កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការប្តឹងពីរករណីផ្សេងគ្នាដែលបានល្មើសទៅនឹងគោលការណ៍ថ្នាលផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
នៅក្នុងករណីទី១ ជនដែលត្រូវចោទនោះគឺជាក្រុមហ៊ុនម៉ាឃីតធីងមានមូលដ្ឋាននៅរដ្ឋ California (N&J USA Incorporated) និងភ្នាក់ងាររបស់ខ្លួន ដែលទទួលខុសត្រូវក្នុងការប្រើប្រាស់បច្ចេកទេសផ្សព្វផ្សាយពាណិជ្ជកម្ម bait-and-switch នៅលើថ្នាលរបស់ខ្លួន ។ Bait and Switch គឺជាទម្រង់នៃការបោកប្រាស់ មួយប្រភេទដែលបានប្រើប្រាស់នៅក្នុងការលក់ដូរ។ ជាដំបូង អតិថិជនត្រូវបានធ្លាក់ទៅក្នុងអន្ទាក់ (bait) នៃពាណិជ្ជកម្មរបស់ផលិតផល ឬសេវាកម្មក្នុងតំលៃទាប តែនៅពេលដែលអ្នកប្រើប្រាស់ចុចចូលទៅមើលផលិតផលលំអិត អតិថិជនមិនអាចរកឃើញផលិតផលនោះទេ ឬក៏ត្រូវបានបង្ហាញផលិតផល ស្រដៀងគ្នាតែមានតម្លៃថ្លៃ (switching) ។
នៅក្នុងករណីទី២ ជនដែលត្រូវចោទគឺជាក្រុមដែលមានមូលដ្ឋាននៅក្នុងប្រទេសវៀតណាម ដែលបានធ្វើការហេគ និងគ្រប់គ្រងទៅលើគណនីហ្វេសប៊ុក ហើយបានដំណើរការនូវការផ្សព្វផ្សាយពាណិជ្ជកម្មរាប់លានដុល្លា ដោយមិនមានការអនុញ្ញាត។ ជនជាតិវៀតណាមចំនួន ៤នាក់៖ Thêm Hữu Nguyễn, Lê Khang, Nguyễn Quốc Bảo, និង Pham Hữu Dung ត្រូវបានទទួលការចោទប្រកាន់ពីការប្រើប្រាស់បច្ចេកទេសហៅថា “Cookies Theft” ដើម្បីធ្វើការគ្រប់គ្រងទៅលើគណនីហ្វេសប៊ុករបស់បុគ្គលិកនៃក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ហើយប្រើប្រាស់គណនីទាំងនោះ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដោយមិនមានការអនុញ្ញាតក្នុងទឹកប្រាក់ចំនួន ៣៦លានដុល្លា។ ជនដែលត្រូវចោទទាំងនោះ បានធ្វើការបង្កើត Android App មួយឈ្មោះថា “Ad Manager for Facebook” ដែលបានឱ្យជនរងគ្រោះធ្វើការចែករំលែកព័ត៌មាន Login (username and password) ។ កម្មវិធីនោះត្រូវបានលប់ចេញពីក្នុង Google Play Store ហើយក្រុមហ៊ុនហ្វេសប៊ុកក៏បានបង្វិលសាច់ប្រាក់សងទៅដល់ជនរងគ្រោះវិញផងដែរ៕