ហេគឃ័របានលួចព័ត៌មានដ៏មានតម្លៃរបស់ក្រុមហ៊ុនហ្គេមដ៏ល្បីល្បាញមួយ គឺ Electronic Arts (EA)។ អ្នកវាយប្រហារបានធ្វើការអៈអាងថា បានដោនឡូតនូវ source code ហេ្គមរបស់ក្រុមហ៊ុន មានដូចជា FIFA21 និងប្រព័ន្ធ Frostbite ដែលប្រើប្រាស់ជា game engine សម្រាប់ហេ្គមល្បីៗជាច្រើនទៀត។
ព័ត៌មានអំពីការហេគនេះ ត្រូវបានរាយការណ៍ដំបូងដោយវេបសាយ Vice ដែលបាននិយាយថា ទិន្នន័យទំហំ 780GB ត្រូវបានលួចដោយជោគជ័យ ដែលក្នុងនោះមាន source code និងសុសវែរមួយចំនួនត្រូវបានលួច។ ក្រុមហ៊ុន EA បាននិយាយថា មិនមានទិន្នន័យពាក់ព័ន្ធទៅនឹងអ្នកលេងហ្គេមត្រូវបានលួចឡើយ។
ក្រុមហ៊ុន EA គឺជាក្រុមហ៊ុនហ្គេមដ៏ធំមួយនៅក្នុងពិភពលោក ដែលបានបង្កើតហេ្គមល្បីៗមួយចំនួនដូចជា Battlefield, Star Wars: Jedi Fallen Order, The Sims, and Titanfall ។
ក្រុមហ៊ុនបានបន្ថែមទៀតថា ខ្លួនបានពង្រឹងផ្នែកសន្តិសុខសាយប័ររបស់ខ្លួនរួចទៅហើយ ហើយមិនរំពឹងថាមានផលប៉ៈពាល់អវិជ្ជមានណាមួយចំពោះហ្គេម ឬអាជីវកម្មរបស់ខ្លួនឡើយ។ ការវាយប្រហារនេះមិនមានជាការវាយលុកក្នុងទម្រង់មេរោគចាប់ជំរិតឡើយ ហើយខ្លួនក៏បានទាក់ទងដល់មន្រ្តីអនុវត្តន៍ច្បាប់រួចរាល់ផងដែរ។
នៅក្នុងព័ត៌មានរបស់ខ្លួន Vice បានសរសេរថា បានឃើញនូវរូបភាព (screenshots) នៅក្នុង hacking forum ដែលប្រើប្រាស់ដោយចោរព័ត៌មានវិទ្យា ដែលបានដាក់លក់ទិន្នន័យដែលខ្លួនលួចបាន៕