គណនីអ៊ីម៉ែលចំនួន 773 លានត្រូវបានលេចធ្លាយ

Feature Image Credit: Wikimedia Commons

យើងទើបតែឆ្លងកាត់រយៈពេលជាងពីរសប្តាហ៍ប៉ុណ្ណោះនៅក្នុងឆ្នាំ 2019 នេះ ហើយការលេចធ្លាយមួយក្នុងចំណោមការលេចធ្លាយទិន្នន័យដ៏ធំបំផុតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានលេចឡើងហើយ។ នៅថ្ងៃនេះ អ្នកស្រាវជ្រាវសន្តិសុខដ៏ល្បីល្បាញឈ្មោះ Troy Hunt រាយការណ៍ពីការលេចធ្លាយដ៏ធំមួយដែលមានលេខគណនីសម្គាល់អ៊ីម៉ែលចំនួនដល់ទៅ 773 លាន និងពាក្យសម្ងាត់ពិសេសចំនួន 21 លានទៀតដែលលោកសំដៅទៅលើវាថាជា Collection #1 ។

លោក Hunt បាននិយាយថាមនុស្សជាច្រើនមករកគាត់កាលពីសប្ដាហ៍មុន និងចង្អុលបង្ហាញអំពីទិន្នន័យជាច្រើនរហូតដល់ទៅចំនួន 12,000 Files ដែលមានទំហំសរុបចំនួន 87GB និងមានកំណត់ត្រាជិត 2,7 ពាន់លាន ដែលបានបង្ហោះនៅលើវេបសាយ MEGA ។ លោកបន្ថែមថា ឯកសារទាំងនេះត្រូវគេដកចេញពីវេទិការនៃការបង្ហោះនេះ ប៉ុន្តែពួកវានៅតែបន្តចែកចាយនៅលើវេទិការហេគឃីង​ (hacking forum) ដ៏ពេញនិយមមួយ (ដែលគាត់មិនប្រាប់ឈ្មោះនោះទេ) ។ លោក Hunt និយាយថា ការបង្ហោះនៅលើវេទិកានេះពណ៌នាប្រភពនៃទិន្នន័យថាជា “ការប្រមូលទិន្នន័យរបស់ 2000+ dehashed database និង Combos (ការរួមបញ្ចូលអាសយដ្ឋានអ៊ីម៉ែល និងពាក្យសម្ងាត់) ដែលបានរក្សាទុកទៅតាមប្រធានបទច្បាស់លាស់។

   ឯកសារដែលបានដាក់នៅលើវេបសាយ MEGA ឲ្យធ្វើការទាញយក

នេះគឺជាការលេចធ្លាយទិន្នន័យដ៏ធំបំផុតបន្ទាប់ពីមហន្តរាយដ៏ធំនៃការរំលោភបំពានទៅលើទិន្នន័យរបស់ក្រុមហ៊ុន Yahoo កាលពីឆ្នាំ 2013 ដែលប៉ះពាល់ដល់គណនីជិត 3 ពាន់លាននាក់នោះ។ វាមិនមានព័ត៌មានរសើប – ដូចជាព័ត៌មានលម្អិតកាតឥណទាន – នៅក្នុងឯកសារដែលបានលេចធ្លាយនេះទេ។

តើធ្វើដូចម្តេចដើម្បីពិនិត្យមើលថាតើអ្នកកំពុងរងការប៉ះពាល់នោះ?

អ្នកអាចពិនិត្យបានយ៉ាងងាយស្រួលថា លេខសម្គាល់អ៊ីម៉ែលរបស់អ្នកគឺជាផ្នែកមួយនៃCollection #1 នេះគឺដោយសារតែលោក Hunt ដែលបានបញ្ចូលទិន្នន័យ Database នៅក្នុងគេហទំព័ររបស់គាត់ Have I been Pwned ។ វេបសាយនេះគឺជាមូលដ្ឋានទិន្នន័យដើម្បីស្វែងរកលេខសម្គាល់អ៊ីម៉ែលដែលជាផ្នែកមួយនៃការលេចធ្លាយទិន្នន័យនេះ។

ដើម្បីពិនិត្យមើលរបស់អ្នកគ្រាន់តែទៅកាន់វេបសាយនេះ ហើយបញ្ចូលឈ្មោះគណនីអ៊ីម៉ែលរបស់អ្នកនៅក្នុងប្រអប់។ ប្រសិនបើឈ្មោះគណនីអ៊ីម៉ែលរបស់អ្នកមិនមាននៅក្នុងការបែកធ្លាយនោះទេ អ្នកនឹងទទួលបានសារដូចបានបង្ហាញខាងក្រោម ហើយអ្នកអាចសម្រាកបានយ៉ាងស្រួល។

រូបភាពនៃវេបសាយ Have I Been Pwned?

ក្នុងករណីដែលអ៊ីម៉ែលរបស់អ្នកត្រូវបានប៉ះពាល់នោះ វាគួរតែត្រូវផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកភ្លាមទៅ។ គេហទំព័រនេះក៏ផ្តល់ការស្វែងរកពាក្យសម្ងាត់ដើម្បីផ្ទៀងផ្ទាត់ថា តើទិន្នន័យដែលបានបែកធ្លាយនោះមានពាក្យសម្ងាត់ជាក់លាក់ណាមួយដែលអ្នកបានប្រើប្រាស់ឬទេ។

ការស្វែងរកពាក្យសម្ងាត់

វាជាការល្អបើសិនជាអ្នកជ្រើសយកកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីបង្កើត និងដាក់ពាក្យសម្ងាត់ដែលមានតែមួយគត់ប្រកបដោយសុវត្ថិភាពបំផុត៕

Exit mobile version