U.S. Charges North Korean Spy Over WannaCry and Sony Pictures Hack

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (Department of Justice) បានធ្វើការចោទប្រកាន់ប្រឆាំងទៅនឹងមន្ត្រីចារកម្មកូរ៉េខាងជើងដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយមេរោគ WannaCry និងក្នុងឆ្នាំ ២០១៤ ទាក់ទងទៅនឹងការហេគចូល Sony Pictures Entertainment។

យោងទៅតាមមន្រ្តីរដ្ឋាភិបាលជាច្រើនអ្នកដែលត្រូវបានដកស្រង់សំដីដោយ NY Times ហើយជិតស្និតទៅនឹងបញ្ហានេះបានឲ្យដឹងថា ការចោទប្រកាន់នេះធ្វើឡើងចំពោះលោក Park Jin Hyok ដែលធ្វើការឲ្យទីភ្នាក់ងារចារកម្មរបស់កងទ័ពកូរ៉េខាងជើងមានឈ្មោះថា Reconnaisance General Bureau (RGB)។

នាខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមហ៊ុន Sony Picture Entertainment ត្រូវបានហេគជាសារសងសឹកដែលក្រុមហ៊ុនមួយនេះបានផលិតខ្សែភាពយន្តបែបកំប្លែងមួយមានចំណងជើងថា “Interview” ដែលក្នុងនោះមានអ្នកការសែតពីររូបដែលត្រូវបានជ្រើសរើសដោយ CIA ដើម្បីទៅ ធ្វើឃាតទៅលើមេដឹកនាំកូរ៉េខាងជើង (Kim Jong Un)។ ក្នុងខែមិថុនា ឆ្នាំ២០១៤ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងក៏បានធ្វើការប្រកាសនៅក្នុងលិខិតមួយផ្ញើរទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Kim-moon ថា ខ្សែភាពយន្តមួយនោះគឺមានលក្ខណៈគាំទ្រទៅដល់សកម្មភាពភេរវកម្ម ក៏ដូចជាសកម្មភាពសង្គ្រាមផងដែរ។

ការហេគចូលក្រុមហ៊ុន Sony Pictures គឺជាមហន្តរាយដ៏ធ្ងន់ធ្ងរមួយរបស់ក្រុមហ៊ុន ដែលក្នុងនោះបានលួចយកទិន្នន័យសំងាត់ប្រមាណជា 200GB ដោយរួមមានខ្សែភាពយន្តថ្មីៗមិនទាន់បញ្ចាំង ទិន្នន័យរបស់បុគ្គលិក និងលេខទូរស័ព្ទរបស់តួកុនជាច្រើន ។ ក្នុងនោះផងដែរ៏មានការលុបទិន្នន័យ ៧០ភាគរយពីក្នុងកុំព្យូទ័ររបស់ក្រុមហ៊ុន (ពីម៉ាស៊ីនមេ និងម៉ាស៊ីនរបស់បុគ្គលិក) ហើយដែលក្រោយមកត្រូវបានបញ្ចេញដោយ WikiLeaks។

ក្នុងពេលនោះ រដ្ឋាភិបាលអាមេរិកបាននិយាយថា ខ្លួនបានរកឃើញប្រភពនៃការវាយប្រហារចេញមកពីកូរ៉េខាងជើង ដោយមិនបានបញ្ចេញឈ្មោះរបស់ហេគឃ័រឡើយ។

ក្នងពេលនេះ មន្រ្តីរដ្ឋាភិបាលចំនួនបីរូបដែលស្និតនឹងបញ្ហានេះបាននិយាយថា ក្រសួងយុត្តិធម៌អាមេរិកមានផែនការក្នុងការប្រកាសជាសាធារណៈ ចោទប្រកាន់ទៅលើឈ្មោះ Park Jin Hyok ឬ Pak Jin Hek ដែលមានការពាក់ព័ន្ធជាមួយនឹងក្រុម Lazarus Group ផងដែរ។​​

Lazarus Group គឺជាក្រុមអ្នកវាយប្រហារ ឬចោរបច្ចេកវិទ្យាដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង ហើយដែលជាប់ពាក់ព័ន្ធទៅនឹងករណីធំៗមួយចំនួនដូចជា ការព្យាយាមលួចលុយ $1Billion ពីធនាគារ Bangladesk នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ទាក់ទងទៅនឹង WannaCry ransomware ។

លោក Hyok ធ្វើការនៅក្នុងប្រទេសចិនចាប់ពីឆ្នាំ២០១១ រហូតទៅដល់ឆ្នាំ២០១៣ ប៉ុន្តែបានត្រលប់ទៅធ្វើការនៅក្នុងកូរ៉េខាងជើងវិញមុនពេលដែលមានការវាយប្រហារទៅលើក្រុមហ៊ុន Sony Pictures ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤។ ការចេញដីការចាប់ខ្លួនគាត់ត្រូវបានចេញនៅក្នុងខែមិថុនា ២០១៨ ប៉ុន្តែទើបតែធ្វើការបញ្ចេញនាប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ៕

Park Jin Hyok Charges by on Scribd

Exit mobile version