នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការចែករំលែក នូវបទពិសោធន៍ខ្លះៗ ស្តីពីបច្ចេកទេស ដែលអាចលួចទិន្នន័យពីទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នក ពីការប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ ឬគ្មានប្រពភច្បាស់លាស់ ដែលបានរៀបចំប្រព័ន្ធបច្ចេកទេសពីជនអនាមិក។
(Juice Jacking) គឺជាបច្ចេកទេសមួយដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិក ដោយប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ក្នុងទីសាធារណៈ ឫឧបករណ៍អេឡិចត្រូនិចគ្មានប្រភពច្បាស់លាស់ ដែលអាចអោយជនអាណាមិក ប្រើប្រាស់ការភ្ជាប់នោះដើម្បីចូលទៅក្នុងឧបករណ៍របស់អ្នក ដើម្បីលួចទិន្នន័យពីទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចរបស់អ្នកបាន។
*** គោលបំណងនៃការប្រើប្រាស់បច្ចេកទេសនេះមានដូចជា៖
1. លួចព័ត៌មានផ្ទាល់ខ្លួន ដូចជាអ៊ីមែល អ៊ីនធឺណិត ឯកសារ រូបភាព និងវីដេអូ។
2. លួចព័ត៌មានហិរញ្ញវត្ថុ ដូចជាគណនីធនាគារ ឬ ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។
3. ដំឡើងមេរោគ (Malware) ដើម្បីកាន់តែត្រួតពិនិត្យឧបករណ៍របស់អ្នកនៅពេលក្រោយ។
*** វិធីសាស្រ្តការពារ៖ អ្នកអាចអនុវត្តវិធានការខ្លះៗដូចខាងក្រោម៖
1. ប្រើកន្លែងសាកថ្ម ឬការភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលអាចជឿជាក់បាន និងមកពីសាខា ឬក្រុមហ៊ុនដែលគេទទួលស្គាល់។
2. អនុវត្តការពារ និងចាក់សោរទៅលើឧបករណ៍ទូរស័ព្ទរបស់អ្នក។
3. ចៀសវាងការភ្ជាប់ឧបករណ៍របស់អ្នកទៅនឹងកន្លែងសាកថ្ម ឬគ្រឿងអេឡិចត្រូនិចផ្សេងៗ នៅទីសាធារណៈ។
4. ប្រើតែខ្សែសាកដែលសាកបានតែថ្មតែប៉ុណ្ណោះ (charging-only cable) ដែលមិនអនុញ្ញាតឱ្យផ្ទេរទិន្នន័យ។
នាយកដ្ឋាន សូមធ្វើការក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះការភ្ជាប់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូចនិចរបស់អ្នក នៅតាមទីសាធារណៈ ឬភ្ជាប់ទៅនឹងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមានប្រភពមិនច្បាស់លាស់ ជៀសវាងការលួច និងគ្រប់គ្រងទិន្នន័យរបស់អស់លោកអ្នកពីជនអនាមិក បណ្តាលអោយមានហានិភ័យផ្សេងៗ៕