មេរោគចាប់ជំរិតដំបូងគេនៅលើម៉ាសីុន Mac
មេរោគចាប់ជំរិតដំបូងគេ ហើយមានមុខងារពេញលេញនោះ បានមានវត្តមានដំបូងគេបង្អស់នៅលើម៉ាសីុន Mac OSx ដែលបានបង្កប់ខ្លួននៅក្នុងកម្មវិធី Transmission ប្រើប្រាស់សម្រាប់ BitTorrent ។
អ្នកអភិវឌ្ឍន៍កម្មវិធី Transmission បានចេញសេចក្តីព្រមាននៅក្នុងវេបសាយរបស់ខ្លួនថា បើសិនជាអ្នកបានទាញយកកម្មវិធីនេះនៅក្នុងវេបសាយរបស់ខ្លួនកាលពីចុងសប្តាហ៍មុន អ្នកត្រូវធ្វើការលប់វាេចញ និងធ្វើការ upgrade ទៅកាន់ជំនាន់ថ្មីចុងក្រោយបង្អស់។ កម្មវិធីដែលមានជំនាន់ Version 2.90 ឆ្លងនូវមេរោគចាប់ជំរិត ដែលនឹងធ្វើកូដនីយកម្ម (encrypt) ឯកសាររបស់អ្នកទាំងអស់ ហើយនឹងទាមទារនូវការបង់ប្រាក់ ។
កម្មវិធី Transmission មាននូវអ្នកប្រើប្រាស់រាប់សិបលាននាក់ ហើយអ្នកដែលប្រើប្រាស់កម្មវិធីមានផ្ទុកមេរោគ នឹងត្រូវបានទាមទារទឹកប្រាក់ចំនួន ៤០០ដុល្លាអាមេរិក (ជា Bitcoins) ក្នុងការធ្វើបដិកូដនីយកម្ម (decrypt) ឯកសារត្រលប់មកវិញ។
អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Palo Alto Networks ឈ្មោះថា Claud Xio និង Jin Chen បានរកឃើញនូវ មេរោគចាប់ជំរិត KeRanger លាក់ខ្លួននៅក្នុងកម្មវិធី Tranmission BitTorrent ហើយក៏បានជូនដំណឹងទៅ ដល់ក្រុមនៃ Transmission ។
អ្នកប្រើប្រាស់ Mac ហើយបានបញ្ចូលនូវកម្មវិធី Transmission ចេញពីវេបសាយផ្លូវការក្នុងកំឡុងពេលចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ អាចត្រូវប្រហែលជាត្រូវបានឆ្លងមេរោគនេះ។ មេរោគនេះ មាន process មួយឈ្មោះថា kernel_service ហើយរក្សាទុកនូវ executable នៅក្នុង ~/Library/kernel_service ដែលយើងអាចធ្វើការលប់វាេចញបាន។ ជំនាន់ចុងក្រោយបង្អស់នៃ Transmission រួមមាននូវកូនកម្មវិធីដើម្បីធ្វើការលប់ចោលនូវមេរោគចាប់ជំរិត KeRanger ផងដែរ។
ព័ត៌មានបន្ថែម
https://www.transmissionbt.com/