GeneralSecurity News

ប្រធានាធិបតីឥណ្ឌូនេស៊ីចេញបញ្ជាឱ្យធ្វើសវនកម្មទៅលើមជ្ឈមណ្ឌលទិន្នន័យជាតិ បន្ទាប់ពីរងការវាយលុកសាយប័រ

ISAC Cambodia (InfoSec)

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបញ្ជាកាលពីថ្ងៃសុក្រ ដើម្បីធ្វើសវនកម្មលើមជ្ឈមណ្ឌលទិន្នន័យរបស់រដ្ឋាភិបាល បន្ទាប់ពីមន្ត្រីបាននិយាយថា ទិន្នន័យភាគច្រើនដែលរងផលប៉ះពាល់ដោយការវាយប្រហារតាមអុីនធឺណិត ដោយមេរោគចាប់ជំរិត (ransomware) នាពេលថ្មីៗនេះ មិនត្រូវបានថតចំលងបម្រុងទុកទេ (back-up) ដែលនេះបង្ហាញពីភាពងាយរងគ្រោះរបស់ប្រទេសចំពោះការវាយប្រហារបែបនេះ។

ការវាយប្រហារតាមអុីនធឺណិតកាលពីសប្តាហ៍មុន ដែលអាក្រក់បំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានរំខានដល់សេវាអនឡាញជាច្រើនរបស់រដ្ឋាភិបាល រួមទាំងសេវាអន្តោប្រវេសន៍ និងប្រតិបត្តិការនៅអាកាសយានដ្ឋានធំៗ។

រដ្ឋាភិបាលបាននិយាយថាអង្គភាពសាធារណៈច្រើនជាង ២៣០ អង្គភាព រួមទាំងក្រសួងបានរងផលប៉ះពាល់ ប៉ុន្តែបានបដិសេធមិនបង់ប្រាក់លោះចំនួន ៨លានដុល្លារ ដែលត្រូវបានទាមទារដោយឧក្រិដ្ឋជនសាយប័រ ដើម្បីទាញយកទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មត្រលប់មកវិញ។

ឆ្លើយតបទៅនឹងការវាយប្រហារតាមអុីនធឺណិតនេះ សវនកររដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ប្រធានាធិបតីបានណែនាំខ្លួនឱ្យធ្វើសវនកម្មឱ្យបានម៉ត់ចត់ទៅមើលមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេស។

លោក Hinsa Siburian ដែលជាប្រធានទីភ្នាក់ងារសន្តិសុខអុីនធឺណិតរបស់ប្រទេសឥណ្ឌូនេស៊ី (BSSN) បាននិយាយថា 98% នៃទិន្នន័យរបស់រដ្ឋាភិបាលដែលរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យមួយ ក្នុងចំណោមមជ្ឈមណ្ឌលទិន្នន័យពីរដែលរងគ្រោះនោះ មិនបានធ្វើការថតចំលងបម្រុងទុកឡើយ។ លោកបានប្រាប់ដល់សភាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “ជាទូទៅយើងឃើញបញ្ហាចម្បងគឺអភិបាលកិច្ច ហើយមិនមានការបម្រុងទុកទេ” ហើយដែលសមាជិក​សភា​មួយ​ចំនួន​ច្រាន​ចោល​ការ​ពន្យល់នេះ។

ឯកឧត្តម Budi Arie Setiadi រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ឥណ្ឌូនេស៊ីបាននិយាយថា ក្រសួងមានសមត្ថភាពថតចំលងបម្រុងទុកនៅមជ្ឈមណ្ឌលទិន្នន័យ ប៉ុន្តែវាជាជម្រើសសម្រាប់ស្ថាប័នរដ្ឋាភិបាលក្នុងការប្រើសេវាកម្មនេះ។ លោក​បាន​និយាយ​ថា ស្ថាប័នរដ្ឋាភិបាល​មិន​បាន​បម្រុង​ទុក​ទិន្នន័យ​ដោយ​សារ​តែ​ការ​រឹត​បន្តឹង​ថវិកា ដោយលោកបាន​បន្ថែម​ថា ​វា​នឹង​ត្រូវដាក់ជា​កាតព្វកិច្ច​ក្នុង​ពេល​ឆាប់ៗ។

ប្រភព៖
https://www.reuters.com/technology/cybersecurity/bulk-indonesia-data-hit-by-cyberattack-not-backed-up-officials-say-2024-06-28/

Cover Image: FreePik


Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button