លេខទូរស័ព្ទដែលអ្នកឈប់ប្រើ អាចត្រូវបានប្រើប្រាស់ដើម្បីហេគចូលគណនីអនឡាញរបស់អ្នក

តាមព័ត៌មានពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានឱ្យដឹងថា គ្រាន់តែលេខទូរស័ព្ទឈប់ប្រើ ហេតុអ្វីគណនីអុីនធឺណិត (ឧទាហរណ៍៖ Facebook, Telegram, Gmail Domain Hosting ។ល។) អាចជនអនាមិកលួចចូលប្រើប្រាស់បាន?

កន្លងមកពុកម៉ែបងប្អូនមួយចំនួនធំ បានសាកសួរមកក្រុមការងារបច្ចេកទេស នូវសំនួរមួយចំនួនថា៖
– ហេតុអ្វីគណនីរបស់ពួកគាត់ត្រូវបានជនអនាមិកជ្រៀតចូលបាន?
– ហេតុអ្វីព័ត៌មាន ឬសារសម្ងាត់របស់ពួកគាត់លេចធ្លាយ?

ថ្ងៃនេះក្រុមការងារសូមលើកយកបច្ចេកទេសមួយ ដែលជនខិលខូចបានប្រើដើម្បីធ្វើការលួចយក ឬកាន់កាប់គណនីពុកម៉ែបងប្អូន ប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោម៖
– ពុកម៉ែបងប្អូនពុំបានធ្វើការផ្លាស់ប្តូរព័ត៌មានគណនី ពិសេសលេខទូរស័ព្ទឈប់ប្រើ ដែលលេខទូរស័ព្ទនោះត្រូវបានក្រុមហ៊ុនកាត់ប្រព័ន្ធ និងធ្វើការដាក់លក់ឡើងវិញ

– ជនខិលខូចបានទិញលេខទូរស័ព្ទខាងលើ ហើយធ្វើការបង្កើត ឬស្នើសុំផ្លាស់ប្តូរលេខសម្ងាត់គណនីអ៊ីនធឺណេត (ឧទាហរណ៍៖ Facebook, Telegram, Gmail, Domain Hosting ។ល។) និងធ្វើការគ្រប់គ្រងគណនីទាំងនោះតែម្តង

– បន្ទាប់ពីទទួលបានសិទ្ធិគ្រប់គ្រង ជនខិលខូចទាំងនោះនឹងស្វែងរកព័ត៌មានសម្ងាត់ផ្សេងៗ រួចធ្វើការចែកចាយ ឬគម្រាមទារប្រាក់ពីជនរងគ្រោះជាដើម។

ដើម្បីការពារពីបញ្ហាខាងលើ សូមពុកម៉ែបងប្អូន អនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

– ធ្វើការកំណត់លេខសម្ងាត់ 2FA បន្ថែមលើការផ្ទៀងផ្ទាត់លើលេខទូរស័ព្ទតែម្យ៉ាង តួរយ៉ាងក្នុងកម្មវិធី Telegram -> Setting -> Privacy and Security -> Two-Step Verification។ ចំនែកកម្មវិធី Facebook -> Settings & Privacy -> Settings -> Security and Login -> Two-Factor Authentication -> Authentication App (អាចលុប 2FA តាមលេខទូរស័ព្ទ) ។

– ចំពោះគណនីអុីម៉ែល តួរយ៉ាង Gmail លោកអ្នកអាចធ្វើការកំណត់ការប្តូរលេខសម្ងាត់តាមរយ:មធ្យោបាយផ្សេង ក្រៅពីប្រើប្រាស់លេខទូរស័ព្ទ ជំនួសដោយការប្រើប្រាស់គណនីអ៊ីម៉ែលផ្សេងមួយទៀតជំនួស។ល។

– សូមធ្វើការចុះឈ្មោះប្រើប្រាស់ស៊ីមកាត ដោយប្រើប្រាស់អត្តសញ្ញាណត្រឹមត្រូវ ដើម្បីងាយស្រួលរាយការណ៍ករណីបាត់ ឬស្នើសុំសិទ្ធិប្រើប្រាស់ផ្សេងៗ

– ក្នុងករណីលោកអ្នកចង់ប្រើប្រាស់លេខទូរស័ព្ទក្នុងការកំណត់សុវត្ថិភាពផ្សេងៗ សូមធ្វើការផ្លាស់ប្តូរភ្លាមៗនៅពេលដែលលេខទូរស័ព្ទទាំងនោះឈប់ប្រើប្រាស់

– ធ្វើការរាយការណ៍ជូនសមត្ថកិច្ចក្នុងករណីទទួលបានសារគម្រាម ស្តីពីព័ត៌មាន ឬសារសម្ងាត់នៃគណនីអ៊ីនធឺណេតរបស់លោកអ្នក៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version