GeneralSecurity News

ហ្វេសប៊ុករកឃើញហេគគ័រ ‘Ocean Lotus’ គឺក្រុមហ៊ុន ​IT នៅវៀតណាម

ISAC Cambodia (InfoSec)

តាមព័ត៌មានពីវេបសាយ ​CNA បានឱ្យដឹងថា អ្នកស៊ើបអង្កេតនៅក្នុងក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញដានក្រុមហេគគ័រ ដែលគេសង្ស័យថាបានធ្វើចារកម្មក្នុងនាមរដ្ឋាភិបាលវៀតណាម ទៅលើក្រុមហ៊ុនមួយនៅទីក្រុងហូជីមិញ។

សេចក្តីប្រកាសនេះចេញផ្សាយនាថ្ងៃទីសុក្រ ទី១១ នេះ គឺជាលើកទីមួយហើយដែលក្រុមហ៊ុនហ្វេសប៊ុកបានបញ្ចេញព័ត៌មានជាសាធារណៈទៅលើប្រតិបត្តិការវាយលុក (offensive hacking operation) ហើយបើពិតប្រាកដមែននោះ វាគឺជាករណីដ៏កម្រមួយដែលក្រុមហេគគ័រគាំទ្រដោយរដ្ឋ ត្រូវបានកំណត់ទៅលើអង្គភាពពិតប្រាកដមួយ។

ក្រុមហេគគ័រនេះ ដែលត្រូវបានស្គាល់ថា OceanLotus ឬ APT32 ត្រូវបានរងការចោទប្រកាន់រាប់ឆ្នាំរួចទៅហើយ លើការងារចារកម្មកិច្ចការនយោបាយ, មន្រ្តីរដ្ឋាភិបាលបរទេស និងអ្នកធុរកិច្ចធំៗ។ អង្គភាពព័ត៌មាន ​Reuters បានចេញផ្សាយក្នុងឆ្នាំនេះថា ក្រុមនោះបានព្យាយាមធ្វើការបំបែកចូលទៅក្នុង ក្រសួងគ្រប់គ្រងឧប្បទេវហេតុរបស់រដ្ឋាភិបាលចិន (Ministry of Emergency Management) និងរដ្ឋាភិបាលនៃខេត្ត Wuhan ក្នុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ហ្វេសប៊ុកបាននិយាយថា ខ្លួនបានរកឃើញនូវការតភ្ជាប់រវាងក្រុមហេគគ័រ OceanLotus និងក្រុមហ៊ុនវៀតណាមមួយឈ្មោះថា CyberOne Group ដែលបានដាក់អាស័យដ្ឋាននៅលើសង្កាត់ពាណិជ្ជកម្ម នៅទីក្រុងហូជីមិញ។

ក្រុមហ៊ុន CyberOne Group បានធ្វើការបដិេសធន៍មិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហេគគ័រនោះទេ។ បើតាមការឆ្លើយតបរបស់បុគ្គលិកកាន់កាប់ទំព័រហ្វេសប៊ុករបស់ CyberOne Group (ដែលពេលនេះបានបិទទៅហើយនោះ) បានសរសេរថា “យើងមិនមែនជាក្រុម Ocean Lotus នោះទេ។ វាគឺជាកំហុសឆ្គងមួយ។”

ក្រសួងការបរទេសវៀតណាម ដែលទទួលបន្ទុករាល់ការសាកសួរពាក់ព័ន្ធកិច្ចការអន្តរជាតិ ក៏មិនបានឆ្លើយតបទៅនឹងការសាកសួរភ្លាមៗផងដែរ។ កាលពីលើកមុន ក្រសួងក៏បានបដិេសធន៍ម្តងរួចមកហើយ ពាក់ព័ន្ធទៅនឹងករណី OceanLotus នេះ។

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ក្រុមហេគគ័របានប្រើប្រាស់ថ្នាលបច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើការវាយប្រហារតាមអុីនធឺណិតដ៏សំបូរបែប ដែលមានទាំងការបន្លំធ្វើជាគណនីក្លែងក្លាយ ដើម្បីបោកបញ្ជោតផងដែរ។

លោក Nathaniel Gleicher ដែលជាប្រធានគោលនយោបាយសន្តិសុខអុីនធឺណិតមកពីក្រុមហ៊ុនហ្វេសប៊ុក បាននិយាយថា ខ្លួនបានរកឃើញនូវភស្តុតាងបច្ចេកទេស ដែលបានតភ្ជាប់ CyberOne’s Facebook Page ទៅកាន់គណនីដែលប្រើប្រាស់នៅក្នុងយុទ្ធនាការវាយប្រហារ (hacking), ក៏ដូចជាការវាយប្រហារ OceanLotus ផ្សេងៗទៀតផងដែរ។ លោកបានបដិេសធន៍ មិនបង្ហាញភស្តុតាងលំអិតឡើយ ដោយបានលើកឡើងពីហេតុផលក្នុងការលំបាកតាមដានក្រុមនេះនៅពេលក្រោយទៀត។ ប៉ុន្តែ គាត់បាននិយាយ ខ្លួនមានព័ត៌មានអំពី ហេដ្ឋារចនាសម្ព័ន្ធអនឡាញ កូដមេរោគ និងកម្មវិធីសម្រាប់ហេគ និងបច្ចេកទេសផ្សេងៗទៀត។

អ្នកដឹកនាំជាន់ខ្ពស់មកពី FireEye ឈ្មោះថា Ben Read និងលោក Marc-Étienne Léveillé អ្នកស្រាវជ្រាវមកពី ​ESET​ Group បាននិយាយថា សកម្មភាពវាយប្រហារតាមអុីនធឺណិត ដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនហ្វេសប៊ុក គឺមានភាពស៊ីសង្វាក់ទៅនឹងប្រតិបត្តិការរបស់ OceanLotus។ ក្រុម OceanLotus នេះមានប្រតិបត្តិការចាប់ពីឆ្នាំ២០១៣ ហើយត្រូវបានចោទប្រកាន់ថា ទទួលបានការគាំទ្រដោយរដ្ឋាភិបាលវៀតណាម។

ហ្វេសប៊ុកបាននិយាយថាខ្លូនមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ក្រុម OceanLotus ក្រៅពី ​CyberOne Group ឡើយ ហើយក្រុមនេះក៏ប្រើប្រាស់ឈ្មោះ CyberOne Security, CyberOne Technologies, Hành Tinh Company Limited, Planet and Diacauso ។

CyberOne មានព័ត៌មានតិចតួចណាស់អំពីខ្លួនឯងនៅលើវេបសាយ ដោយគ្រាន់តែនិយាយថាខ្លួនមានបុគ្គលិកប្រហែលជា ២០០នាក់ ផ្តល់នូវសេវាកម្មបច្ចេកវិទ្យាសន្តិសុខសំខាន់ៗ។

ទំព័រការងាររបស់ក្រុមហ៊ុន CyberOne បានលប់ចោលក្រោយពេលដែលអង្គភាព Reuters បានធ្វើការទាក់ទងទៅនឹងការផ្សព្វផ្សាយរកតួនាទី សម្រាប់អ្នកដែលមានសមត្ថភាព hacking skill និងបទពិសោធន៍ក្នុងការវិភាគមេរោគ៕

ប្រភព៖

https://www.channelnewsasia.com/news/business/facebook-vietnam-it-firm-oceanlotus-hackers-13748660

https://www.reuters.com/article/facebook-vietnam-cyber/facebook-tracks-oceanlotus-hackers-to-it-firm-in-vietnam-idUSKBN28L03Y

================

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Check Also
Close
Back to top button