GeneralSecurity News

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ាន (ADGMIN) លើកទី១ ក្រោមប្រធានបទ “ អាស៊ាន៖ សហគមន៍តភ្ជាប់ដោយឌីជីថល ”

រាជធានីភ្នំពេញ៖ តាមប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាល នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍តភ្ជាប់ដោយឌីជីថល” និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវិស័យទូរគមនាគមន៍និងបច្ចេក​វិទ្យាឌីជីថល នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូអភិវឌ្ឍដូចជាចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។

រូបភាព៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងកិច្ចប្រជុំ ​ADGMIN (ប្រភព៖ MPTC)

កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
(១) ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ត​ការងារកន្លងមក
(២) ពិនិត្យនិងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២១ និង
(៣) អនុម័តផែនការមេឌីជីថលអាស៊ានឆ្នាំ២០២៥

កិច្ចប្រជុំនេះ រដ្ឋសមាជិកបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងសហគមន៍ឌីជីថលមួយប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ពិសេសការឆ្លើយតបទាន់ពេលវេលាក្នុងអំឡុងពេល និងក្រោយការរាលដាលនៃជំងឺកូវីដ-១៩ ដោយពង្រឹងភាពស៊ីសង្វាក់ផ្នែកគោលនយោបាយ ការអភិវឌ្ឍបច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខបច្ចេកវិទ្យា ការកសាងធនធានមនុស្សនៅក្នុងតំបន់ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា 5G ដែលត្រូវបានពិភាក្សាយ៉ាងលម្អិត​អំពីបញ្ហាប្រឈម ដំណោះស្រាយនិងពេលវេលាសមស្របនៃការដាក់ដំណើការជាផ្លូវការក្នុងប្រទេសអាស៊ាន។

រូបភាព៖ សកម្មភាពប្រជុំ 1st ADGMIN (ប្រភព៖ MPTC)

រដ្ឋមន្ត្រីឌីជីថលអាស៊ានបានបង្ហាញឆន្ទៈក្នុងការសហការជាមួយដៃគូអភិវឌ្ឍ ដូចជា​ចិន ជប៉ុន កូរ៉េ ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ​ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងពង្រឹងសមត្ថភាពសន្តិសុខបច្ចេកវិទ្យា និងការអនុវត្តផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការវិវឌ្ឍឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីរក្សានូវនិរន្តភាពនៃសកម្មភាពកិច្ចការរដ្ឋបាលនិងអាជីវកម្ម។ ប្រទេសសមាជិកអាស៊ាន ចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីពង្រឹង​ទំនាក់ទំនងរវាងរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍ ប្រែកា្លយជាសហគមន៍ដែលតភ្ជាប់ដោយឌីជីថល និងជំរុញការកាត់បន្ថយគម្លាតឌីជីថល រួមចំណែកពន្លឿនការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

រូបភាព៖ សកម្មភាពប្រជុំ 1st ADGMIN (ប្រភព៖ MPTC)

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទាំងទូរសព្ទចល័ត និងអ៊ិនធឺណិត ដើម្បី​ផ្ដល់សេវាប្រកបដោយទំនុកចិត្ត និងមានតម្លៃសមរម្យ ព្រមទាំងលើកកម្ពស់អក្ខរកម្មឌីជីថល។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការរួមគ្នាជាមួយរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលនិងប្លុកសេដ្ឋកិច្ចមួយឈានមុខគេ ដែលជំរុញកំណើនសេដ្ឋកិច្ចដោយប្រើបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។

រូបភាព៖ សកម្មភាពប្រជុំ 1st ADGMIN (ប្រភព៖ MPTC)

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ (1st ADGMIN) ដែលមានប្រទេសម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្ដូរឈ្មោះពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន (TELMIN) ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៩ ដើម្បីស្របតាមនិន្នាការសកលនៃការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា។ កិច្ចប្រជុំនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវេនក្នុងចំណោមបណ្តារដ្ឋសមាជិកអាស៊ាន៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button