ហេគឃ័រអៈអាងថាមានទិន្នន័យរបស់ប្រធានាធិបតី Trump ហើយទាមទារ ៤២លានដុល្លា ជាថ្នូរមិនបញ្ចេញ
តាមប្រភពព័ត៌មានពីវេបសាយ Forbes បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានអៈអាងថាមានទិន្នន័យ “dirty laundry” របស់ប្រធានាធិបតី Trump ហើយបានគំរាមថានឹងបញ្ចេញទិន្នន័យទាំងនោះនៅសប្តាហ៍ក្រោយនេះ បើសិនជាការទាមទារប្រាក់លោះ មិនទទួលបានជោគជ័យ។
ក្រុមហេគឃ័រមួយនេះ ក៏បានធ្វើការវាយប្រហារដោយជោគជ័យទៅលើក្រុមហ៊ុនផ្តល់សេវាកម្មផ្លូវច្បាប់កាលពីសប្តាហ៍មុន ហើយក្នុងពេលនេះបានអៈអាងម្តងទៀតថា មាននូវទិន្នន័យជាច្រើនរបស់ប្រធានាធិបតី Trump។ របាយការណ៍ទីមួយនៅក្នុងវេបសាយ Page Six បានឱ្យដឹងថា ក្រុមហេគឃ័រទាំងនោះ ក្នុងពេលនេះបានទាមទារឱ្យមានការបង់ប្រាក់រហូតដល់ $42 Million ហើយបានធ្វើការគំរាមបញ្ចេញព័ត៌មាន បើសិនជាមិនមានការបង់ប្រាក់នោះទេ។
ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានេះ គឺជាអ្នកដំណើរការមេរោគចាប់ជំរិតឈ្មោះថា REvil ហើយក្រុមនេះ ក៏ត្រូវបានគេស្គាល់ឈ្មោះថា “Sodinokibi” ដែលថ្មីៗនេះបានវាយប្រហារទៅលើក្រុមហ៊ុនផ្តល់េសវាផ្នែកច្បាប់ផងដែរ។ ក្រៅពីធ្វើកូដនីយកម្ម (encrypt) ទៅលើប្រព័ន្ធ ក្រុមនេះក៏បានលួចយកទិន្នន័យជាមុន ហើយប្រើប្រាស់វាដើម្បីជំរុញឱ្យមានការបង់ប្រាក់លោះ។ បើសិនជាមិនមានការបង់ប្រាក់នោះទេ ក្រុមហេគឃ័រ នឹងធ្វើការបញ្ចេញទិន្នន័យដែលបានលួច។
ក្រុមហេគឃ័របានសរសេរការទាមទារខាងលើនៅក្នុង dark web ថា៖
“មនុស្សបន្ទាប់ដែលយើងនឹងផ្សព្វផ្សាយគឺដូណាល់ត្រាំ។ មានការប្រណាំងប្រជែងការបោះឆ្នោត ហើយយើងបានរកឃើញ dirty laundry ជាច្រើនទាន់ពេលវេលា។ លោក Trump ប្រសិនបើអ្នកចង់នៅជាប្រធានាធិបតី បើមិនដូច្នេះទេអ្នកអាចភ្លេចមហិច្ឆតានេះជារៀងរហូត ហើយចំពោះអ្នកដែលជាអ្នកបោះឆ្នោត យើងអាចអោយអ្នកដឹងថា បន្ទាប់ពីការចេញផ្សាយបែបនេះ អ្នកប្រាកដជាមិនចង់ឃើញគាត់ធ្វើជាប្រធានាធិបតីទេ។ ថ្ងៃផុតកំណត់គឺមួយសប្តាហ៍” ។
នៅមិនទាន់ដឹងពិតឬយ៉ាងណានោះទេ ដែលថាលោកប្រធានាធិបតី Trump គឺជាអតិថិជនរបស់ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់នោះ លុះត្រាតែគេឃើញនូវឯកសារទាំងនោះជាមុនសិន។
FBI កំពុងតែធ្វើការស៊ើបអង្កេតទៅលើឧប្បទេវហេតុនេះ ហើយបានផ្តល់ដំបូន្មានដល់ក្រុមហ៊ុនថា មិនត្រូវធ្វើការចរចារជាមួយនឹងក្រុមឧក្រិដ្ឋជននោះទេ ឬក៏បង់ប្រាក់លោះ ដោយសារតែវាផ្ទុយទៅនឹងច្បាប់ព្រហ្មទណ្ឌ របស់រដ្ឋសហព័ន្ធ៕
Cover Photo Source: Pagesix
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com