អត្ថបទទី ៣៖ ការគ្រប់គ្រងសិទ្ធិកម្មវិធី (App Permissions) – ហេតុអ្វីកម្មវិធីពិលទូរស័ព្ទ សុំចូលមើលរូបថត និងទីតាំងរបស់អ្នក?

រយៈពេលអាន៖ ២ នាទី | កម្រិតយល់ដឹង៖ មូលដ្ឋានគ្រឹះ

តើអ្នកដឹងទេ? កម្មវិធីពិល (Flashlight) ដែលអ្នកប្រើរាល់ថ្ងៃ អាចកំពុងលួចមើលរូបថត និងតាមដានទីតាំងរបស់អ្នក… ដោយអ្នកផ្ទាល់ជាអ្នកអនុញ្ញាតឱ្យវាធ្វើកិច្ចការនេះ!

នៅក្នុង អត្ថបទទី ២ យើងបានជួយអ្នកចាក់សោទូរស័ព្ទ (ទ្វារផ្ទះ) ឱ្យជិតល្អ ការពារពីអ្នកខាងក្រៅ។ ប៉ុន្តែ តើនឹងមានប្រយោជន៍អ្វី បើអ្នកផ្ទាល់ជាអ្នកបើកទ្វារឱ្យ “ចោរ” ចូលមកក្នុងផ្ទះដោយមិនដឹងខ្លួន?

នៅក្នុងអត្ថបទេនះ យើងនឹងនិយាយអំពី សិទ្ធិអនុញ្ញាតរបស់កម្មវិធី (App Permissions) — គឺសារដែលលោតឡើងសុំសិទ្ធិចូលមើលទិន្នន័យ រាល់ពេលដែលអ្នកដំឡើងកម្មវិធីថ្មី។

. គ្រោះថ្នាក់៖ ការលួចទិន្នន័យ “ដោយអ្នកខ្លួនឯងជាអ្នកអនុញ្ញាតដោយផ្ទាល់”
ពេលអ្នកដំឡើងកម្មវិធីថ្មី (ឧទាហរណ៍៖ កម្មវិធីកាត់តរូបថត, ហ្គេម ឬកម្មវិធីពិល) វាតែងតែលោតផ្ទាំងមួយសួរថា៖
“Allow [App Name] to access your location, contacts, and microphone?”
(តើអនុញ្ញាតឱ្យកម្មវិធីនេះចូលមើលទីតាំង លេខទូរស័ព្ទ និងមីក្រូហ្វូនរបស់អ្នកដែរឬទេ?)មនុស្សភាគច្រើនចុចពាក្យ “Allow” (អនុញ្ញាត) យ៉ាងលឿនដោយមិនបានអាន ព្រោះចង់ប្រញាប់ប្រើ។ ដូច្នេះត្រង់នេះហើយ ជាកន្លែងចាប់ផ្តើមដែលគ្រោះថ្នាក់។

តើត្រង់ណាជាបញ្ហា?

ការពិតដែលគួរឱ្យព្រួយបារម្ភ៖ កម្មវិធីឥតគិតថ្លៃ (Free Apps) ខ្លះ ត្រូវបានបង្កើតឡើងដើម្បីលួចប្រមូលទិន្នន័យរបស់អ្នក (ដូចជាថតសំឡេងលួចលាក់ ឬប្រមូលលេខទូរស័ព្ទមិត្តភក្តិអ្នក) យកទៅលក់ ឬប្រើដើម្បីឆបោកបន្ត។

ដំណោះស្រាយ៖ ផ្តល់សិទ្ធិត្រឹមតែអ្វីដែលចាំបាច់
អ្នកមានសិទ្ធិពេញលេញក្នុងការ “បិទ” ការអនុញ្ញាតទាំងនេះ ដោយកម្មវិធីនៅតែដំណើរការធម្មតា មិនខូចឡើយ។

គោលការណ៍មាសក្នុងការការពារខ្លួន៖ បើវាមិនចាំបាច់ កុំអនុញ្ញាតឱ្យសោះ!

ហើយសម្រាប់ទីតាំង និងកាមេរ៉ា សូមជ្រើសរើស “While using the app” (អនុញ្ញាតតែពេលកំពុងប្រើ) ជំនួសឱ្យ “Always” (អនុញ្ញាតគ្រប់ពេល ទោះបិទកម្មវិធីហើយក៏ដោយ)។

សកម្មភាពប្រចាំថ្ងៃរបស់អ្នក (Action Item)៖
ចំណាយពេលត្រឹម ២នាទីថ្ងៃនេះ ដើម្បីឆែកថាតើមានកម្មវិធីចម្លែកណាខ្លះកំពុងលួចស្តាប់ ឬមើលទីតាំងអ្នក៖

សម្រាប់ទូរស័ព្ទ Android៖

  1. ចូលទៅ Settings ➡️ Apps (ផ្ទាំងគ្រប់គ្រងកម្មវិធី)
  2. ចុចលើ Permission manager (អ្នកគ្រប់គ្រងការអនុញ្ញាត)
  3. ឆែកមើល Camera, Microphone, និង Location។ បើឃើញកម្មវិធីណាមិនគួរមានសិទ្ធិទាំងនេះ ចុចលើវា រួចប្តូរទៅ Don’t allow (មិនអនុញ្ញាត)។

សម្រាប់ទូរស័ព្ទ iPhone៖

  1. ចូលទៅ Settings ➡️ អូសចុះក្រោមរក Privacy & Security (ឯកជនភាព និងសុវត្ថិភាព)
  2. ឆែកមើលម្ដងមួយៗលើ Location Services, Microphone, និង Camera។
  3. បិទ (Turn off) កម្មវិធីណាដែលអ្នកគិតថាមិនចាំបាច់ត្រូវការមុខងារទាំងនេះ។

សំណួរប្រចាំថ្ងៃ៖
ពេលឆែកអម្បាញ់មិញ តើអ្នកប្រទះឃើញកម្មវិធីចម្លែកណា ដែលលួចសុំសិទ្ធិប្រើទីតាំង ឬកាមេរ៉ារបស់អ្នកដោយមិនដឹងខ្លួនដែរឬទេ?

កុំទុកឱ្យ “ចោរ” លាក់ខ្លួននៅក្នុងទូរស័ព្ទរបស់អ្នកថែមទៀត! ឆែកឥឡូវនេះ ត្រឹម ២ នាទីប៉ុណ្ណោះ 

បើអត្ថបទនេះមានប្រយោជន៍ សូម Share ទៅឪពុកម្តាយ បងប្អូន និងមិត្តភក្តិ ដើម្បីឱ្យពួកគាត់ការពារ ខ្លួនបានដែរ។

រង់ចាំតាមដាន អត្ថបទទី ៤ ដែលយើងនឹងនិយាយអំពី “គ្រោះថ្នាក់នៃការដំឡើងកម្មវិធីក្រៅប្រព័ន្ធ (APKs)” — ហេតុអ្វីការទាញយកកម្មវិធីក្រៅពី Play Store ឬ App Store អាចជាការបើកឱកាសឱ្យមេរោគចូលមកក្នុងទូរស័ព្ទរបស់អ្នកដោយផ្ទាល់?

Exit mobile version