មានការសង្ស័យថារុស្សីធ្វើការត្រួតពិនិត្យទៅលើខ្សែកាបក្រោមសមុទ្រ

តាមប្រភពព័ត៌មានពីវេបសាយ ​Business Insider បានឱ្យដឹងថាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសរុស្ស៊ីត្រូវបានបញ្ជូនទៅប្រទេសអៀរឡង់ ដើម្បីកំណត់ទីតាំងជាក់លាក់នៃខ្សែកាបបាតសមុទ្រដែលភ្ជាប់អឺរ៉ុបទៅកាន់អាមេរិកខាងជើង ហើយវាបានបង្កើនការភ័យខ្លាច ដែលថាពួកគេមានគម្រោងធ្វើការស្ទាក់ចាប់យកព័ត៌មាន ឬកាត់ខ្សែកាបនេះចោលតែម្តង នេះបើតាមការរាយការណ៍របស់ The Sunday Times

ភ្នាក់ងារសន្តិសុខរបស់ប្រទេសអៀរឡង់ជឿជាក់ថា ភ្នាក់ងារទាំងនោះត្រូវបានបញ្ជូនដោយទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់រុស្ស៊ីឈ្មោះ GRU ហើយកំពុងត្រួតពិនិត្យរកចំនុចខ្សោយ (weak point) នៃខ្សែកាបអុបទិកទាំងនោះ។

បណ្តាញដ៏ធំមួយនៃខ្សែកាបអាត្លង់ទិច ដែលដំណើរការក្រោមមហាសមុទ្ររបស់ពិភពលោកនេះ បានផ្តល់ឱ្យមានដំណើរការអុីនធឺណែត (Internet), សារ (texts) ការខលទូរស័ព្ទ (calls) និងប្រតិបត្តិការហិរញ្ញវត្ថុសកល (global financial transaction) ជាច្រើនទៀត។ យោងតាមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកអោយដឹងថា ប្រហែលជា ៩៧% នៃទិន្នន័យទំនាក់ទំនងគ្នារវាងទ្វីបនានាទាំងអស់ ត្រូវបានផ្ទេរតាមរយៈខ្សែកាបទាំងនេះ។

ប្រទេសអៀរឡង់គឺជាទីតាំងដ៏ល្អសម្រាប់ខ្សែកាបក្រោមសមុទ្រទាំងនេះ ដែលបានផ្តល់ទីតាំងជិតអាមេរិកខាងជើង និងអឺរ៉ុប។ នៅឆ្នាំ២០១៥ ក្រុមហ៊ុនទូរគមនាគមន៍មួយរបស់ប្រទេសអៀរឡង់ឈ្មោះ Aqua Comms បានបង្កើតខ្សែកាបដែលមានតម្លៃ ៣០០លានដុល្លារ ដើម្បីភ្ជាប់អាមេរិកទៅកំពង់ផែ Dublin និងទៅកាន់ទីក្រុងឡុងដ៏ និងទ្វីបអឺរ៉ុបថែមទៀត នេះបើតាមការរាយការណ៍របស់ Irish Examiner reproted

ប្រភពពីប៉ូលិស និងយោធារបស់ប្រទេសអៀរឡង់ បានសង្ស័យថា GRU កំពុងប្រើប្រាស់ប្រទេសអៀរឡង់ជាមូលដ្ឋានប្រតិបត្តិការ ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍លើគោលដៅនៅសហភាពអឺរ៉ុប និងអង់គ្លេស នេះបើតាមការនិយាយរបស់ The Times ។

ហេតុផលមួយទៀតសម្រាប់វត្តមានរបស់ប្រជាជនរុស្ស៊ីនោះ អាចនៅ Dublin ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាធំបំផុតមួយរបស់អ៊ឺរ៉ុប ខណៈដែលអាជ្ញាធរសង្ស័យថាភ្នាក់ងារទាំងនេះក៏អាចធ្វើចារកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google, Airbnb, Facebook និង Twitter សុទ្ធតែមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងនេះ។

លោក Mark Galeotti អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខរុស្ស៊ីនៅវិទ្យាស្ថាន Royal United Service Institute ប្រាប់កាសែត The Times ថា ប្រទេសនេះក៏បង្ហាញខ្លួនជាគោលដៅដ៏ល្អសម្រាប់ប្រជាជនរុស្ស៊ីផងដែរ។ គាត់និយាយថា ប្រទេសអៀរឡង់មិនមានសមត្ថភាពប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់នោះទេ ព្រោះជាគោលដៅទន់ខ្សោយ។ ប្រទេសអៀរឡង់គឺជា Node ដ៏សំខាន់មួយសម្រាប់អុីនធឺណែតពិភពលោក។ នេះគឺជាទីតាំងថ្មីនៃការទីលានប្រយុទ្ធនាពេលអនាគត។

ព័ត៌មានអំពីការមកដល់នៃភ្នាក់ងាររុស្ស៊ីនៅក្នុងប្រទេសអៀរឡង់ បានធ្វើឱ្យមានការព្រួយបារម្ភថា ប្រទេសរុស្ស៊ីអាចនឹងបង្កើនសង្គ្រាមព័ត៌មាន (information warfare) របស់ខ្លួន ដោយធ្វើការកាត់ ឬលួចចាប់យកព័ត៌មានតាមខ្សែកាប ដែលអាចរំខានដល់ប្រតិបត្តិការហិរញ្ញវត្ថុសកល ឬអាចធ្វើឱ្យដាច់អុីនធឺណែត (Offline) ថែមទៀតផង។

បណ្តាប្រទេសលោកខាងលិចបានព្រួយបារម្ភជាយូរមកហើយថា ប្រទេសរុស្ស៊ីអាចកាត់ខ្សែកាបក្រោមសមុទ្រ និងជ្រៀតជ្រែកជាមួយសេដ្ឋកិច្ចពិភពលោក និងរបៀបរស់នៅបាន។ ប្រធានកងទ័ពអាកាសលោកសេនាប្រមុខ Sir Stuart Peach ដែលជាមន្រ្តីយោធាជាន់ខ្ពស់បំផុតរបស់ចក្រភពអង់គ្លេសនិយាយកាលពីខែធ្នូឆ្នាំ ២០១៧ ថា “វាមានហានិភ័យថ្មីមួយ ដែលជាភាពងាយរងគ្រោះនៃខ្សែកាបទាំងនេះ។ “តើអ្នកអាចស្រមៃមើលសេណារីយ៉ូដែលខ្សែកាបទាំងនោះ ត្រូវបានកាត់ផ្តាច់ ឬខូចដែលអាចនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងមធ្យោបាយនៃការរស់នៅរបស់យើងដែរទេ?”

នាវាជាច្រើនរបស់ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញនៅឆ្នាំ២០១៨ នៅក្នុងតំបន់ជុំវិញខ្សែកាបអុបទិកក្រោមសមុទ្រដ៏សំខាន់ ដែលបង្កឱ្យមានការសន្និដ្ឋានបន្ថែមទៀតថា វិមានក្រឹមឡាំងកំពុងតែរកវិធីថ្មីដើម្បីស៊ើបការណ៍។

តើខ្សែកាបអ៊ីនធឺណិតក្រោមជាអ្វី?

វាមានខ្សែកាបក្រោមសមុទ្រចំនួន ៣០០ខ្សែ ដែលមានប្រវែងសរុប ៥៥០,០០០ miles ធ្វើឱ្យអុីនធឺណែតដំណើរការបាននៅជុំវិញពិភពលោក។ បណ្តាញទូរស័ព្ទភាគច្រើនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនទូរគមនាគមន៍ឯកជន រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ៊ុន Google និង Microsoft ។ ទីតាំងរបស់ពួកគេដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទសវត្ស អាចត្រូវបានកំណត់អត្តសញ្ញាណយ៉ាងងាយស្រួលនៅលើផែនទីសាធារណៈនេះ។

ទោះបីវាមានសារៈសំខាន់ក៏ដោយ វាមានសកម្មភាពតិចតួចប៉ុណ្ណោះដើម្បីយាម និងការពារខ្សែកាបសមុទ្រជ្រៅទាំងនេះ។ អ្នកជំនាញខាងសុវត្ថិភាពអុីនធឺណែត ប្រាប់លោក Jim Edwards របស់ Business Insider ក្នុងឆ្នាំ ២០១៨ ថាវាគ្រាន់តែជា “បញ្ហាពេលវេលា” ប៉ុណ្ណោះ មុនពេលដែលពួកហេគឃ័រអាចចូលមើលខ្សែកាបទាំងនេះបាន ហើយប្រទេសទាំងមូលនឹងមិនអាចអាក់េសសអុីនធឺណែតបានឡើយ (Offline)៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Exit mobile version