Two Anon Cambodia Unmask
បើតាមព័ត៌មានពីវិបសាយ PostKhmer បានឲ្យដឹងថា ជនជាប់ចោទពីររូបដែលត្រូវបានឃាត់ខ្លួនដោយ ACU កាលពីពេលថ្មីៗនេះត្រូវបានតុលាការចេញដីកាបង្គាប់ឃុំខ្លួននិងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងមន្ទីរពន្ធនាគារ ព្រៃស។ យុវជន ២ រូបនោះដែលជាបុគ្គលិកផ្នែកអាយធី (IT) បម្រើការនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេសវិទ្យា (IIC University of Technology) ដែលសង្ស័យជាសមាជិកនៃក្រុមជនអនាមិកកម្ពុជា (Anonymous Cambodia) ។
មន្ត្រីតុលាការមួយរួបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាៈ យុវជនសង្ស័យខាងលើនេះមានឈ្មោះ ទី១-ឈ្មោះ កែវ ស៊ីផែង ភេទប្រុស អាយុ២៦ ឆ្នាំ និងទី២-ឈ្មោះ ហុក រតនា ភេទប្រុស អាយុ ២៦ឆ្នាំ។ អ្នកទាំង២នេះជាបុគ្គលិកផ្នែក IT នៃសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេសវិទ្យា នៅក្នុងរាជធានីភ្នំពេញ។
តំណាងអយ្យការលោកមាស ច័ន្ទពិសិដិ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យបានដឹងថា យុវជនសង្ស័យខាងលើត្រូវបានចោទប្រកាន់ពី បទ« ល្មើសព័ត៌មានវិទ្យា» តាមមាត្រា២៧ និង ៤២៨ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។
លោក មាស ច័ន្ទពិសិដិ្ឋ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ខ្ញុំបានចោទប្រកាន់ពួកគេពីបទៈល្មើសព័ត៌មានវិទ្យា» តាមមាត្រា២៧ និង៤២៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ឥឡូវនេះ សំណុំរឿងនេះត្រូវបានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ»។
ទោះយ៉ាងណាក្តី លោកមាស ច័ន្ទពិសិដិ្ឋ ពុំបានផ្តល់ព័ត៌មានលម្អិតឡើយចំពោះករណីខាងលើនេះ។
មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី ១ ខែ ឧសភា ២០១៤ បន្ទាប់ពីបានធ្វើសកម្មភាពវាយលុយ និងបំផ្លាញទិន្នន័យនិងវិបសាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយប្រើឈ្មោះ ពួកគេជា «Gamer-Over-xX23xX » កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៤។
ជនសង្ស័យទាំង២នាក់ខាងលើនិងមេធាវីការពារក្តីមិនអាចទាក់ទងដើម្បីបំភ្លឺបានឡើយចំពោះការចោទប្រកាន់ខាងលើនេះនៅថ្ងៃនេះ។
គួររំលឹកថា កាលពីថ្ងៃទី ២៧ខែមេសា ២០១៤កន្លងទៅនេះ យុវជន២នាក់ដែលជានិស្សិតព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យស៊ីតិច ក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងការវាយលុក និងបំផ្លាញទិន្នន័យវេបសាយរបស់អគ្គនាយកនគរបាលជាតិ និងវេបសាយរបស់ស្ថាប័នរដ្ឋមួយចំនួន នៅកម្ពុជា៕
ដកស្រង់ចេញពី៖
http://www.postkhmer.com/online/113890–acu