រកឃើញសារបំបាំងកាយ “SMS of Death” វាយប្រហារទូរស័ព្ទឱ្យគាំង រលត់ការហៅទូរស័ព្ទភ្លាមៗ និងជាប់គាំងក្នុង Reboot Loop រហូតដល់ត្រូវ Factory Reset

ចន្លោះប្រហោងកម្រិតធ្ងន់ធ្ងរបំផុតប្រភេទ Zero-Click មួយត្រូវបានរកឃើញនៅលើប្រព័ន្ធប្រតិបត្តិការ Android ដែលអនុញ្ញាតឱ្យហេគឃ័រអាចវាយប្រហារទូរស័ព្ទជនរងគ្រោះពីចម្ងាយដោយគ្រាន់តែផ្ញើសារ SMS ពិសេសមួយខ្សែប៉ុណ្ណោះ។ សារនេះមិនបង្ហាញនៅលើផ្ទាំង Inbox ឬផ្ញើ Notification អ្វីឡើយ (Invisible SMS) ប៉ុន្តែវាអាចធ្វើឱ្យប្រព័ន្ធគ្រប់គ្រងការហៅទូរស័ព្ទរបស់ Android គាំងធ្លាក់ភ្លាមៗ កាត់ផ្តាច់រាល់ការហៅទូរស័ព្ទដែលកំពុងដំណើរការ (រាប់ទាំងការហៅទៅកាន់សេវាសង្គ្រោះបន្ទាន់ Emergency Calls) និងអាចរុញទូរស័ព្ទឱ្យធ្លាក់ចូលទៅក្នុង Reboot Loop រហូតដល់ជាប់គាំងទាំងស្រុង (Bricked Device) ដែលតម្រូវឱ្យម្ចាស់ទូរស័ព្ទត្រូវបង្ខំចិត្តធ្វើ Factory Reset លុបទិន្នន័យចោលទាំងអស់។
ចន្លោះប្រហោងនេះត្រូវបានកំណត់លេខកូដសម្គាល់ CVE-2026-58882 ដោយប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការចាប់ពី Android 12 ដល់ Android 16។ បច្ចុប្បន្ន កូដសាកល្បងវាយប្រហារ (Proof-of-Concept Exploit) នៃ “SMS of Death” នេះ ត្រូវបានទម្លាយជាសាធារណៈនៅលើ GitHub រួចជាស្រេច ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពអ្នកប្រើប្រាស់ទូទាំងពិភពលោក។
ក. យន្តការបច្ចេកទេសនៅពីក្រោយ “SMS of Death” (Technical Deep Dive)
ការវាយប្រហារនេះទាញយកផលប្រយោជន៍ពីប្រព័ន្ធ WAP Push SMS ដែលជាបច្ចេកវិទ្យាចាស់មួយសម្រាប់ឱ្យក្រុមហ៊ុនទូរស័ព្ទ (Carriers) ផ្ញើការកំណត់ ឬទាញយក MMS ទៅកាន់ទូរស័ព្ទដោយស្វ័យប្រវត្តដោយមិនបាច់មានអន្តរាគមន៍ពីអ្នកប្រើប្រាស់។
- ទំហំ Payload ត្រឹមតែ 8 Bytes៖ កូដវាយប្រហារទាំងមូលមានទំហំត្រឹមតែ ៨ បៃ (8-byte WAP Push PDU) ប៉ុណ្ណោះ ដែលផ្ញើមកតាមផ្លូវ SMS ធម្មតា។ ក្នុងនោះ ៥ បៃតំណាងឱ្យតម្លៃប្រវែងរបស់ Header (
header's length)។ - បញ្ហា Integer Overflow ក្នុង com.android.phone៖ នៅពេលទូរស័ព្ទទទួលសារនេះមកដំណើរការដោយស្វ័យប្រវត្ត វាអានតម្លៃទិន្នន័យដើមជាប្រភេទ
long(ទម្រង់ Hex:0x80000000ឬស្មើនឹង2,147,483,648)។ ប៉ុន្តែក្រោយមក ប្រព័ន្ធ Android បានបំលែងទិន្នន័យនេះទៅជាប្រភេទ32-bit signed integer (int)ដោយគ្មានការត្រួតពិនិត្យដែនកំណត់ (Range Check)។ ការបំលែងនេះបានបណ្តាលឱ្យកើតមាន Integer Overflow ធ្វើឱ្យតម្លៃនោះក្រឡាប់ទៅជាចំនួនអវិជ្ជមាន (-2,147,483,648) ដែលជាតម្លៃមិនសមហេតុផលសម្រាប់ប្រវែង Header។ - ប្រព័ន្ធ Phone Service ដួលរលំភ្លាមៗ៖ តម្លៃអវិជ្ជមាននេះបង្កើតឱ្យមាន Fatal Error ដែលសម្លាប់ Process ស្នូល
com.android.phoneភ្លាមៗ។ ជាលទ្ធផល រាល់សេវាទូរស័ព្ទ និងការខលទាំងអស់ (រាប់ទាំងការខលបន្ទាន់) ត្រូវបានកាត់ផ្តាច់ក្នុងរយៈពេល ១ ទៅ ២ វិនាទី មុនពេល Process នោះ Restart ឡើងវិញ ដោយជនរងគ្រោះមិនបានដឹងខ្លួន ឬឃើញសារអ្វីឡើយ។
ខ. សេណារីយ៉ូគ្រោះថ្នាក់បំផុត៖ ការជាប់គាំងក្នុង Reboot Loop និងការខូចខាតទិន្នន័យ
អ្វីដែលធ្វើឱ្យកំហុសនេះក្លាយជាអាវុធបំផ្លិចបំផ្លាញ (Destructive Remote DoS) គឺបញ្ហាសារជាប់ក្នុងជួររង់ចាំ (Message Queue)៖
- ក្រុមហ៊ុនទូរស័ព្ទផ្ញើសារដដែលៗមកវិញ (Carrier Resend Loop)៖ ដោយសារ
com.android.phoneគាំងដួលរលំមុនពេលទូរស័ព្ទបញ្ជូនដំណឹងបញ្ជាក់ការទទួល (Acknowledgment) ត្រឡប់ទៅវិញ ប្រព័ន្ធរបស់ក្រុមហ៊ុនទូរស័ព្ទនឹងគិតថាសារនោះមិនទាន់ដល់ដៃជនរងគ្រោះ រួចបន្តបញ្ជូនសារពិសនោះមកម្តងទៀតដោយស្វ័យប្រវត្ត ដែលធ្វើឱ្យទូរស័ព្ទគាំងសារជាថ្មី។ - ការវាយប្រហារបាញ់សារផ្ទួនៗ (Persistent Denial of Service)៖ ប្រសិនបើហេគឃ័រផ្ញើសារពិសនេះប្រមាណ ២០ សារផ្ទួនៗគ្នា សារទាំងនោះនឹងទៅកកស្ទះនៅក្នុង Incoming Queue។ រាល់ពេលទូរស័ព្ទបើកឡើងវិញ (Boot) វានឹងព្យាយាមដំណើរការសារទាំងនោះម្តងទៀត បណ្តាលឱ្យទូរស័ព្ទគាំងរលត់តាំងពីពេលទើបបើកម៉ាស៊ីន (Crash on startup)។
- ជាប់គាំងក្នុង Recovery Mode ដោយសារ RescueParty៖ នៅពេលទូរស័ព្ទ Restart ដួលច្រើនដងជាប់ៗគ្នា មុខងារការពារស្វ័យប្រវត្តរបស់ Android ឈ្មោះ RescueParty នឹងបង្ខំទូរស័ព្ទឱ្យចូលទៅកាន់ Recovery Mode បន្ទាប់ពី ៩០ វិនាទី។ ត្រង់ចំណុចនេះ អ្នកប្រើប្រាស់ទូទៅដែលគ្មានជំនាញបច្ចេកទេស គ្មានជម្រើសអ្វីក្រៅពីចុច Factory Reset ដែលជាហេតុធ្វើឱ្យបាត់បង់ទិន្នន័យ រូបថត និងឯកសារទាំងអស់ក្នុងទូរស័ព្ទ។
អ្នកស្រាវជ្រាវ Mark Blaszczyk បានបញ្ជាក់ថា ការធ្វើតេស្តជាក់ស្តែងលើទូរស័ព្ទ Google Pixel 9 (Firmware ខែមេសា ឆ្នាំ ២០២៦) និងទូរស័ព្ទ Samsung Galaxy A-series ជាច្រើនម៉ូឌែល ទទួលបានអត្រាជោគជ័យនៃការវាយប្រហាររហូតដល់ ១០០%។
គ. ស្ថានភាពនៃការបញ្ចេញកញ្ចប់ Patch និងការដោះស្រាយ
អ្នកស្រាវជ្រាវបានរាយការណ៍ពីកំហុសនេះទៅកាន់ Google កាលពីខែឧសភា ឆ្នាំ ២០២៦។ Google បានបញ្ចូលកូដជួសជុលទៅក្នុង Android Open Source Project (AOSP) កាលពីថ្ងៃទី ១៥ ខែមិថុនា ហើយបានបញ្ចេញកញ្ចប់ Patch ផ្លូវការនៅក្នុង October 2026 Security Update សម្រាប់ Android 14 ដល់ Android 17។
យ៉ាងណាក៏ដោយ បញ្ហាប្រឈមធំបំផុតគឺ៖
- ឧបករណ៍ដំណើរការ Android 12 និង 13 មួយចំនួនធំ ព្រមទាំងទូរស័ព្ទ Android កម្រិតមធ្យម និងទាបដែលផុតកំណត់ការគាំទ្រ (End of Life) អាចនឹង មិនទទួលបានកញ្ចប់ Patch នេះជារៀងរហូត។
- សម្រាប់ប្រព័ន្ធប្រតិបត្តិការឯករាជ្យ GrapheneOS បានបញ្ជាក់ថាកញ្ចប់ជួសជុលនេះនឹងត្រូវដាក់បញ្ចូលក្នុងព្រឹត្តិបត្រសន្តិសុខខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខ។
ឃ. វិធានការការពារ និងការសង្គ្រោះបន្ទាន់ពី SecuDemy
១. ពិនិត្យ និងដំឡើងបច្ចុប្បន្នភាពសុវត្ថិភាពជាបន្ទាន់ (System Update)៖
ចូលទៅកាន់ Settings > System > System update (ឬ Software update) រួចពិនិត្យមើលថាតើទូរស័ព្ទទទួលបាន October 2026 Security Patch ឬថ្មីជាងនេះហើយឬនៅ។ ប្រសិនបើមាន សូមធ្វើការ Update ភ្លាមៗ។
២. វិធីសង្គ្រោះទូរស័ព្ទដែលជាប់ Reboot Loop ដោយមិនបាច់ Factory Reset (សម្រាប់អ្នកជំនាញបច្ចេកទេស)៖
ប្រសិនបើទូរស័ព្ទរងការវាយប្រហាររហូតដល់គាំង Reboot ដដែលៗ ម្ចាស់ឧបករណ៍មិនទាន់ចាំបាច់ចុច Factory Reset ភ្លាមៗនោះទេ ប្រសិនបើធ្លាប់បើកដំណើរការ USB Debugging៖
- ភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័រតាមរយៈខ្សែ USB ដោយប្រើឧបករណ៍ Android Debug Bridge (ADB)។
- ក្នុងចន្លោះពេលខ្លីបន្ទាប់ពីទូរស័ព្ទ Boot ឡើងវិញពេញលេញ ត្រូវប្រើបញ្ជា ADB Command ដើម្បីចូលទៅសម្អាតទិន្នន័យសារដែលជាប់គាំងក្នុង Inbound SMS Queue ចេញ ដើម្បីកាត់ផ្តាច់វដ្តនៃការគាំង។
៣. ការប្រុងប្រយ័ត្នសម្រាប់ស្ថាប័នទូរគមនាគមន៍ (Telecom Carriers)៖
ក្រុមការងារ SecuDemy សូមលើកទឹកចិត្តដល់ប្រតិបត្តិករទូរគមនាគមន៍ចល័ត គួរពិនិត្យ និងដាក់ចេញវិធានការត្រួតពិនិត្យ (Filtering) លើបណ្តាញ SMS Gateway ដើម្បីទប់ស្កាត់ និងទម្លាក់ចោល (Drop) រាល់កញ្ចប់ទិន្នន័យ WAP Push SMS ណាដែលមានទម្រង់ខុសប្រក្រតី (Malformed PDU Header) មុនពេលវាត្រូវបានបញ្ជូនទៅដល់ទូរស័ព្ទដៃរបស់អតិថិជន។
ទស្សនៈយល់ឃើញពី SecuDemy
ចន្លោះប្រហោងប្រភេទ Zero-Click តាមរយៈ SMS គឺជាប្រភេទនៃការវាយប្រហារដ៏កាចសាហាវបំផុត ពីព្រោះជនរងគ្រោះមិនអាចការពារខ្លួនបានឡើយ មិនចាំបាច់ចុច Link, មិនចាំបាច់បើកមើលសារ, គ្រាន់តែបើកស៊ីមកាតចោល ក៏អាចរងការវាយប្រហារបានដែរ។ ការដែលប្រព័ន្ធ WAP Push ដែលជាបច្ចេកវិទ្យាកេរដំណែលចាស់ (Legacy Protocol) នៅតែអាចបង្កឱ្យមាន Integer Overflow លើប្រព័ន្ធទូរស័ព្ទទំនើបឆ្នាំ ២០២៦ បញ្ជាក់យ៉ាងច្បាស់អំពីបញ្ហាប្រឈមនៃកូដចាស់ៗនៅក្នុងប្រព័ន្ធប្រតិបត្តិការធំៗ។ ប្រសិនបើទូរស័ព្ទ Android របស់អ្នកទទួលបានការជូនដំណឹងឱ្យ Update សូមកុំពន្យារពេលឱ្យសោះ!
ប្រភពដើម៖ Cybernews (Ernestas Naprys) / Mark Blaszczyk (@sourone)
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




