បាងកក៖ តាមប្រភពព័ត៌មានពី CNA បានឱ្យដឹងថា រដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសថៃបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងហ្វេសប៊ុក និងបានចោទប្រកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះថា មិនបានគោរពតាមសំណើរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតមាតិកា ដែលចាត់ទុកថាខុសច្បាប់ រួមទាំងការប្រមាថដល់រាជាធិបតេយ្យរបស់ប្រទេស។
ការគំរាមកំហែងចុងក្រោយបានកើតឡើងបន្ទាប់ពី ឧបករណ៍បកប្រែស្វ័យប្រវត្តិរបស់ហ្វេសប៊ុក បានបកប្រែខុសសារនៅក្នុងពិធីផ្សាយផ្ទាល់ របស់ទូរទស្សន៍ថៃ ដែលកំពុងផ្សាយផ្ទាល់ក្នុងពិធីខួបកំណើតរបស់ព្រះមហាក្សត្រ Maha Vajiralongkorn កាលពីសប្តាហ៍មុន។
ហ្វេសប៊ុកបានសុំអភ័យទោស និងបិទការបកប្រែដោយស្វ័យប្រវត្តិពីភាសាអង់គ្លេសទៅថៃជាបណ្តោះអាសន្ន។
ហេតុការណ៍នេះបានបង្កឱ្យមានការត្អូញត្អែរយ៉ាងខ្លាំងពីសំណាក់លោក Puttipong Punnakanta រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមរបស់ប្រទេសថៃថា ហ្វេសប៊ុកមិនបានឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណូមពររបស់រដ្ឋាភិបាលថៃក្នុងការរឹតត្បិតខ្លឹមសារនោះទេ។ លោកក៏បានប្តេជ្ញាថានឹងចាត់វិធានការកាន់តែខ្លាំងក្លាថែមទៀតចំពោះក្រុមហ៊ុន។
ប្រទេសថៃមានច្បាប់តឹងរឹងហាមឃាត់ការជេរប្រមាថប្រឆាំងនឹងរាជានិយម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអាជ្ញាធរបានដាក់បញ្ជាតុលាការរួមជាមួយសំណូមពរដល់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីដាក់កម្រិតឬលុបចោលការប្រមាថមើលងាយរបស់ព្រះមហាក្សត្រ និងខ្លឹមសារខុសច្បាប់ដទៃទៀតដែលរួមមានការគំរាមកំហែងសន្តិសុខជាតិ និងការបំពានច្បាប់កម្មសិទ្ធិបញ្ញា។
លោក Puttipong មានប្រសាសន៍ថា “នៅពេលយើងប្រើច្បាប់ថៃដើម្បីបញ្ជាដក ឬរឹតត្បិតលើខ្លឹមសារហើយមិនទទួលបានកិច្ចសហប្រតិបត្តិការ ក្នុងករណីខ្លះយើងប្រហែលជាត្រូវប្រើផ្នែកទី២៧ នៃច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ដែលធ្វើឱ្យវាក្លាយជាបទឧក្រិដ្ឋ ដែលមិនអនុវត្តតាមបទបញ្ជារបស់តុលាការ” ។
គាត់បានសំដៅទៅលើមាត្រាមួយនៃច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអុីនធឺណិតដែលនិយាយថា ការមិនគោរពតាមដីការបស់តុលាការ អាចនាំឱ្យមានការផាកពិន័យរហូតដល់ ២០ម៉ឺនបាត (៦.៤០៨ ដុល្លារ) និងបន្ថែម ៥,០០០បាតក្នុងមួយថ្ងៃ រហូតដល់បទបញ្ជាត្រូវបានអនុវត្ត។
ទោះយ៉ាងណាលោក Puttipong បាននិយាយថា លោកនឹងមិនទៅហាមឃាត់ហ្វេសប៊ុកទេ ពីព្រោះអាជីវកម្មថៃជាច្រើនពឹងផ្អែកលើវាដើម្បីជំរុញការលក់។
ហ្វេសប៊ុកមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីការគំរាមរបស់លោករដ្ឋមន្ត្រីនោះទេនៅពេលទាក់ទងកាលពីថ្ងៃច័ន្ទ។ អ្នកនាំពាក្យម្នាក់បានធ្វើការសុំទោសម្តងទៀត ចំពោះការធ្វើខុសក្នុងពិធីខួបកំណើតរបស់ព្រះរាជា។
ហ្វេសប៊ុកបាននិយាយថា ខ្លួនដំណើរការសំណើពីរដ្ឋាភិបាលថៃ ដូចគ្នានឹងរដ្ឋាភិបាលដទៃទៀតដែរ។ បន្ទាប់ពីពិនិត្យមើលសំណើ ហ្វេសប៊ុកអាចរារាំងខ្លឹមសារមិនឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសនោះឃើញប្រសិនបើខុសច្បាប់នៅក្នុងស្រុក៕