនុចខ្សោយប្រព័ន្ធ ​(vulnerabilities) ។ ការអប់រំដល់អ្នកប្រើប្រាស់ និងពង្រឹងយន្តការផ្ទៀងផ្ទាត់សិទ្ធិ ​(authentication systems) គឺជាជំហានពីរដែលមានសារៈសំខាន់ ដែលអាចជួយកាត់បន្ថយហានិភ័យពាក់ព័ន្ធទៅនឹង phishing ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ www.SecurityWeek.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button