EventGeneralOther EventsSecurity News
17th Defense Talk: OS Exploitation
នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យបៀលប្រាយ មានរៀបចំនូវកម្មវិធី Defense Talk លើកទី ១៧ ដែលមានការចូលរួមពីវាគ្មិនគឺលោក សុខ សុវណ្ណ អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន ហើយដែលមានការចូលរួមពីសិស្ស-និសិ្សតប្រមាណជា ៥០ រូប។
លោក សុខ សុវណ្ណ បានរៀបរាប់អំពីហានិភ័យក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែលមានមិនមានអាជ្ញាប័ណ្ណ ដែលវានឹងផ្តល់នូវច្រកសម្រាប់ធ្វើការវាយលុក (exploit) ចូលទៅក្នុងប្រព័ន្ធបានដោយងាយស្រួលពីសំណាក់អ្នកវាយប្រហារ។ ប្រព័ន្ធប្រតិបត្តិការ ឬជាភាសាអង់គ្លេសថា Operating System ដែលនិយមប្រើប្រាស់នៅកម្ពុជាគឺ Windows ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ទាំងនោះគឺងាយប្រឈមទៅនឹងការឆ្លងមេរោគ ឬការវាយលុកចូលនឹងគ្រប់គ្រងទាំងស្រុងទៅលើម៉ាស៊ីន។
ដើម្បីការពារខ្លួនពីការវាយប្រហារ លោកបានផ្តាំផ្ញើរទៅដល់និស្សិតទាំងអស់នូវអនុសាសន៍ដូចខាងក្រោម៖
- សូមប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងធ្វើការអាប់ដេតជាប្រចាំ ឬដាក់ឲ្យមានការអាប់ដេតដោយស្វ័យប្រវត្តិ
- សូមតំឡើងកម្មវិធីទប់ស្កាត់ និងកំចាត់មេរោគ
- សូមកុំបើកនូវឯកសារដែលភ្ជាប់មកជាមួយនឹងអ៊ីម៉ែលដែលគ្មានប្រភពច្បាស់លាស់
- មុននឹងចុចទៅលើបញ្ជប់ណាមួយ (link) ត្រូវគិតឲ្យបានពីរឬបីដងជាមុនសិន
- ផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកជាប្រចាំ
- ពាក្យសម្ងាត់ត្រូវតែប្រើប្រាស់យ៉ាងតិច ៨តួអក្សរឡើង ដែលមានតួអក្សរតូច ធំ លេខ និង និមិ្មតសញ្ញាបញ្ចូលគ្នា