ពិបាកចាំពាក្យសម្ងាត់៖ គួរចាប់ផ្តើមប្រើប្រាស់កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់

តើអ្នកមានពាក្យសម្ងាត់ចំនួនប៉ុន្មាន?

អ្នកទាំងអស់គ្នាអាចចាប់ផ្តើមធ្វើការរាប់ពាក្យសម្ងាត់របស់អ្នកលេងៗមើល នោះអ្នកប្រាកដជាមានការភ្ញាក់ផ្អើលជាមិនខាន។ នៅរាល់សេវាកម្មអនឡាញនិមួយៗ បើសិនជាអ្នកចង់ប្រើប្រាស់វា នោះអ្នកនឹងត្រូវការនូវ ឈ្មោះគណនី (username) និងពាក្យសម្ងាត់​ (password)។ ក្នុងខណៈពេលដែលសេវាអនឡាញមានការកើនឡើងជារៀងរាល់ថ្ងៃ នោះពាក្យសម្ងាត់ដែលអ្នកត្រូវប្រើប្រាស់ក៏នឹងមានច្រើនផងដែរ។ ដោយសារតែមានឧក្រិដ្ឋជនបច្ចេកវិទ្យាមានកើនឡើង នោះអ្នកត្រូវតែមានពាក្យសម្ងាត់ដែលខ្លាំងមិនអាចបំបែកបាន។

ពាក្យសម្ងាត់ដែលខ្លាំង គឺអាចត្រូវបានបង្កើតឡើងដោយសារមានការបញ្ចូលគ្នានៃលេខ, និមិ្មតសញ្ញា, តួអក្សរតូច, តួអក្សរធំ ហើយមិនត្រូវប្រើប្រាស់ពាក្យដែលមាននៅក្នុងវចនានុក្រមឡើយ។ អ្នកក៏ត្រូវប្រាកដដែរថា ពាក្យសម្ងាត់នោះមិនងាយទាយដឹងផងដែរ។ ក៏ប៉ុន្តែបញ្ហាគឺថា តើយើងអាចចងចាំបានទាំងអស់ដែរឬទេ? ដូច្នេះដើម្បីងាយស្រួល យើងតែងតែប្រើប្រាស់ពាក្យសម្ងាត់ដែលងាយស្រួល (easy password)។ បន្ថែមជាងនេះ គឺយើងតែងតែប្រើប្រាស់ពាក្យសម្ងាត់ដូចគ្នា នៅក្នុងសេវាអនឡាញនានា ឬក៏បន្ថែមលេខ ១២៣ ឬធ្វើយ៉ាងណាឱ្យងាយចាំ។ នៅពេលដែលហេគឃ័រដឹងពាក្យសម្ងាត់មួយរបស់អ្នក នោះសេវាអនឡាញរបស់អ្នកទាំងអស់នឹងត្រូវបាត់បង់។

ដំណឹងល្អ គឺថាយើងមានកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (password manager) ដែលយើងអាចបង្កើតពាក្យសម្ងាត់ដែលខ្លាំង ហើយរក្សាទុកវាដោយសុវត្ថិភាព។

មានកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ជាច្រើនដែលកំពុងប្រើប្រាស់នៅក្នុងទីផ្សារ ដែលមានដូចជា Lastpass, 1Password, Dashlane, F-Secure, Keepass, Avast ជាដើម។ កម្មវិធីទាំងនេះគឺភាគច្រើនត្រូវការបង់ប្រាក់ប្រចាំខែ ឬឆ្នាំ ដែលអ្នកអាចប្រើប្រាស់វាលើអនឡាញ និង Offline។ ចំណែកឯ Keepass គឺជាកម្មវិធីប្រភេទប្រភពកូដចំហរ (opensource) ដែលត្រូវបានពេញនិយមប្រើប្រាស់ផងដែរ។

រូបភាពនៃកម្មវិធី Keepass សម្រាប់ធ្វើការគ្រប់គ្រងពាក្យសម្ងាត់

ការតំឡើងកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់គឺវាងាយស្រួលទេ។

ដើម្បីធ្វើការចូលទៅកាន់កម្មវីធីគ្រប់គ្រងពាក្យសម្ងាត់ អ្នកត្រូវធ្វើការបង្កើតនូវពាក្យសម្ងាត់មេ (master password)។ ពាក្យសម្ងាត់មេនោះ គឺត្រូវបានធ្វើកូដនីយកម្មខ្លាំង ដោយការធ្វើ hashed រាប់ពាន់ដង។

ខាងក្រោមនេះគឺជាវិដេអូដែលបង្ហាញពីរបៀបប្រើប្រាស់កម្មវិធី keepass

ការជ្រើសរើសយកនូវកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់គឺអាស្រ័យទៅលើអ្នក។ អ្នកអាចប្រើប្រាស់ដោយការជាវប្រចាំខែ/ឆ្នាំ ឬប្រើប្រាស់កម្មវិធីប្រភពកូដចំហរ៕

ប្រភព៖ https://keepass.info/

Exit mobile version