ក្រុមប្រទេសមហាយក្ស G7 បើកសមយុទ្ធទ្រង់ទ្រាយធំ ទប់ទល់នឹង Hacker ប្រើប្រាស់បច្ចេកវិទ្យា AI វាយប្រហារប្រព័ន្ធហិរញ្ញវត្ថុពិភពលោក

ថ្នាក់ដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) បានសម្រេចព្រមព្រៀងគ្នារៀបចំសមយុទ្ធត្រាប់តាមជាក់ស្តែងជាបន្ទាន់ ដើម្បីការពារប្រព័ន្ធធនាគារ និងស្ថាប័នហិរញ្ញវត្ថុសកល ពីការវាយប្រហារតាមអ៊ីនធឺណិតដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងវិវឌ្ឍទៅមុខយ៉ាងគំហុក។
ការសម្រេចចិត្តប្រកាសសមយុទ្ធនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញការព្រមានក្តៅគគុកថា ប្រសិនបើក្រុមចោរសាយប័រប្រើប្រាស់ AI វាយលុកលើសេវាកម្មស្នូលរបស់ស្ថាប័នហិរញ្ញវត្ថុធំៗបានសម្រេច នោះទំនុកចិត្ត និងស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោកទាំងមូលអាចនឹងត្រូវរង្គោះរង្គើយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF នៅទីក្រុងបាងកកថា៖
«អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុម G7 បានជជែកដេញដោលយ៉ាងម៉ត់ចត់លើការធ្វើសមយុទ្ធទប់ទល់នឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់ (frontier AI) ហើយគម្រោងនេះត្រូវបានចុះហត្ថលេខាយល់ព្រមជាផ្លូវការក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីរួចរាល់ហើយ»។
ចំណុចសំខាន់ៗនៃយុទ្ធនាការការពារនេះរួមមាន៖
- ការបង្កើតព្រឹត្តិការណ៍វាយប្រហារសិប្បនិម្មិត (AI Cyber Attack Simulation)៖ អាជ្ញាធរហិរញ្ញវត្ថុ G7 នឹងបង្កើតសេណារីយ៉ូធ្វើតេស្តសាកល្បងជាក់ស្តែង ដើម្បីវាយតម្លៃសមត្ថភាពការពាររបស់ខ្លួន។
- កែប្រែពិធីសារ និងយុទ្ធសាស្ត្រឆ្លើយតប៖ លទ្ធផលពីការធ្វើតេស្តនឹងត្រូវយកទៅធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធការពារ និងសៀវភៅណែនាំប្រតិបត្តិ ដើម្បីទប់ទល់នឹងការវាយប្រហារជាក់ស្តែងនាពេលអនាគត។
- ការចូលរួមពីវិស័យឯកជន៖ ក្រៅពីធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុ ស្ថាប័នហិរញ្ញវត្ថុ និងធនាគារឯកជនធំៗក៏អាចនឹងត្រូវកោះហៅឱ្យចូលរួមក្នុងសមយុទ្ធនេះផងដែរ។
ជាមួយគ្នានេះ ធនាគារកណ្តាលនៃចក្រភពអង់គ្លេស (Bank of England) ក៏បានបញ្ជាក់ច្បាស់ៗថា ស្ថាប័នហិរញ្ញវត្ថុទាំងអស់លែងអាចមានទំនុកចិត្តថាប្រព័ន្ធការពារចាស់ៗរបស់ខ្លួនមានសុវត្ថិភាពពី AI ទៀតហើយ ព្រោះបច្ចេកវិទ្យា AI បច្ចុប្បន្នមានសមត្ថភាពស្វែងរក និងទម្លុះចំណុចខ្សោយនៃប្រព័ន្ធការពារបានលឿនជាងមុនរាប់សិបដង។
ប្រភពព័ត៌មាន (Credit): ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters (រាយការណ៍ដោយ Leika Kihara, កែសម្រួលដោយ Clarence Fernandez), ផ្សព្វផ្សាយបន្តដោយ SecuDemy.com
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




