WhatsApp កំណត់ការបញ្ជូនសារបន្តបានតែ ៥ នាក់ប៉ុណ្ណោះដើម្បីទប់ស្កាត់ពាក្យចចាមអារ៉ាម

តាមព័ត៌មានពី Channel News Asia បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនជាច្រើន បាននិយាយនាពេលថ្មីៗនេះថា កម្មវិធីសេវាកម្មផ្ញើសារ WhatsApp របស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook Inc) ពេលនេះកំណត់ចំនួនដងសម្រាប់អ្នកប្រើប្រាស់ក្នុងការបញ្ជូនសារបន្តទៅកាន់មនុស្ស ៥ នាក់នៅក្នុងគោលបំណងប្រឆាំងទៅនឹង “ព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាម” ។

លោក Victoria Grand អនុប្រធានផ្នែកគោលនយោបាយ និងទំនាក់ទំនងនៅក្រុមហ៊ុន WhatsApp ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋធានីប្រទេសឥណ្ឌូនេស៊ីថា “គិតត្រឹមថ្ងៃនេះ យើងកំពុងដាក់អោយមានការកំណត់សារចំនួន 5 ប៉ុណ្ណោះនៅទូទាំងពិភពលោក”។

កាលពីពេលមុននេះ អ្នកប្រើប្រាស់ WhatsApp អាចបញ្ជូនសារបន្តរមួយទៅកាន់បុគ្គល ឬក្រុមដល់ទៅ 20 ផ្សេងគ្នាបាន។ ការកំណត់អ្នកទទួលត្រឹមតែ ៥ នាក់នេះអាចពង្រីកវិសាលភាពរបស់កម្មវិធី WhatsApp ដែលគេដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាកាលពីខែកក្កដា បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនាំឱ្យមានការសម្លាប់ និងការប៉ុនប៉ងសម្លាប់ជាច្រើន។

WhatsApp ដែលជាកម្មវិធីមានអ្នកប្រើប្រាស់ប្រមាណ 1,5 ពាន់លាននាក់កំពុងតែព្យាយាមរកវិធីជាច្រើនដើម្បីបញ្ឈប់ការប្រើប្រាស់កម្មវិធីនេះក្នុងភាពមិនត្រឹមត្រូវ បន្ទាប់ពីការព្រួយបារម្ភជាទូទៅថា វេទិកានេះត្រូវគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ រូបថតដែលត្រូវគេលួច វីដេអូដោយគ្មានបរិបទត្រឹមត្រូវ និងការបោកបញ្ឆោតដែលគ្មានប្រភពដើម ឫការស្វែងរកនូវប្រភពពេញលេញនោះ។

ការប្រើប្រាស់នូវ end-to-end encryption របស់កម្មវិធីនេះអនុញ្ញាតឱ្យក្រុមជាច្រើនដែលមានអ្នកប្រើរាប់រយនាក់ធ្វើការផ្លាស់ប្តូរអត្ថបទ រូបថត និងវីដេអូជាច្រើនមុនពេលមានការពិនិត្យមើលរបស់អ្នកត្រួតពិនិត្យឯករាជ្យ ឬសូម្បីតែវេទិកាផ្ទាល់ខ្លួនតែម្តង។

កម្មវិធី WhatsApp នឹងបញ្ចេញនូវបច្ចុប្បន្នភាព (Update) នេះដើម្បីកំរិតទៅលើការបញ្ជូនបន្តថ្មីនេះដែលចាប់ផ្តើមពីថ្ងៃចន្ទទៅ នេះបើតាមការបញ្ជាក់របស់លោក Carl Woog ប្រធានផ្នែកទំនាក់ទំនងទូរសព្ទរបស់ក្រុមហ៊ុន WhatsApp ប្រាប់ទៅកាន់រ៉យទ័រ។ អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងទទួលបានការធ្វើបច្ចុប្បន្នភាពមុនគេ ហើយបន្ទាប់មកអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS គឺទទួលបានតាមក្រោយ៕

Exit mobile version