ពី Phishing ទៅជា “LLMjacking”៖ ហេគឃ័រឆ្លៀតលួចគណនី Cloud Billing ដើម្បីលួចលុយដំណើរការ AI API រាប់សែនដុល្លារ ដោយម្ចាស់គណនីមិនដឹងខ្លួន!

គ្រាន់តែចុចលើពាណិជ្ជកម្មស្វែងរក (Google Search Ad) តែមួយដង អាចឈានទៅដល់ការបែកធ្លាយគណនី និងធ្វើឱ្យក្រុមហ៊ុនខាតបង់ថវិការាប់សែនដុល្លារ ថ្លៃប្រើប្រាស់ AI API ដោយគ្មានការអនុញ្ញាត!
ក្រុមការងារឆ្លើយតបឧប្បត្តិហេតុអតិថិជនរបស់ Wiz (Wiz CIRT) បានធ្វើការស៊ើបអង្កេតលើទម្រង់នៃការគំរាមកំហែងដែលកំពុងកើនឡើងយ៉ាងគំហុកនៅក្នុងបរិស្ថាន Cloud គឺ៖ ក្រុមហេគឃ័រធ្វើការលួចគ្រប់គ្រងគណនីគិតលុយ (Cloud Billing Accounts) ដើម្បីយកទៅទូទាត់ការចំណាយលើការដំណើរការម៉ូឌែល AI ធំៗ (LLMs)។ ពេលនេះ ហេគឃ័រមិនត្រឹមតែយក AI មកធ្វើជាឧបករណ៍សម្រាប់វាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងជ្រៀតចូលក្នុងប្រព័ន្ធជនរងគ្រោះ ដើម្បីតែគោលបំណង កេងប្រវ័ញ្ចហិរញ្ញវត្ថុសម្រាប់ដំណើរការ Large Language Model (LLM) ក្នុងទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យក្រុមហ៊ុនរងគ្រោះត្រូវបង់វិក្កយបត្រ AI API អស់រាប់សែនដុល្លារ។
របាយការណ៍នេះបង្ហាញយ៉ាងលម្អិតអំពីយុទ្ធនាការដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ Google Cloud Platform (GCP)។ ហេគឃ័របានលួច Credential គណនី GCP ដែលមានសិទ្ធិខ្ពស់ រួចភ្ជាប់គម្រោង GCP ខាងក្រៅដែលគ្រប់គ្រងដោយហេគឃ័រ (External Projects) ចូលទៅកាន់ Billing Account របស់ជនរងគ្រោះដោយផ្ទាល់។ ដោយសារតែ AI Workloads ទាំងអស់ត្រូវបានដំណើរការនៅក្នុងគម្រោងក្រៅប្រទេសរបស់ហេគឃ័រ ដូច្នេះខ្លឹមសារ Prompt និងលទ្ធផលឆ្លើយតបរបស់ AI គឺស្ថិតនៅក្នុងភាពងងឹតទាំងស្រុងចំពោះជនរងគ្រោះ — ជនរងគ្រោះដឹងត្រឹមតែត្រូវចេញលុយ ប៉ុន្តែមិនដឹងថា AI នោះត្រូវបានគេយកទៅបញ្ជាធ្វើអ្វីឡើយ!
ក. ដំណាក់កាលជ្រៀតចូលដំបូង (Initial Access)៖ ការធ្វើ Phishing តាមរយៈផ្ទាំងពាណិជ្ជកម្ម Sponsored Search Ads
ការវាយប្រហារនេះបានចាប់ផ្តើមចេញពីយុទ្ធសាស្ត្រ Phishing បែបបុរាណ តែមានប្រសិទ្ធភាពខ្ពស់បំផុត៖
- ការទិញ Google Search Ads៖ ហេគឃ័របានចំណាយលុយទិញពាក្យស្វែងរកសំខាន់ៗដែល Admin តែងតែស្វែងរក ដូចជាពាក្យថា “google cloud” និង “gcp”។
- បង្វែរទិសដៅទៅកាន់ទំព័រ Login ក្លែងក្លាយ៖ នៅពេលជនរងគ្រោះចុចលើផ្ទាំងពាណិជ្ជកម្មនោះ វានឹងរុញតាមរយៈ Google Sites Redirect ទៅកាន់គេហទំព័រ Login របស់ Google ក្លែងក្លាយ។
- លួចយកទាំង Password និងកូដ MFA៖ អ្នកប្រើប្រាស់ដែលជា Admin មានសិទ្ធិចូល Google Console បានច្រឡំបញ្ចូលទាំង Account Credentials និងកូដផ្ទៀងផ្ទាត់ពហុកត្តា (MFA Codes) ចូលទៅក្នុងទំព័រ Phishing នោះ។
- ការបង្វែរទៅទំព័រពិតយ៉ាងរលូន៖ គេហទំព័រក្លែងក្លាយបានប្រមូលទិន្នន័យសម្ងាត់ភ្លាមៗ រួចបង្វែរជនរងគ្រោះត្រឡប់ទៅកាន់ផ្ទាំង Login ផ្លូវការរបស់ Google វិញ។ ដោយសារតែត្រូវវាយបញ្ចូលម្តងទៀត ជនរងគ្រោះភាគច្រើនគិតថាវាគ្រាន់តែជាបញ្ហារអាក់រអួលបច្ចេកទេសបន្តិចបន្តួច (Glitch) ប៉ុណ្ណោះ។
- ការ Login ភ្លាមៗពី Phishing Kit៖ ក្នុងពេលដំណាលគ្នានោះ ប្រព័ន្ធ Phishing Kit ស្វ័យប្រវត្តរបស់ហេគឃ័របានយក Credential ដែលទើបលួចបាន ទៅ Login ភ្លាមៗចូលទៅកាន់បរិស្ថាន GCP របស់ជនរងគ្រោះចេញពីអាសយដ្ឋាន IP
212.73.134[.]136។ ប៉ុន្មាននាទីក្រោយមក ហេគឃ័របាន Re-authenticate ចេញពី IP មួយផ្សេងទៀត ដែលប្រើប្រាស់សម្រាប់ដំណើរការសកម្មភាពបន្តបន្ទាប់ទាំងអស់លើ GCP។ (បច្ចុប្បន្ន Google Ads បានលុបយុទ្ធនាការផ្សាយពាណិជ្ជកម្មក្លែងក្លាយនេះចោលហើយ)។
ទោះបីជា Google បានផ្ញើអ៊ីមែល Security Alert ព្រមានពីការ Login មិនប្រក្រតីចូល Inbox របស់ Admin ក៏ដោយ ប៉ុន្តែស្ថាប័នមិនគួរពឹងផ្អែកតែលើការដឹងខ្លួនរបស់បុគ្គលិកឡើយ គឺត្រូវរៀបចំប្រព័ន្ធត្រួតពិនិត្យ Google Workspace User Log Events ជាប្រចាំ ដើម្បីចាប់សញ្ញា Login សង្ស័យ។
ខ. ការរក្សាការតភ្ជាប់ និងតម្លើងសិទ្ធិ (Persistence & Privilege Escalation)
នៅពេលចូលទៅដល់ក្នុងប្រព័ន្ធ ហេគឃ័របានទាញយកផលប្រយោជន៍ពីគណនីដែលមានសិទ្ធិជ្រុលហួសហេតុ (Excessive Privileges) ដើម្បីរៀបចំស្ថាបត្យកម្ម Billing សម្រាប់បម្រើឱ្យការកេងប្រវ័ញ្ចពីខាងក្រៅ៖
◆ ការបើកប្រើ APIs និងបង្កើត Service Account Credentials
ជំនួសឱ្យការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីពីដំបូងដែលងាយនឹងផ្អើល ហេគឃ័របានសំដៅលើគម្រោង GCP ចាស់ៗដែលមិនសូវមានសកម្មភាពប្រើប្រាស់ (Low-usage projects) ដើម្បី៖
- បើកដំណើរការសេវាកម្ម Gemini API
- បង្កើត Service Accounts ភ្ជាប់ជាមួយ Gemini API Keys
- ផ្ដល់សិទ្ធិកម្រិតខ្ពស់ទៅឱ្យ Service Accounts ថ្មីទាំងនោះ ដូចជា Role
roles/ml.adminនិងroles/mcp.toolUser
◆ ការកម្ទេចចោលនូវគោលការណ៍សុវត្ថិភាពរបស់ស្ថាប័ន (Dismantling Policies)
ដើម្បីពង្រីកឥទ្ធិពលដោយមិនឱ្យប្រព័ន្ធ Governance ខាងក្នុងរោទ៍អាសន្ន ហេគឃ័របានលុបចោល Safety Policies នៅកម្រិត Organization ចោល ដូចជាគោលការណ៍ iam.allowedPolicyMemberDomains។ សកម្មភាពនេះបានលុបបំបាត់របាំងការពារដែលធ្លាប់តែអនុញ្ញាតឱ្យតែអ៊ីមែល Domain ផ្លូវការរបស់ក្រុមហ៊ុនទើបអាចចូល IAM បាន ដែលជាហេតុធ្វើឱ្យគណនីផ្ទាល់ខ្លួន (Personal Accounts) ពីខាងក្រៅ អាចទទួលបានសិទ្ធិកម្រិតខ្ពស់បានយ៉ាងស្រួល។
◆ ការអញ្ជើញគណនីខាងក្រៅរបស់ហេគឃ័រ និងការតម្លើងសិទ្ធិ
ក្រោយលុបរបាំង Domain ចោល ហេគឃ័របានបន្ថែមគណនី Gmail ផ្ទាល់ខ្លួនរបស់ពួកគេ ចូលទៅកាន់ Billing Account របស់ស្ថាប័នជនរងគ្រោះដោយផ្ទាល់ រួមទាំងបានផ្ដល់សិទ្ធិ Administrative ដូចជា៖
roles/recommender.billingAccountCudAdminលើ GCP Projectsroles/billing.adminលើ GCP Billing Accounts (តួនាទីនេះផ្ដល់សិទ្ធិគ្រប់គ្រង Billing ទាំងស្រុង រួមទាំងការចាត់ចែងសិទ្ធិ ការភ្ជាប់គម្រោងក្រៅ និងការផ្លាស់ប្តូរការកំណត់ទូទាត់ប្រាក់)។
◆ ការភ្ជាប់គម្រោងបរទេសដើម្បីកេងប្រវ័ញ្ច (Linking Foreign Projects)
ហេគឃ័របានភ្ជាប់គម្រោង GCP ខាងក្រៅដែលគ្រប់គ្រងដោយពួកគេ ឱ្យមកប្រើប្រាស់ Billing Account ផ្ទៃក្នុងរបស់ជនរងគ្រោះ។ ចំណុចនេះបានបង្កើតជា Cross-tenant Access ដែលអនុញ្ញាតឱ្យរាល់ការហៅប្រើ API ទាំងអស់នៅក្នុង Project របស់ហេគឃ័រ ត្រូវកាត់លុយចេញពី Billing Account របស់ជនរងគ្រោះដោយស្វ័យប្រវត្ត ខណៈដែលទិន្នន័យ Prompt ទាំងអស់គឺមើលមិនឃើញនៅក្នុង Log របស់ក្រុមហ៊ុនជនរងគ្រោះឡើយ!
គ. យុទ្ធសាស្ត្រគេចវេះ និងការរឹបអូសសិទ្ធិ Admin (Defence Evasion & Lockout)
ដើម្បីកុំឱ្យប្រព័ន្ធសុវត្ថិភាពចាប់សញ្ញាទីតាំង និងដើម្បីរារាំងកុំឱ្យក្រុមការងារ IT អាចទាញយកការគ្រប់គ្រងមកវិញបាន ហេគឃ័របានអនុវត្តវិធីសាស្ត្រពីរយ៉ាង៖
- ការក្លែងបន្លំទីតាំងភូមិសាស្ត្រ (Geographic Blending)៖ បន្ទាប់ពី Login លើកដំបូង សកម្មភាពជាបន្តបន្ទាប់របស់ហេគឃ័រត្រូវបានប្តូរឱ្យចេញពីអាសយដ្ឋាន IP ដែលស្ថិតនៅក្នុងប្រទេសនៃទីស្នាក់ការកណ្តាលរបស់ជនរងគ្រោះ ទោះបីជាវាមិនស៊ីគ្នាជាមួយទីតាំងរស់នៅពិតប្រាកដរបស់ម្ចាស់គណនីក៏ដោយ។
- ការទម្លាក់សិទ្ធិ Admin ពិតប្រាកដ (Admin Lockout)៖ ក្រោយពេលគ្រប់គ្រងសិទ្ធិពេញលេញ ហេគឃ័របានធ្វើការទម្លាក់សិទ្ធិរបស់ Billing Administrators ស្របច្បាប់ចាស់ៗ ពីអ្នកគ្រប់គ្រង ឱ្យធ្លាក់មកត្រឹមសិទ្ធិអានប៉ុណ្ណោះ (Read-only billing viewers)។ ការកែប្រែនេះបានធ្វើឱ្យ Admin ពិតប្រាកដបាត់បង់សមត្ថភាពក្នុងការ Revoke សិទ្ធិ ឬផ្តាច់គម្រោងចម្លែកៗចេញពី Console ទៀតផង!
ឃ. ផលប៉ះពាល់៖ ការកេងប្រវ័ញ្ចធនធាន AI (AI Resource Abuse)
គោលដៅចម្បងនៃការវាយប្រហារនេះ មិនមែនជាការបំផ្លាញទិន្នន័យឡើយ ប៉ុន្តែជា ការកេងប្រវ័ញ្ចហិរញ្ញវត្ថុ — យកហេដ្ឋារចនាសម្ព័ន្ធ Cloud របស់ជនរងគ្រោះ មកធ្វើជាអ្នករ៉ាប់រងការចំណាយលើការដំណើរការ LLM Inference ក្នុងបរិមាណដ៏ធំសម្បើម។
- វិក្កយបត្រហក់ឡើងខ្ពស់កប់ពពកក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោង៖ ស្ថាប័នរងគ្រោះបានជួបប្រទះនូវការគិតប្រាក់ដែលកើនឡើងពី រាប់ម៉ឺន ទៅរាប់សែនដុល្លារ ត្រឹមតែរយៈពេល ១ ទៅ ២ ថ្ងៃប៉ុណ្ណោះ ពីការប្រើប្រាស់ Gemini API ដោយគ្មានការអនុញ្ញាត។
- ខ្វាក់ភ្នែកលើសកម្មភាពប្រើប្រាស់ (Complete Blind Spot)៖ ដោយសារតែគម្រោងដែលរត់ AI ស្ថិតនៅក្នុង Tenant របស់ហេគឃ័រ ដូច្នេះការ Generate API Keys, សំណើ Prompts និងចម្លើយ Output សុទ្ធតែកើតឡើងនៅលើគម្រោងបរទេស។ ក្រុមហ៊ុនជនរងគ្រោះត្រូវទទួលខុសត្រូវចេញលុយទាំងអស់ ប៉ុន្តែនៅក្នុង Audit Logs ផ្ទៃក្នុង គឺគ្មានទិន្នន័យណាមួយបង្ហាញពីសកម្មភាព ឬខ្លឹមសារនៃការប្រើប្រាស់ AI នោះឡើយ។
ង. សញ្ញាកំណត់អត្តសញ្ញាណ និងការតាមដានការវាយប្រហារ (Threat Hunting & IoCs)
ដើម្បីស្វែងរកវត្តមានរបស់ LLMjacking នៅក្នុងបរិស្ថាន Google Cloud ក្រុមការងារ IT និង Security ត្រូវតាមដានលើចំណុចសំខាន់ៗដូចខាងក្រោម៖
- ពិនិត្យមើលគណនី IAM ខាងក្រៅ៖ ស្វែងរកគណនីណាដែលប្រើប្រាស់ Domain ក្រៅពីក្រុមហ៊ុន ជាពិសេសអ៊ីមែលផ្ទាល់ខ្លួនដូចជា
@gmail.comនៅក្នុង GCP IAM។ - ត្រួតពិនិត្យការផ្លាស់ប្តូរ Organization Policy Controls៖ តាមដានរាល់ការកែប្រែ ឬការលុបចោលគោលការណ៍
allowedPolicyMemberDomainsព្រមទាំងការកែប្រែសិទ្ធិលើ Billing Account Administrators។ - តាមដានគម្រោងចាស់ៗដែលមិនសូវប្រើ៖ ពិនិត្យមើលថាតើមានការបើកប្រើ Gemini API ការបង្កើត Service Accounts ថ្មី ឬការបង្កើត API Keys នៅក្នុងគម្រោងចាស់ៗដែរឬទេ។
- តាមដានការហក់ឡើងនៃថ្លៃចំណាយ API និងកំណត់កម្រិតថវិកា (Spend Cap)៖ ត្រូវបង្កើត Spend Cap Budgets និងកំណត់ Alert ឱ្យរោទ៍ភ្លាមៗ នៅពេលការប្រើប្រាស់ AI API មានសន្ទុះកើនឡើងខុសប្រក្រតីធៀបនឹង Baseline ធម្មតា។
បញ្ជី Indicators of Compromise (IoCs)
- IP Address របស់ហេគឃ័រ (Phishing Kit)៖
212.73.134[.]136 - បញ្ជី Phishing Domains ក្លែងបន្លំ Google៖
*.gboogl[.]com*.groosl[.]com*.gprokl[.]com*.gxoosl[.]com*.gsoolg[.]com*.gwoogl[.]com*gzoozl[.]com*groonl[.]com*gsool[.]space*gbrokl[.]space*gbrokl[.]xyz*gsoosl[.]xyz*gsool[.]xyz*gpoosl[.]com*groolg[.]com*gcslom[.]com*gcoalg[.]com
ទស្សនៈយល់ឃើញពី SecuDemy
ការវាយប្រហារបែប LLMjacking គឺជាការវិវត្តថ្មីនៃឧក្រិដ្ឋកម្មសាយប័រក្នុងយុគសម័យ AI។ កាលពីមុន ហេគឃ័រលួច Cloud Server យកទៅរត់ជីកកាក់គ្រីបតូ (Cryptojacking) ប៉ុន្តែបច្ចុប្បន្ន ការទាញយកថាមពលគណនា (Compute Power) សម្រាប់ដំណើរការ AI គឺមានតម្លៃថ្លៃខ្លាំង ទើបជំរុញឱ្យហេគឃ័របង្វែរទិសដៅមកលួច Cloud Billing ដើម្បីដំណើរការ AI ដោយឥតគិតថ្លៃ។ សម្រាប់វិស្វករ Cloud និង DevOps នៅកម្ពុជា សូមកុំមើលរំលងការកំណត់ Budget Alerts, ការរឹតបន្តឹងគោលការណ៍ Domain Restriction លើ IAM, និងការបណ្តុះបណ្តាលបុគ្គលិកកុំឱ្យចុចលើផ្ទាំងពាណិជ្ជកម្ម Ad ពេលស្វែងរក Cloud Console ឱ្យសោះ!
Credit ប្រភពដើម៖ Wiz Research Blog – From Phishing to LLMjacking
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




