អត្ថបទទី ៣៥៖ Fake Investment Scam ដាក់លុយតិច ចំណេញច្រើន? ប្រយ័ត្ន វាអាចជាអន្ទាក់វិនិយោគក្លែងក្លាយ

រយៈពេលអាន៖ ២ នាទី
កម្រិតយល់ដឹង៖ មធ្យម

នៅអត្ថបទមុន យើងបាននិយាយពីការឆបោកបែប Pig Butchering Scams ដែលជនខិលខូចប្រើទំនុកចិត្ត មិត្តភាព ឬស្នេហាអនឡាញ ដើម្បីអូសទាញជនរងគ្រោះឱ្យចូលទៅក្នុងការវិនិយោគក្លែងក្លាយ។

អត្ថបទនេះ យើងនឹងបន្តពិនិត្យមើលឱ្យច្បាស់ជាងមុនអំពី ការឆបោកការវិនិយោគក្លែងក្លាយ (Fake Investment Scams)។ ល្បិចនេះភាគច្រើនប្រើ Website ឬ App ដែលមើលទៅទំនើប មានក្រាហ្វិកចំណេញ មានតួលេខលោតរាល់ថ្ងៃ ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថា កំពុងរកលុយបានពិតប្រាកដ។

ប៉ុន្តែបញ្ហាធំបំផុតគឺ៖ ពេលដាក់លុយចូល វាងាយណាស់។ តែពេលចង់ដកលុយចេញ វាចាប់ផ្តើមមានបញ្ហា។

១. ហានិភ័យ៖ វេបសាយ និងកម្មវិធីវិនិយោគបោកប្រាស់

ជនខិលខូចមិនមែនត្រឹមតែប្រាប់ឱ្យអ្នកវេរលុយនោះទេ។ ពួកគេអាចបង្កើតជា កម្មវិធី (App) ឬ វេបសាយវិនិយោគ ដែលមើលទៅមានលក្ខណៈអាជីព និងទំនើប ដូចជា Platform ពិតៗ។

ភាគច្រើន ពួកគេអាចប្រើពាក្យទាក់ទាញដូចជា៖

ហេតុអ្វីបានជាមនុស្សជឿ? ព្រោះនៅពេលអ្នកដាក់ប្រាក់ចូលដំបូង ឧទាហរណ៍ ៥០ ដុល្លារ Website ឬ App នោះអាចបង្ហាញថាប្រាក់អ្នកកើនទៅ ៨០ ដុល្លារ ឬ ១០០ ដុល្លារ។ ក្រាហ្វិកលោតឡើង តួលេខចំណេញកើនឡើង និងមានមនុស្សក្នុង Group ធ្វើដូចជាចំណេញពិតៗ។

ចំណុចនេះធ្វើឱ្យជនរងគ្រោះរំភើប ហើយចាប់ផ្តើមដាក់ប្រាក់បន្ថែមច្រើនជាងមុន។

ប៉ុន្តែតួលេខចំណេញទាំងនោះអាចគ្រាន់តែជាលេខក្លែងក្លាយដែលពួកគេបង្កើតនៅក្នុងប្រព័ន្ធប៉ុណ្ណោះ។ ពេលអ្នកស្នើសុំដកប្រាក់ចំណេញ (Withdraw) ពួកគេនឹងចាប់ផ្តើមទាមទារឱ្យបង់ថ្លៃបន្ថែម ដូចជា៖

ទោះបីអ្នកបង់ថ្លៃបន្ថែមទៀត ក៏នៅតែមិនអាចដកលុយបានដែរ។ ចុងក្រោយ អ្នកអាចបាត់ទាំងប្រាក់ដើម និងប្រាក់ដែលបង់បន្ថែម។

និយាយឱ្យងាយយល់៖ លុយដែលបង្ហាញនៅលើអេក្រង់ មិនមានន័យថា អ្នកអាចដកបានពិតនោះទេ។

២. ដំណោះស្រាយ៖ វិនិយោគជាមួយស្ថាប័នដែលមានអាជ្ញាប័ណ្ណ

សូមចងចាំថា ការវិនិយោគពិតប្រាកដមិនអាចធានាចំណេញខ្ពស់ក្នុងរយៈពេលខ្លី និងគ្មានហានិភ័យបានឡើយ។ បើមាននរណាម្នាក់ប្រាប់ថា “ដាក់លុយតិច ចំណេញច្រើន ដកបានគ្រប់ពេល” សូមប្រុងប្រយ័ត្នជានិច្ច។

ប្រសិនបើអ្នកចង់វិនិយោគ សូមជ្រើសរើសតែស្ថាប័នហិរញ្ញវត្ថុ ធនាគារ ឬក្រុមហ៊ុនមូលបត្រ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នផ្លូវការ ដូចជា និយតករមូលបត្រកម្ពុជា (SERC)

មុននឹងដាក់លុយ សូមពិនិត្យ ៣ ចំណុចសំខាន់ៗ៖

  1. ពិនិត្យប្រភព
    តើ App ឬ Website នោះមានក្រុមហ៊ុនពិត អាសយដ្ឋានពិត និងអាជ្ញាប័ណ្ណច្បាស់លាស់ដែរឬទេ?
  2. ស្វែងរកពាក្យ Scam ឬ Review
    យកឈ្មោះកម្មវិធី ឬ Website នោះទៅស្វែងរកនៅលើ Google ដោយបន្ថែមពាក្យ ScamReview ឬ Complaint នៅពីក្រោយ។
    ឧទាហរណ៍៖ [ឈ្មោះកម្មវិធី] Scam
  3. កុំប្រញាប់ដាក់លុយតាមការបង្ខំ
    បើគេបង្ខំឱ្យអ្នកដាក់លុយឥឡូវនេះ ប្រាប់ថាឱកាសមានកំណត់ ឬសុំឱ្យអ្នកកុំប្រាប់អ្នកដទៃ នោះគឺជាសញ្ញាគ្រោះថ្នាក់។

ច្បាប់ងាយចាំ៖ ការវិនិយោគពិត មានហានិភ័យ។ ការវិនិយោគក្លែងក្លាយ តែងសន្យាចំណេញខ្ពស់ ហើយដកលុយមិនចេញ។

សកម្មភាពប្រចាំអត្ថបទ (Action Item)

ប្រសិនបើមាននរណាម្នាក់ផ្ញើ Link ឬណែនាំកម្មវិធីវិនិយោគណាមួយដល់អ្នក សូមកុំទាន់ជឿ និងកុំដាក់លុយភ្លាមៗ។

សូមយកឈ្មោះ App, Website ឬ Platform នោះទៅស្វែងរកដោយខ្លួនឯង។ បើរកឃើញការព្រមានពីអ្នកប្រើប្រាស់ផ្សេងៗ ឬមានជនរងគ្រោះបង្ហោះថាដកលុយមិនបាន សូមឈប់ភ្លាម។

បើអ្នកបានដាក់លុយរួច ហើយ Platform នោះទាមទារឱ្យបង់ថ្លៃបន្ថែមដើម្បីដកលុយ សូមកុំបង់បន្ថែមទៀត។ សូមរក្សាទុកភស្តុតាង ដូចជា Screenshot, Link, សារ Chat និងប្រតិបត្តិការវេរលុយ។

សំណួរប្រចាំអត្ថបទ

តើអ្នកធ្លាប់ឃើញ App ឬ Website វិនិយោគដែលបង្ហាញថាចំណេញរាល់ថ្ងៃ ប៉ុន្តែពេលដកលុយ បែរជាសុំឱ្យបង់ថ្លៃបន្ថែមដែរឬទេ?

បើធ្លាប់ សូមកុំមើលរំលង។ ចាប់ពីពេលនេះទៅ សូមចងចាំថា៖ បើវាចំណេញងាយពេក ហើយដកលុយពិបាកពេក វាអាចជាអន្ទាក់វិនិយោគក្លែងក្លាយ។

នៅអត្ថបទបន្ទាប់ យើងនឹងបន្តទៅប្រធានបទ ការឆបោកតាមទូរស័ព្ទ (Vishing / Voice Phishing)។ តើជនខិលខូចអាចបន្លំជាបុគ្គលិកធនាគារ ឬមន្ត្រីប៉ូលិស ដើម្បីបង្ខំឱ្យអ្នកវេរលុយបានយ៉ាងដូចម្តេច?

Exit mobile version