ចំនុចចាប់ផ្តើមនៃការបញ្ចប់នូវយុគ្គសម័យអ៊ិនធឺណិតបើកចំហរ

នាពេលមួយក្នុងទសវត្សរ៍នេះ រដ្ឋាភិបាលចិនដោយមានការគាំទ្រពីប្រទេសរុស្ស៊ី និងរបបផ្តាច់ការដទៃទៀតនឹងឆ្ពោះទៅមុខជាមួយនឹងផែនការបង្កើតប្រព័ន្ធ root system ដាច់ដោយឡែកមួយសម្រាប់ចំណែកអុិនធឺណិតរបស់ពួកគេ។ នៅពេលការបំបែកកើតឡើង យើងនឹងសម្គាល់វាជាចុងបញ្ចប់នៃយុគសម័យអុិនធឺណិតពិភពលោក។

ការឈ្លោះប្រកែកជាយូរមកហើយពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទៅលើ root system ដែលជា top-level system ក្នុងការស្គាល់នូវ web address ត្រូវបានជជែកដេញដោលយ៉ាងក្តៅគគុកនៅក្នុងរង្វង់អភិបាលកិច្ចអុិនធឺណិត។ រដ្ឋបាលអូបាម៉ា បានឆ្ពោះទៅមុខជាមួយនឹងផែនការជាប់គាំងជាយូរមកហើយដើម្បីចាត់ចែងផ្តាច់គ្រប់គ្រង root system ពីក្រសួងពាណិជ្ជកម្មអាមេរិក ទៅអាយ ICANN ក្នុងនាមជាអង្គភាពឯករាជ្យមួយ ដែលមានគោលដៅដាក់អុិនធឺណិតយ៉ាងរឹងមាំនៅក្នុងដៃនៃវិស័យឯកជន និងចេញពីដៃនៃអាណាចក្រអំណាចនយោបាយ។ ICANN បានធ្វើការដើម្បីបន្ទន់ចិត្តរបស់ចិន ដោយបង្កើតនូវ instances root servers ជាច្រើននៅក្នុងប្រទេសចិន។

ជាអកុសល ការខិតខំទាំងនេះបានផលតិចតួចណាស់ដើម្បីបន្ថយមហិច្ឆតារបស់ចិន ក្នុងការផ្តាច់ចេញពីអ៊ិនធឺណិតពិភពលោក។ ហេតុផលគឺសាមញ្ញ អ៊ិនធឺណិតពិភពលោកដែលបើកចំហរ និងឥតគិតថ្លៃ មិនត្រូវគ្នាជាមួយរដ្ឋចិន ដែលចាត់ទុកការបើកចំហរ និងសេរីភាពជាការគំរាមកំហែងដល់ស្ថិរភាពរបស់ខ្លួន។

អស់រយៈពេលជាយូរមកហើយ ប្រព័ន្ធគ្រប់គ្រងដោយចិនបានធ្វើការចំលងនូវ root zone file ពីប្រព័ន្ធ ​root ដែលគ្រប់គ្រងដោយ ​ICANN ហើយផ្តល់នូវមុខងារដូចគ្នានឹងប្រព័ន្ធដែល ICANN គ្រប់គ្រង។ បើសិនជាថ្ងៃណាមួយចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ប្រទេសចិននឹងបោះបង់ចោលព័ត៌មានដូមែន (.tw) ពីម៉ាស៊ីនមេររបស់ខ្លួន ហើយជាមួយនឹងពាក្យបញ្ជាបនិ្តចបន្តួច វានឹងអាចទម្លាក់វេបសាយតៃវ៉ាន់ (.tw) ចេញពីអ៊ីនធឺណិត ដែលមិនអាចបើកបានសម្រាប់ប្រជាជនចំនួនពាក់កណ្តាលពិភពលោក។

អ្វីដែលចិននឹងធ្វើ គឺអ្វីដែលពួកគេតែងតែខ្លាចសហរដ្ឋអាមេរិកនឹងធ្វើ៖ ប្រើការគ្រប់គ្រងអ៊ីនធឺណិតជាអាវុធនយោបាយភូមិសាស្ត្រ។ មិនយូរប៉ុន្មាន រដ្ឋាភិបាលចិននឹងប្រើអំណាចថ្មីរបស់ខ្លួននេះ ដើម្បីដាក់សម្ពាធទៅលើប្រទេស និងក្រុមហ៊ុនដទៃទៀតបានប្រហាក់ប្រហែលនេះផងដែរ។

នៅពេលរឿងនេះកើតឡើង វាគួរឱ្យភ្ញាក់ផ្អើលដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់នៅថ្ងៃនេះ។ ឆ្នាំ ២០១៩ គឺជាឆ្នាំដែលចិនមានបំណងប្រើប្រាស់អ៊ិនធឺណិតជាឆ្អឹងខ្នងនៃរដ្ឋឃ្លាំមើល (surveillance state) របស់ខ្លួន។ ខណៈពេលដែលការធ្វើឱ្យល្អឥតខ្ចោះនូវបច្ចេកទេសនេះក្នុងប្រទេសរបស់ខ្លួន ប្រទេសចិនក៏មានភាពមមាញឹកក្នុងការនាំបច្ចេកវិទ្យានេះទៅក្នុងរបបផ្តាច់ការដទៃទៀតផងដែរ។ យោងតាមអង្គការ Freedom House ដែលជាអង្គការឃ្លាំមើលឯករាជ្យតាមរយៈសហគ្រាសគ្រប់គ្រងដោយរដ្ឋនិងក្រុមហ៊ុនដែលមានសម្ព័ន្ធភាពជិតស្និទ្ធផ្សេងទៀតបានឱ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមជួយដល់ប្រទេសយ៉ាងហោចណាស់ដប់ប្រាំបី ដែលកំពុងដំណើរការសាងសង់បណ្តាញបែបនេះ។

នៅពេលដែលបច្ចេកទេសនៅពីក្រោយប្រទេសចិនក្នុងការអនុវត្តចក្ខុវិស័យរបស់ពួកគេលើអ៊ិនធឺណិតមិនទូលំទូលាយ (closed internet) ប្រទេសរុស្ស៊ីបានចាត់វិធានការរៀបចំក្របខ័ណ្ឌច្បាប់ដើម្បីប្រែក្លាយ ចក្ខុវិស័យនេះទៅជាការពិត។ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីនបានចុះហត្ថលេខាលើច្បាប់មួយដែលធ្វើឱ្យវាក្លាយជាបទឧក្រិដ្ឋក្នុងការផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” ឬការរិះគន់ដល់អាជ្ញាធរលើបណ្តាញព័ត៌មានសង្គម។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ លោកប្រធានាធិបតីពូទីន បានចុះហត្ថលេខាលើច្បាប់ស្តីពី “អធិបតេយ្យភាពអ៊ីនធឺណិត (Internet Sovereignty” ដោយតម្រូវឲ្យចរាចរអ៊ិនធឺណិតទាំងអស់ត្រូវឆ្លងកាត់ចំណុចដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយធ្វើឱ្យរុស្សីមានលទ្ធភាពផ្តាច់ប្រទេសរុស្ស៊ីពីអ៊ិនធឺណិតសកល។

នៅពេលដែលមានការបំបែកនូវ root system សំណួរតែមួយគត់គឺថា តើចំនួនប្រជាជនពិភពលោកប៉ុន្មាននាក់ត្រូវស្ថិតនៅផ្នែកណានៃការបំបែកនោះ ៕

ប្រភព៖ https://www.cfr.org/blog/2019-beginning-end-open-internet-era

Exit mobile version