FBI: មិនមានព័ត៌មានអ្វីឡើយនៅក្នុងទូរស័ព្ទភេរវករ
អស់រយៈពេលពីរសប្តាហ៍មកហើយ ដែល FBI បានដោះសោរ iPhone របស់ភេរវករ ហើយក្នុងពេលេនះ FBI មិនរកបានព័ត៌មានអ្វីឡើយពីក្នុងទូរស័ព្ទនោះ – នេះបើតាមការឲ្យព័ត៌មានពីភ្នាក់ងារមានសមត្ថកិច្ច។
អង្គភាព FBI មានសង្ឃឹមជឿជាក់កាលពីពេលមុនថា ខ្លួននឹងរកបាននូវព័ត៌មាននានាដែលអាចនាំឲ្យដឹងអំពីភេរវករបរទេសនៅក្នុងទូរស័ព្ទ iPhone 5C របស់ភេរវជន Syed Farook ដែលបានសម្លាប់មនុស្សចំនួន ១៤នាក់នៅក្នុងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ នៅ San Bernardino, California ។
កាលពីសប្តាហ៍កន្លងទៅនេះ នាយក FBI លោក James Comey បាននិយាយនៅឯ Ohio’s Kenyon College ថា “សម្រាប់ភ្នាក់ងារ FBI ធ្វើការសើុបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយទៅលើការសម្លាប់ទ្រង់ទ្រាយធំដែលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក, យើងជឿជាក់ថា យើងបានប្រើប្រាស់នូវរាល់ឧបករណ៍ផ្លូវច្បាប់ទាំងអស់ដើម្បីស្វែងរកនូវភស្តុតាងនានានៅក្នុងទូរស័ព្ទនោះ ដែលវាអាចបន្ថែមពន្លឺទៅលើអ្វីដែលភេរវជនទាំងពីរនាក់នោះបានប្រព្រឹត្ត” ។
ប៉ុន្តែ ភ្នាក់ងារមានសមត្ថកិច្ចបានប្រាប់ដល់ទីភ្នាក់ងារ CBS កាលពីថ្ងៃពុធថា មិនមានព័ត៌មានពាក់ព័ន្ធបន្ថែមទៀតឡើយដែលត្រូវបានរកឃើញដោយភ្នាក់ងារ FBI ។
គោលបំណងដំបូងគឺថា ទូរស័ព្ទដែលជាប់នូវលេខសម្ងាត់ (passcode-protected) អាចមាននូវព័ត៌មានអំពីភេរវជន ឬផែនការវាយប្រហារផ្សេងៗទៀត ដែលកត្តានេះ បានក្លាយទៅជាសង្គ្រាមផ្លូវច្បាប់មួយដ៏ចម្រូងចម្រាសរវាង FBI និងក្រុមហ៊ុន Apple កាលពីដើមឆ្នាំនេះ ។ FBI បានព្យាយាមបង្ខំឲ្យក្រុមហ៊ុនយក្សមួយនេះ បង្កើតនូវកម្មវិធីតូចមួយដើម្បីឲ្យខ្លួនអាចអាក់សេស (access) ទៅកាន់ទូរស័ព្ទនោះ ហើយដែល Apple បានប្តេជ្ញាប្រឆាំងនូវដីការបញ្ជារហូតដល់តុលាការកំពូល ក្នុងគោលដំណងដើម្បីការពារនូវឯកជនភាពរបស់អតិថិជនខ្លួន។
ក្តីក្តាំផ្លូវច្បាប់មួយនេះ បានឈានដល់ទីបញ្ចប់នៅចុងខែមីនាកន្លងទៅនេះ នៅពេលដែល FBI បានធ្វើការប្រកាសថា ខ្លួនអាចអាក់សេស (access) ទៅកាន់ iPhone 5C របស់ភេរវជនដោយមានជំនួយពីភាគីទីបី (ដែលមិនត្រូវបានបង្ហាញអត្តសញ្ញណឡើយ) ដែលមិនមែនជា Apple ។
បច្ចេកទេសដែលត្រូវបានប្រើប្រាស់ក្នុងការចូលទៅកាន់ iPhone 5C នោះមិនត្រូវបានគេបង្ហាញជាសាធារណៈឡើយ ឬប្រាប់ទៅដល់ Apple ឡើយ ហើយប្រហែលជាមិនអាចជារៀងរហូត ។
ប្រភព៖ RT / ប្រែសម្រួល៖ SecuDemy.com