Jean-François Tain: YouTube Channel របស់ខ្ញុំត្រូវគេហេគ
បើតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក Jean-Francois Tain បានឱ្យដឹងថា YouTube Channel របស់គាត់ត្រូវបានចោរព័ត៌មានវិទ្យាហេគលួចយកទៅបានសម្រេច។
ខាងក្រោមគឺជាអ្វីដែលលោកបានសរសេរនាព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៖
YouTube Channel របស់ខ្ញុំត្រូវគេ Hacked
សាងសង់សុីពេលវេលាច្រើនឆ្នាំ ត្រូវការប្រើកម្លាំងប្រាជ្ញានិងកម្លាំងកាយ រីឯកម្ទេចវិញលឿនដូចផ្លេកបន្ទោរ…
ច្បាស់ណាស់ ដូចYouTube Channel របស់វិទ្យុបារាំងRFIជាភាសាខ្មែរប៉ុន្មានសប្តាហ៍មុនដែរ YouTube Channelផ្ទាល់ខ្លួនរបស់ខ្ញុំដែលមានអ្នកSubscribesប្រមាណ១០មុឺននាក់និងចំនួនViewsជាច្រើនលាន ត្រូវគេHackedនៅថ្ងៃទី៦កក្កដាកន្លងទៅនេះ។ ដើមឡើយ ពួកHackers (ភស្តុតាងបច្ចេកទេសស្តែងថាជាការវាយប្រហារពីក្រៅប្រទេស)ចូលទៅគ្រប់គ្រង Emailរបស់ខ្ញុំដែលជាមូលដ្ឋានសម្រាប់បង្កើតYouTube Channel និងសម្រាប់ទាក់ទងជាមួយYouTube។ រួចហើយពួកគេដូរPasswordភ្លាមៗ ដើម្បីកុំឲ្យខ្ញុំចូលទៅEmailខ្ញុំបាន។ ចុងក្រោយបង្អស់ ពួកគេចូលទៅក្នុងYouTube Channelរបស់ខ្ញុំដើម្បីបង្ហោះClipសំឡេងឬClipវិដេអូ ណាមួយដែលជាកំហុសធ្ងន់ធ្ងរបំផុត រហូតដល់ជំរុញYouTubeឲ្យបិទជាបន្ទាន់ ដោយមិន ចាំបាច់ព្រមានច្រើនដងជាមុន។
ប៉ុន្មានសប្តាហ៍មុន YouTube Channelដែលត្រូវគេHacked របស់វិទ្យុបារាំងជាភាសាខ្មែរ ត្រូវក្រុមអ្នកជំនាញបច្ចេកទេសនៃវិទ្យុRFIនៅបារាំង ដណ្តើមយកមកវិញ ដោយត្រូវប្រើពេលជាច្រើនថ្ងៃ។ ដោយហេតុតែ YouTube Channelរបស់ខ្ញុំជាកម្មសិទ្ធិផ្ទាល់ខ្លួន ខ្ញុំនឹងមិនពឹងពាក់ក្រុមវិស្វកររបស់RFIនៅប៉ារីសឲ្យជួយខ្ញុំទេ។ ធ្វើបែបនេះ វាខុសគោលការណ៍។
ម្ល៉ោះហើយ បើដណ្តើមយកអាChannelចាស់មកវិញមិនបានទេ ខ្ញុំនឹងបង្កើតYouTube Channelមួយថ្មី នាពេលខាងមុខ។ Clips រាប់រយ សុទ្ធតែត្រូវរក្សាទុកបានល្អទាំងអស់។ គ្រាន់តែត្រូវបង្ហោះវាបណ្តើរៗឡើងវិញ ជាការស្រេច។
ខ្ញុំនឹងធ្វើដូច្នេះ ដើម្បីអនុញ្ញាតឲ្យបងប្អូនកូនក្មួយ(ពិសេសេក្មួយៗយុវជន)បន្តស្តាប់និងរៀនសូត្រប្រវត្តិសាស្ត្រខ្មែរតទៅទៀត ជាអាទិ៍ ទំព័រដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ព្រមទាំងភូមិសាស្ត្រនយោបាយតំបន់និងអន្តរជាតិ។ ប៉ុន្តែ ខ្ញុំនឹងមិនបន្តស្រាវជ្រាវ មិនបន្តសរសេរនិងមិនបន្តបង្ហោះClipsថ្មីៗទៀតឡើយ។ ខ្ញុំយកពេលវេលាធ្វើអ្វីផ្សេង ទុកឱកាសឲ្យអ្នកស្រាវជ្រាវជំនាន់ក្រោយបន្តវេន បន្តធ្វើការ បន្តបញ្ចេញស្នាដៃ…
Source: