តាមប្រភពព័ត៌មានពីវេបសាយ Reuters បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានធ្វើការជូនដំណឹងទៅកាន់ក្រុមហ៊ុន Twitter ថាមានឱកាសចុងក្រោយបំផុតមួយសម្រាប់ធ្វើអនុលោមភាពទៅតាមវិធានព័ត៌មានវិទ្យាថ្មី (IT rules) ប្រសិនបើមិនចង់ប្រឈមមុខទៅនឹង “ផលវិបាកដោយអចតនាណាមួយ” ដែលនឹងអាចកើតមានឡើង។
វិធានថ្មីនេះ ដែលត្រូវបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយចូលជាធរមានកាលពីចុងខែឧសភាកន្លងទៅនេះ មានគោលបំណង ដើម្បីធ្វើការគ្រប់គ្រងទៅលើមាតិការ/ខ្លឹមសារ (contents) នៅលើបណ្តាញព័ត៌មានសង្គម ហើយដាក់បន្ទុកទៅឱ្យក្រុមហ៊ុនខ្នាតយក្សធំៗ ដូចជា Facebook, WhatsApp និង Twitter មានគណនីភាពច្រើនជាងមុនទៅតាមការទាមទារតាមផ្លូវច្បាប់។
ក្នុងនោះផងដែរ វិធានថ្មីនេះក៏បានទាមទារឱ្យបណ្តាញព័ត៌មានសង្គមខ្នាតយក្សនានាបង្កើតនូវយន្តការដោះស្រាយបណ្តឹងតវ៉ា (grievance redressal mechanisms) និងចាត់តាំងថ្នាក់ដឹកនាំថ្មី ដើម្បីធ្វើការសម្របសម្រួលជាមួយនឹងមន្រ្តីអនុវត្តច្បាប់ (law enforcement) ផងដែរ។
ក្រសួងបច្ចេកវិទ្យារបស់រដ្ឋាភិបាលឥណ្ឌា បានសរសេរទៅកាន់ក្រុមហ៊ុន Twitter កាលពីថ្ងៃទី២៦ និង ២៨ ខែឧសភា ឱ្យដឹងអំពីវិធានថ្មីនេះ។ ក៏ប៉ុន្តែក្រុមហ៊ុន មិនបានឆ្លើយតប ការស្នើបំភ្លឺរបស់ក្រសួងបច្ចេកវិទ្យា ហើយក៏មិនបានបង្ហាញការធ្វើអនុលោមពេញលេញណាមួយជាមួយនឹងវិធានថ្មីនេះផងដែរ។
នៅក្នុងលិខិតមួយដែលបានផ្ញើទៅកាន់ក្រុមហ៊ុន Twitter បានឱ្យដឹងថា ក្រៅពីបញ្ហាផ្សេងៗ ក្រុមហ៊ុន Twitter មិនទាន់បានជូនដំណឹងដល់ក្រសួងអំពីនាយកផ្នែកអនុលោមភាព (chief compliance officer) និងមន្រ្តីសម្រាប់ធ្វើការទំនាក់ទំនងផ្នែកបណ្តឹងតវ៉ាផងដែរ។ ការមិនអនុវត្តន៍តាមអនុលោមភាពនេះ គឺអាចឈានទៅដល់ ផលវិបាកដោយអចេតនាណាមួយ ដោយរួមមានទាំងការទទួលខុសត្រូវរបស់ក្រុមហ៊ុន Twitter ទៅលើខ្លឹមសារ/មាតិការដែលបានបង្ហោះផងដែរ។
ដើម្បីបង្ហាញអំពីចេតនាល្អ ក្រសួងបានជូនដំណឹងជាលើកចុងក្រោយដើម្បីឱ្យមានការអនុលោមភាពទៅនឹងវិធានថ្មីនោះ៕