Trump នឹងធ្វើការហាមឃាត់កម្មវិធី TikTok នៅលើទឹកដីអាមេរិក

តាមប្រភពព័ត៌មានពី CNN លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍កាលពីថ្ងៃសុក្រកន្លងទៅនេះថា គាត់នឹងធ្វើការហាមឃាត់ កម្មវិធីស្មាតហ្វូនដែលកំពុងពេញនិយម TikTok មិនឱ្យដំណើរការនៅក្នុងទឹកដីសហរដ្ឋអាមេរិកឡើយ ដែលជាការច្រានចោលកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន Microsoft ដើម្បីទិញកម្មវិធីនេះពីក្រុមហ៊ុនមេដែលគ្រប់គ្រងដោយជនជាតិចិន។

លោក Trump បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលធ្វើដំណើរលើយន្តហោះ Air Force One ថា “ដោយសារតែមានការព្រួយបារម្ភទៅលើកម្មវិធី TikTok យើងនឹងហាមឃាត់វាពីសហរដ្ឋអាមេរិក” ។ លោក Trump បាននិយាយថា គាត់អាចប្រើអំណាចសេដ្ឋកិច្ចបន្ទាន់ (emergency economic power) ឬបទបញ្ជាប្រតិបត្តិ (executive order)។ វាមិនច្បាស់ភ្លាមៗ ថាតើការបញ្ជាបែបនេះនឹងមានលក្ខណៈបែបណា និងបញ្ហាប្រឈមផ្នែកច្បាប់យ៉ាងដូចម្តេចនោះឡើយ”។

យោងតាមប្រភពដែលស្និទ្ធនឹងបញ្ហានេះបានអោយរំពឹងថា លោកប្រធានាធិបតី ​Trump នឹងធ្វើការចុះហត្ថលេខាបង្ខំឱ្យក្រុមហ៊ុន ByteDance (ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok) ធ្វើការលក់ ប្រតិបត្តិការរបស់ក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិក។ ការធ្វើបែបនេះ នឹងដោះស្រាយការព្រួយបារម្ភរបស់អ្នកធ្វើគោលនយោបាយ ដែលយល់ថា ការគ្រប់គ្រងដោយជនបរទេសទៅលើ TikTok អាចជា ហានិភ័យសន្តិសុខជាតិ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin បានប្រាប់អ្នកយកព័ត៌មាននៅសប្តាហ៍នេះថារដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការត្រួតពិនិត្យសន្តិសុខជាតិរបស់ TikTok ហើយកំពុងរៀបចំផ្តល់អនុសាសន៍គោលនយោបាយដល់លោក Trump ។

ByteDance បាននិងកំពុងពិចារណាលើការផ្លាស់ប្តូររចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួន ហើយតាមសេចក្តីរាយការណ៍កំពុងតែពិនិត្យមើលរួចហើយអំពីលទ្ធភាពនៃការលក់ភាគហ៊ុនភាគច្រើននៅក្នុង TikTok ។
យោងតាមសារព័ត៌មានញូវយ៉កថែមស៍ បានដកស្រង់សំដីមនុស្សដែលបានដឹងអំពីកិច្ចពិភាក្សាថា ក្រុមហ៊ុន Microsoft កំពុងពិភាក្សាដើម្បីទទួលទិញយក TikTok ។ ក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មាន CNN Business។

កម្មវិធី TikTok នេះបានរីករាលដាលប្រកបដោយប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដែលបានក្លាយជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិនដំបូងគេ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅក្រៅប្រទេស។

យោងតាមក្រុមហ៊ុនវិភាគ Sensor Tower បានឱ្យដឹងថាវាត្រូវបានគេទាញយក ៣១៥ លានដងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ដែលការទាញយកប្រចាំត្រីមាសច្រើនជាងកម្មវិធីដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ។

ក្រុមអ្នករិះគន់ TikTok បារម្ភថា ទិន្នន័យដែលប្រមូលបានពីអ្នកប្រើប្រាស់អាមេរិករបស់ខ្លួនអាចនឹងស្ថិតក្នុងកណ្តាប់ដៃរដ្ឋាភិបាលចិន ទោះបីជា TikTok បាននិយាយថាខ្លួនផ្ទុកទិន្នន័យរបស់ខ្លួននៅក្រៅប្រទេសចិន ហើយថាវានឹងទប់ទល់រាល់ការប៉ុនប៉ងណាមួយរបស់ទីក្រុងប៉េកាំងក្នុងការចាប់យកព័ត៌មាននេះ។

“ទិន្នន័យអ្នកប្រើ TikTok របស់អាមេរិកត្រូវបានរក្សាទុកនៅសហរដ្ឋអាមេរិក ដោយមានការត្រួតពិនិត្យយ៉ាងតឹងរឹងលើការអាក់េសសដោយបុគ្គលិក។ វិនិយោគិនធំបំផុតរបស់ TikTok មកពីសហរដ្ឋអាមេរិក។ យើងប្តេជ្ញាការពារភាពឯកជន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់របស់យើង។ អ្នកនាំពាក្យរបស់ TikTok លោកស្រី Hilary McQuaide បានប្រាប់ CNN Business កាលពីថ្ងៃសៅរ៍។

អ្នកជំនាញខាងសុវត្ថិភាពតាមអុីនធឺណិតបាននិយាយថា ហានិភ័យសក្តានុពលរបស់ TikTok ចំពោះសន្តិសុខជាតិ គឺភាគច្រើនគឺជាទ្រឹស្តី ដែលមិនមានភស្តុតាងណាមួយដែលបង្ហាញថាទិន្នន័យអ្នកប្រើប្រាស់របស់ TikTok ត្រូវបានលួចគ្រប់គ្រង (compromise) ដោយចារកម្មចិនឡើយ៕

Exit mobile version