ក្រុមហ៊ុនហ្វេសប៊ុកមានការមិនពេញចិត្តជាមួយមុខងារក្រើនរំឭកថ្មី ដែលទាក់ទងនឹងការទាញយកទិន្នន័យ
នៅពេលដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 14 កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនបានបន្ថែមមុខងារថ្មីៗជាច្រើនដើម្បីឱ្យការប្រើប្រាស់ទូរសព្ទកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងចំណោមមុខងារថ្មីៗទាំងនោះមានតែមុខងារមួយប៉ុណ្ណោះដែលធ្វើឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្វេសប៊ុកកើតទុក្ខមិនសុខចិត្ត ព្រោះវាអាចធ្វើឱ្យកាន់តែមានការលំបាកក្នុងការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។
ជាមួយមុខងារថ្មីនេះក្រុមហ៊ុន Apple បានទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់មិនត្រឹមតែប៉ុណ្ណោះលោកអ្នកប្រហែលជាអាចបិទកុំឱ្យមានការទាញយកបានផងដែរ។ កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយរិះគន់ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ថាមុខងារថ្មីនេះគឺមិនមែនដើម្បីសម្រាប់ការពារទិន្នន័យឯកជនភាពនោះទេ ផ្ទុយទៅវិញគឺវាដើម្បីឱ្យក្រុមហ៊ុន Apple ទាញយកផលចំណេញតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Mozilla ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី web browser Firefox បានចេញសេចក្ដីរាយការណ៍គាំទ្រក្រុមហ៊ុន Apple ដែលបានបន្ថែមមុខងារនេះ ព្រោះការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នគឺវាមានច្រើនលើសលប់ ដោយអ្នកប្រើប្រាស់ជាច្រើនពុំបានដឹងទេថាទិន្នន័យរបស់ពួកគេកំពុងតែត្រូវបានទាញយក។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ក៏ពុំបានដឹង ថាតើក្រុមហ៊ុនណាខ្លះដែលបានទិញយកទិន្នន័យទាំងនោះ។
ទោះបីជាក្រុមហ៊ុនហ្វេសប៊ុកបានចោទប្រកាន់ក្រុមហ៊ុន Apple ថាបានទាញយកផលចំណេញទាក់ទងនឹងមុខងារថ្មីនេះក៏ដោយ ប៉ុន្តែសម្រាប់ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យាវិញនោះ គេគិតថានេះគឺជាមុខងារដ៏ល្អ ហើយក្រុមហ៊ុនហ្វេសប៊ុកមានការមិនពេញចិត្តជាមួយមុខងារថ្មីនេះដោយសារតែ ភាគច្រើននៃប្រាក់ចំណូលរបស់ពួកគេគឺបានមកពីការប្រមូលទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ឬលក់ទៅឱ្យក្រុមហ៊ុនទីបីនោះ៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា