បង្ក្រាបករណីឆបោកប្រាក់ពីប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេកប៊ុក

តាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវបង្ក្រាប ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេកប៊ុក ចំនួន១៣នាក់ រួមមាននៅរាជធានីភ្នំពេញ១១នាក់ ខេត្តកណ្តាលម្នាក់ និងខេត្តបាត់ដំបងម្នាក់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ យ.ន.ម.ឃ ហៅ អា ប៊យ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឧបាយកលរបស់ជនសង្ស័យបានប្រើប្រាស់លេខទូរសព្ទចំនួន ៤ខ្សែ, ហ្វេកប៊ុកផេកចំនួន៥ គឺ Belle – Rebrand, Kim’s FoodandDrink, Mss. K Diary, Better you ប៉ែតធើរ យូរ, BP Beauty Plant និងគណនីហ្វេកប៊ុក ៥ទៀត គឺ Amethyst Khim, Ame Ah, Da Ling, Sok Khim, Bopha Uy ផ្សព្វផ្សាយលក់គ្រឿងសម្អាង មានឡេលាបមុខ ហ្វូមលាងមុខ ថ្នាំថែរក្សាសម្រស់ និងម៉ាសការពារមេរោគ ដែលនាំចូលមកពីប្រទេសម៉ាឡេស៊ី វៀតណាម និងថៃ។

រូបភាពមកពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខាងលើ ព្រមទាំងលេខទូរសព្ទជាច្រើនខ្សែ ធ្វើសកម្មភាពផ្សព្វផ្សាយ ឃោសនា ឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបទឹកប្រាក់ចំនួន ៣០,៨០០ដុល្លារអាមេរិក។ បច្ចុប្បន្នជនសង្ស័យត្រូវបាន លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្កាប់ឱ្យឃុំខ្លួននៅពន្ធធនាគារព្រៃស (ម២) ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមជនឆបោក។ បើសិនជាបងប្អូនប្រពលរដ្ឋបានជួបនឹងករណីដូចខាងលើ សូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version