GeneralKnowledgeSecurity NewsSecurity Tips

ការគ្រប់គ្រង និងការបម្រុងទុកទិន្នន័យ (Data Backup)

ISAC Cambodia (InfoSec)

ការបាត់បង់ទិន្នន័យ ឬឯកសារនៅ​ក្នុងកុំព្យូទ័រ និងទូរស័ព្ទដៃក៏​ជាផ្នែក​មួយ នៃសុវត្ថិភាពព័ត៌មានផងដែរ។ តើបញ្ហាប្រឈមអ្វីខ្លះ ដែលអ្នកអាច​នឹងជួបប្រទះ ប្រសិនបើអ្នកបាត់បង់​ទិន្នន័យ ឬព័ត៌មាននៅក្នុងកុំព្យូទ័រ និងទូរស័ព្ទដៃរបស់អ្នក?

ជា​ធម្មតា​អ្នក​ទាំងអស់​គ្នា​ ប្រហែល​ជា​ធ្លាប់​ជួប​ប្រទះ​ ជាមួយ​បញ្ហា​ទាំង​នោះ​ហើយ​ ឧទាហរណ៍​ ការ​ឆ្លង​មេរោគ​នៅ​ក្នុង​កុំព្យូទ័រ​ ការ​ធ្លាក់​ខូច​ខាត​ ឬ​បែក​បាក់​ ការ​បាត់​បង់​ ឧបករណ៍ទាំងនោះ​ និង​ផ្សេងៗ​ទៀត​។ បញ្ហា​ទាំង​នេះជា​មូល​ហេតុ​ បណ្តាល​ឲ្យ​អ្នក​បាត់​បង់​នូវ​ទិន្នន័យ​ និង​ឯកសារ​សំខាន់ៗ​របស់​អ្នក​។ វិធី​សាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​នេះ ​គឺ​ការ​គ្រប់​គ្រង​ និង​បម្រុង​ទុក​ទិន្នន័យ​ របស់​អ្នក​ជា​ប្រចាំ​ (regularly backups your data)​។

ជា​ទូទៅ​ ការ​បម្រុង​ទុក​ទិន្នន័យ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ external hard drives, USB drives,​ និង​ឌីស​ (CDs & DVDs)​។ អ្នក​ត្រូវ​ចង​ចាំ​ថា​ឧបករណ៍​ ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ​ងាយ​ស្រួល​ក្នុង​ការ​បាត់​បង់​ដោយ​ប្រការ​ណា​មួយ​ ដូច​ជា​ត្រូវ​ចោរ​លួច​ និង​ភាព​មិន​ដំណើរ​ការ​នៅ​ពេល​អ្នក​ភ្ជាប់​ឧបករណ៍​ទាំង​នោះ​ជា​មួយ​កុំព្យូទ័រ​របស់​អ្នកជាដើម​ (unwanted access)​។

ការ​បម្រុង​ទុក​ទិន្នន័យ​ ហាក់​ដូច​ជា​ការ​ Copy​ និង​ Paste​ ឯកសារ​ពី​កន្លែង​មួយ​ ទៅ​កាន់​កន្លែង​មួយ​ទៀត​។ ប៉ុន្តែ​ដើម្បី​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល ​ក្នុង​ដំណើរ​ការ​នេះ ​មាន​កម្មវិធី​មួយ​ចំនួន​ដែល​ជួយ​អ្នក​បាន​។ ​កម្ម​វិធី​ទី​១​ គឺ​ជា​កម្មវិធី​ដែល​មាន​ស្រាប់ជា​មួយ​​​ Windows ​គឺ​ Backup ​and ​Restore វា​អាច​ជួយ​អ្នក​ក្នុង​ការ​បម្រុង​ទុក​ទិន្ន​ន័យ​របស់​អ្នក​ និង​ហៅ​​​ត្រលប់​មក​វិញ​ ក្នុង​ករណី​ទិន្នន័យ​ទាំង​នោះ​ត្រូវ​បាន​បាត់បង់​។ លើស​ពី​នេះ​ អ្នក​អាច​កំណត់​នូវ​កាល​វិភាគ​ ក្នុង​ការ​ធ្វើ​ការ​បម្រុង​ទុក​ ទិន្ន​ន័យ​របស់​អ្នក​​បាន​ផង​ដែរ​។ ​

កម្ម​វិធី​ទី​២​ គឺ​ File​ History​  វា​ជួយ​រក្សា​ទុក​ការ​ផ្លាស់​ប្តូរ​ឯក​សារ​ចាស់ៗ​ រាល់​ពេល​អ្នក​ធ្វើ​បច្ចុប្បន្ន​ភាព​ នៅ​លើ​ឯក​សារ​ទាំង​នោះ​។ ​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ កម្ម​វិធី​ Mac OS X​ ការ​បម្រុង​ទុក​ឯក​សារ​អាច​ធ្វើ​បាន​តាម​រយៈ​ កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Time ​Machine។ ​កម្ម​វិ​ធី​នេះ​ជួយ​បម្រុង​ទុក​ទិន្នន័យ​ ឬ​ឯក​សារ​ពី​កុំព្យូទ័រ​ទៅកាន់​ external​ hard​ drive​ ដែល​ក្នុង​នោះ​អ្នក​អាច​មាន​លិទ្ធ​ភាព​ក្នុង​ការចាក់​សោរ​ (encrypt)​ ទិន្ន​ន័យទាំង​នោះ​បាន​។

ការ​បម្រុង​ទុក​ឯក​សារ​នៅ​ក្នុង​ hard ​drive​ និង​ online​ cloud​ storage​ ពិត​ជា​មាន​សារ​សំខាន់​ណាស់​។​ អ្នក​ទាំង​អស់​គ្នា​អាច​ ប្រើ​ប្រាស់​កម្ម​វិធី​ cloud​ storage​ មួយ​ចំនួន​ដូច​ជា ​DropBox​, Google drive និង​ One​Drive ជា​ដើម​​ សម្រាប់​ធ្វើ​ការ​បម្រុង​ទុក​ឯក​សារ​។ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​បារម្ភ​ពី​ឯក​ជន​ភាព​ អ្នក​អាច​ពិចារណា​ប្រើ​ប្រាស់​កម្ម​វិធី​ cloud​ storage​ ដែល​មាន​ encryption ​ដូច​ជា​ Mega​, Sync.com​, Spider​Oak​ និង​ Wuala​។ ការ​បម្រុង​ទុក​ឯក​សារ​តែ​មួយ​កន្លែង​ក៏​​បង្កើត​ជា​ហានិភ័យ​ ចំពោះ​ទិន្ន​ន័យ​របស់​អ្នក​ផង​ដែរ​។ ដូច​នេះ​មាន​វិធី​សាស្ត្រ​មួយ​ ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​រៀប​ចំ​ ទិន្នន័យ​របស់​អ្នក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ គឺ​ វិធី​សាស្ត្រ​ 3-2-1​

វិធី​សាស្ត្រ​ 3-2-1​ គឺ​ជា​វិធី​សាស្ត្រ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចង​ចាំ ​ក្នុង​ការ​ថែ​រក្សា​និង​បម្រុង​ទុក​ទិន្ន​ន័យ​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព​។ វិធី​សាស្ត្រ​នេះ​មាន​ន័យ​ថា​យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​មាន​ទិន្ន​ន័យ​ ឬ​ឯក​សារ​ដូច​គ្នា​ចំនួន​ 3​ ច្បាប់​ ហើយ​ បម្រុង​ទុក​ឯក​សារ​ 2​ ច្បាប់​នៅ​កន្លែង​ផ្សេង​គ្នា ​ដែល​ក្នុង​នោះ​ 1​ ច្បាប់​ ត្រូវ​ទុក​ក្នុង​ online​ cloud ​storage​។ លើស​ពី​នេះ​ទៀត​ ការ​បម្រុង​ទុក​ទិន្ន​ន័យ​ដែល​មាន​ប្រសិទ្ធភាព​ ត្រូវ​តែ​ធ្វើ​ឡើង​ជា​ប្រចាំ​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១​ដង​ ក្នុង​រយៈ​ពេល​ ១​ឬ​ ២​សប្តាហ៍​។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Check Also
Close
Back to top button