សូមប្រុងប្រយ័ត្នចំពោះសារក្លែងក្លាយ WhatsApp without Internet
សូមមានការប្រុងប្រយ័ត្នខ្ពស់ នូវសារក្លែងក្លាយស្តីអំពី “WhatsApp without Internet” ដែលកំពុងតែរីករាលដាល ចំពោះអ្នកប្រើប្រាស់ WhatsApp ។
នៅក្នុងសារនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវបញ្ជាប់ (link) ដើម្បីដាក់ឲ្យដំណើរការមុខងារសេវា “Internet-free WhatsApp” ដែលនឹងនាំអ្នកប្រើប្រាស់ ទៅកាន់វេបសាយមួយដែលមានអស័យដ្ឋាន “WhatsAppNoData.com” ។ រូបភាពខាងក្រោមនេះ គឺជាគម្រូមួយនៃសារដែលត្រូវបានផ្ញើរ …
នៅក្នុងវេបសាយខាងលើនេះ (ដែលជាវេបសាយក្លែងក្លាយ) នឹងសួរនាំអ្នកឲ្យធ្វើការវាយបញ្ចូលនូវលេខទូរស័ព្ទរបស់អ្នកដើម្បីបន្តចូលទៅកាន់សេវា។ បើសិនជាអ្នកប្រើប្រាស់ចាញ់បោកត្រង់ចំនុចនេះ នោះសារក្លែងក្លាយនោះ (ដែលមានផ្ទុកនូវបញ្ជាប់ទៅកាន់វេបសាយ WhatsAppNoData.com) នឹងធ្វើការផ្ញើរទៅកាន់អ្នកប្រើប្រាស់ ១២នាក់ទៀត ហើយនឹង WhatsApp Group ចំនួន៣ ដែលមាននៅក្នុង contact list ។
វេបសាយខាងលើនេះ បើយើងបើកចូលទៅកាន់វា នោះវានឹងចេញសេចក្តីព្រមានថា វេបសាយនេះគឺទំនងជាវេបសាយបោកបញ្ជោត (phishing) :
ហើយបើសិនជាអ្នកចុចទៅលើ “ignore Warning” នោះអ្នកនឹងចូលទៅកាន់វេបសាយនោះ ដែលមានផ្ទុកទៅដោយមេរោគ ដូចខាងក្រោម ។
បើសិនជាកុំព្យូទ័ររបស់អ្នក មិនមានកម្មវិធីកំចាត់មេរោគដែលបានអាប់ដេតទាន់សម័យនោះទេ កុំព្យូទ័ររបស់អ្នកនឹងឆ្លងនូវមេរោគជាមិនខាន ហើយចេញផ្ទាំងខាងក្រោម៖
ហើយទោះបីជាអ្នកវាយបញ្ចូលនូវតួអក្សរមិនច្បាស់លាស់ដូចខាងក្រោម “dfdffssdfssdfsdf” វាក៏ផ្តល់នូវការជូនដំណឹង (notification) ទៅកាន់អ្នកប្រើប្រាស់ ដោយរៀបរាប់ថាគណនីរបស់អ្នកត្រូវបានផ្ទៀងផ្ទាត់ ។
ហេតុដូច្នេះហើយ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីបោកប្រាស់នេះ ដែលមិនត្រឹមនឹងអាចឲ្យអ្នកធ្លាក់ទៅក្នុងអន្ទាក់ឧក្រិដ្ឋជនតែប៉ុណ្ណោះទេ ថែមទាំង contact របស់អ្នកផងដែរ។
ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាកុំចុចទៅលើបញ្ជាប់នៅក្នុងសារ ហើយកុំធ្វើការចែករំលែក (share) នូវលេខទូរស័ព្ទរបស់អ្នកឲ្យសោះ។ អ្នកមិនបានដឹងថាតើ នឹងមានអ្វីកើតឡើងបន្តទៅទៀតឡើយ ។ សូមប្រុងប្រយ័ត្ន នឹងចែករំលែកព័ត៌មានទៅកាន់មិត្តភ័ក្ររបស់អ្នក ។
សូមប្រុងប្រយ័ត្ន!